នាវាផ្ទុកយន្តហោះ Type-003 កំពុងត្រូវបានដំឡើងទីបញ្ជាការ ហើយវាមានទំហំតូចជាងបន្តិច បើធៀបនឹងនាវាផ្ទុកយន្តហោះចម្បាំងថ្នាក់ Ford របស់ សហរដ្ឋអាមេរិក។
រូបថតស្ដីអំពី Type-003 របស់ប្រទេសចិន នៅក្នុងរោងចក្រ Jiangnan Shipyard ដែលត្រូវបានបង្ហោះលើបណ្ដាញសង្គមកាលពីថ្ងៃទី 6 កក្កដា បង្ហាញថា នាវាផ្ទុកយន្តហោះចម្បាំងនេះ កំពុងត្រូវបានដំឡើងបញ្ជាការដ្ឋាន។ Type-003 គឺជានាវាផ្ទុកយន្តហោះចម្បាំងធំជាងគេលំដាប់ទីពីរក្នុងពិភពលោក បន្ទាប់ពី Ford របស់កងទ័ពជើងទឹក សហរដ្ឋអាមេរិក។
រូបភាពដែលថតបានដោយផ្កាយរណប Kompsat កាលពីថ្ងៃទី 22 ខែមិថុនា បង្ហាញថា Type-003 មានបណ្ដោយប្រវែងប្រហែល 320 ម៉ែត្រ ខ្លីជាង 13 ម៉ែត្រ ធៀបនឹងនាវាថ្នាក់ Ford របស់ អាមេរិក។
ទីលានសម្រាប់យន្តហោះចុះចតនៅលើ Type-003 មានទទឹងប្រហែល 73 ម៉ែត្រ ខ្លីជាងនាវាថ្នាក់ Ford និងប្រហាក់ប្រហែលនឹងនាវា Liaoning និង Shandong របស់ចិន។
តាមផែនការ Type-003 នឹងត្រូវបានបំពាក់ប្រព័ន្ធម៉ាស៊ីនបាញ់បង្ហោះ (EMALS) ដែលអនុញ្ញាតឱ្យយន្តហោះចម្បាំងដែលហោះចេញពីនាវានេះ នាំយកអាវុធ និងឥន្ធនៈច្រើនជាងការប្រើប្រាស់ស្ពានសម្រាប់ហោះឡើងដូចនៅលើនាវា Liaoning និង Shandong។ Type-003 នឹងមានប្រព័ន្ធ EMALS ចំនួនពីរនៅផ្នែកខាងមុខ និងមួយទៀតនៅកណ្ដាលនាវា ដែលចំនួននេះ តិចជាងមួយប្រព័ន្ធ បើធៀបនឹងនាវាថ្នាក់ Ford និង Nimitz។
ផ្ទៃក្រឡានៃទីលានចុះចតរបស់នាវាផ្ទុកយន្តហោះ Type-003 ប្រហាក់ប្រហែលនឹង 19,500 ម៉ែត្រការ៉េ ធំជាងបន្តិច ធៀបនឹងប្រព័ន្ធរបស់ Ford នៃសហរដ្ឋអាមេរិក។
បញ្ជាការដ្ឋានរបស់ Type-003 ទំនងជាទាបជាងបន្តិច បើធៀបនឹងនាវា Liaoning និង Shandong។ ទីបញ្ជាការរបស់ Type-003 ត្រូវបានដាក់នៅកណ្ដាលនាវា ខុសពីនាវាផ្ទុកយន្តហោះថ្នាក់ Ford ដែលត្រូវបានដាក់នៅផ្នែកខាងក្រោយបន្តិច៕
ប្រភព៖ Naval News
ប្រែសម្រួល៖ បុត្រា