ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា «រូបមន្តធ្វើការ 4 ថ្ងៃ ក្នុង 1 សប្ដាហ៍ នៅប្រទេស អ៊ីស្លង់ ទទួលបាន «ជោគជ័យយ៉ាងត្រចះត្រចង់» ក្រោយការសាកល្បងរយៈពេល 4 ឆ្នាំ។
ការសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្រនៃសមាគមដើម្បីប្រជាធិបតេយ្យប្រកបដោយនិរន្តរភាព (Association for Sustainability and Democracy / Alda) ប្រចាំប្រទេស អ៊ីស្លង់ និងអង្គការប្រឹក្សាគោលនយោបាយ Autonomy របស់ អង់គ្លេស នេះ ត្រូវបានធ្វើឡើងចាប់ពីឆ្នាំ 2015 ដល់ឆ្នាំ 2019។
កម្មវិធីសាកល្បងខាងលើ ត្រូវបានធ្វើឡើងចំពោះពលករ / កម្មករ ចំនួន 2.500 នាក់ ដែលប្រហាក់ប្រហែលនឹង 1% បើធៀបនឹងចំនួនប្រជាជនពេញវ័យសរុបនៅប្រទេស អ៊ីស្លង់។ ក្នុងកម្មវិធីនេះ ពលករត្រូវបានអនុញ្ញាតឱ្យធ្វើការតែ 4 ថ្ងៃប៉ុណ្ណោះ ក្នុង 1 សប្ដាហ៍ តែទទួលបានប្រាក់ខែពេញលេញដដែល។
នៅក្នុងសេចក្ដីប្រកាសកាលពីថ្ងៃទី 4 ខែកក្កដា Will Strong ដែលជានាយកផ្នែកស្រាវជ្រាវ របស់ Autonomy បានឱ្យដឹងថា ៖ «ការសិក្សាបានបង្ហាញថា វិស័យការងារសាធារណៈ (ការងាររដ្ឋ) មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលអាចនាំមុខគេ នៅក្នុងការធ្វើការ 4 ថ្ងៃ ក្នុង 1 សប្ដាហ៍»។
កម្លាំងពលកម្មដែលបានចូលរួមក្នុងការសាកល្បងខាងលើ ធ្វើការចាប់ពី 35 ដល់ 36 ម៉ោង ក្នុង 1 សប្ដាហ៍។ Alda បានអះអាងថា ជីវភាពរស់នៅរបស់ពលករ ត្រូវបានកែលម្អមួយភាគធំ នៅគ្រប់ស្ថានភាព រាប់ចាប់ពីការប្រឈមនឹងសម្ពាធនានា រហូតដល់សុខភាព ការហត់នឿយ និងតុល្យភាពរវាងការងារ និងជីវិតប្រចាំថ្ងៃ ខណៈដែលការងារដែលជាតួនាទីរបស់ពួកគេ នៅតែត្រូវបានធានាដដែល ហើយក៏មានការរីកចម្រើនខ្លាំងនៅក្នុងបរិស្ថាននៃការងារមួយចំនួនផងដែរ។
កម្មវិធីសាកល្បងដែលមានរយៈពេល 5 ឆ្នាំនេះ ត្រូវបានផ្ដួចផ្ដើមដោយក្រុមប្រឹក្សាភិបាលនៃទីក្រុង Reykjavik និងរដ្ឋាភិបាល អ៊ីស្លង់ បន្ទាប់ពីមានការអំពាវនាវពីសំណាក់ក្រុមសហជីព និងបណ្ដាអង្គការសង្គមស៊ីវិល។
របាយការណ៍របស់ Alda និង Autonomy បានរៀបរាប់ថា លទ្ធផលនៃការសិក្សាស្រាវជ្រាវរយៈពេលច្រើនឆ្នាំកន្លងទៅនេះ គឺជា «គំរូ» សម្រាប់ការសាកល្បងផ្សេងៗទៀតនាពេលខាងមុខ៕
ប្រភព ៖ CBS
ប្រែសម្រួល ៖ បុត្រា