សាកសពរបស់យន្តហោះដឹកទំនិញ C-130H របស់កងទ័ព ហ្វីលីពីន ឆាបឆេះយ៉ាងសន្ធោសន្ធៅអស់ជាច្រើនម៉ោង បន្ទាប់ពីបានធ្លាក់ ខណៈដែលកម្លាំងជួយសង្គ្រោះ រួមនឹងប្រជាជនក្នុងតំបន់ នាំគ្នារកវិធីចូលទៅជួយជនរងគ្រោះ។
អណ្ដាតភ្លើងឆាបឆេះចេញពីយន្តហោះដឹកទំនិញ C-130H ដែលមានស្លាកលេខ 5125 របស់ទ័ពអាកាសនៃប្រទេស ហ្វីលីពីន ក្រោយពីបានធ្លាក់នៅលើកោះ Jojo នៃខេត្ត Sulu កាលពីថ្ងៃទី4 ខែកក្កដា។
ក្នុងចំណោមជនរងគ្រោះចំនួន 96នាក់នៅលើយន្តហោះ ភាគច្រើនគឺជាទាហានដែលទើបបញ្ចប់វគ្គបណ្ដុះបណ្ដាលថ្នាក់មូលដ្ឋាន និងត្រូវបញ្ជូនទៅកាន់កោះខាងលើ ដើម្បីចូលរួមជាមួយកងកម្លាំងប្រឆាំងភេរវកម្មនៅទីនោះ។
ផ្សែងខ្មៅខ្មួល ហុយទ្រលោមចេញពីទីតាំងដែលយន្តហោះ C-130H ធ្លាក់ ស្ថិតនៅក្បែរផ្ទះជាច្រើនខ្នង ក្នុងភូមិមួយ នៃទីរួមស្រុក Patikul លើកោះ Jojo។
សាក្សីម្នាក់ ឈ្មោះ Almar Hajiraini Aki បានឱ្យដឹងថា យន្តហោះនេះបានធ្លាក់ក្បែរផ្ទះ ចម្ងាយប្រហែល 20ម៉ែត្រ។ Almar Hajiraini Aki និងមិត្តភក្ដិ បាននាំគ្នាទៅកាន់កន្លែងកើតហេតុ ប៉ុន្តែ មិនអាចចូលទៅក្បែរបាន ដោយសារតែគ្រាប់រំសេវក្នុងយន្តហោះ ផ្ទុះជាបន្តបន្ទាប់ ខណៈភ្លើងកំពុងឆាបឆេះ។
ក្រុមទាហានរបស់ ហ្វីលីពីន ក៏បានបង្ហាញវត្តមាននៅកន្លែងកើតហេតុ ដើម្បីចូលរួមស្វែងរក ជួយសង្គ្រោះ និងការពារសន្តិសុខ។
អ្នកស្រុក កំពុងជួយសង្គ្រោះជនរងគ្រោះនៃឧបទ្ទវហេតុធ្លាក់យន្តហោះ C-130H។
កងកម្លាំងពិសេស Sulu (JTFS) នៃកងទ័ព ហ្វីលីពីន ឱ្យដឹងថា «ទាហានជាច្រើនរូប បានលោតចេញពីយន្តហោះ មុនពេលវាដាំក្បាលចុះដី» ប៉ុន្តែ មិនទាន់ដឹងច្បាស់ថា ពួកគេនៅមានជីវិត ឬយ៉ាងណានៅឡើយ។
ឧត្តមសេនី Cirilito Sobejana អគ្គមេបញ្ជាកងទ័ពរបស់ ហ្វីលីពីន បានឱ្យដឹងថា C-130H ត្រៀមចុះចតលើកោះ Jojo ហើយក៏បានហោះខុសផ្លូវចុះចត។ អ្នកបើកបរ បានព្យាយាមបង្កើនល្បឿនហោះហើរ ប៉ុន្តែ មិនបានសម្រេច។
C-130H ដែលមានស្លាកលេខសម្គាល់ 5125 បានហោះហើរលើកដំបូងកាលពីឆ្នាំ 1988។ នេះគឺជាយន្តហោះមួយគ្រឿង ក្នុងចំណោម 2គ្រឿង ដែលសហរដ្ឋអាមេរិក បានប្រគល់ឱ្យ ហ្វីលីពីន កាលពីដើមឆ្នាំ 2021 នេះ៕
ប្រភព៖ Reuters, Rappler
ប្រែសម្រួល៖ បុត្រា