អ្នកចូលចិត្តវិស័យតារាសាស្ត្រ នឹងមានឱកាសទស្សនា «ព្រះចន្ទយក្ស» (ព្រះចន្ទធំជាងធម្មតា) ទីបី និងជាបាតុភូតព្រះចន្ទយក្សចុងក្រោយ នៃឆ្នាំ2021 ដែលនឹងកើតឡើងនៅវេលាទៀបភ្លឺ ថ្ងៃទី25 ខែមិថុនាខាងមុខ។
យោងតាមក្រុមអ្នកវិទ្យាសាស្ត្រ ព្រះចន្ទពេញវង់ កើតឡើងដំណាលគ្នានឹងបាតុភូត «ព្រះចន្ទយក្ស» នឹងធ្វើឱ្យពន្លឺរបស់វា ភ្លឺខ្លាំងបំផុតនៅវេលាម៉ោងប្រហែល 1និង34នាទី ទៀបភ្លឺ ថ្ងៃទី25 ខែមិថុនា (ម៉ោងនៅភ្នំពេញ)។ ព្រះចន្ទពេញវង់លើកនេះ នឹងមានរយៈពេលប្រហែល 3ថ្ងៃ ចាប់ពីថ្ងៃទី24 មិថុនា ដល់ថ្ងៃទី26 មិថុនាឆ្នាំ2021។ ក្រោយព្រឹត្តិការណ៍ «ព្រះចន្ទយក្ស» លើកនេះ អ្នកចូលចិត្តវិស័យតារាសាស្ត្រ នឹងត្រូវរង់ចាំដល់ឆ្នាំ2022 ទើបមានឱកាសគយគន់ «ព្រះចន្ទយក្ស»បន្ទាប់។
បាតុភូតព្រះចន្ទពេញវង់ កើតឡើងនៅពេលព្រះចន្ទ និងផែនដី ស្ថិតនៅក្នុងទីតាំងដែលបែរទៅរកព្រះអាទិត្យ នាំឱ្យផ្ទៃរបស់ព្រះចន្ទ ទទួលបានពន្លឺច្រើនបំផុតពីព្រះអាទិត្យ។ ចំណែក បាតុភូត «ព្រះចន្ទយក្ស» វិញ គឺ កើតឡើងនៅពេលព្រះចន្ទពេញវង់ ស្ថិតក្នុងគន្លងគោចរដែលជិតផែនដីបំផុត។ នៅលើផ្ទៃមេឃ «ព្រះចន្ទយក្ស» នឹងមានរូបរាងធំជាង និងភ្លឺជាងបន្តិច បើធៀបនឹងព្រះចន្ទពេញវង់ធម្មតាម។
មុននេះ អ្នកស្រលាញ់វិស័យតារាសាស្ត្រ មានឱកាសគយគន់បាតុភូត «ព្រះចន្ទលោហិតយក្ស» កាលពីថ្ងៃទី26 ខែឧសភា ដែលជាបាតុភូត «ព្រះចន្ទយក្ស» ទីពីរ និងជាបាតុភូតចម្លែក គួរចាប់អារម្មណ៍ជាងគេក្នុងឆ្នាំ2021។ បាតុភូតនេះ កើតឡើងដំណាលគ្នានឹងបាតុភូតចន្ទគ្រាសទាំងស្រុង នាំឱ្យព្រះចន្ទ មិនត្រឹមតែធំជាងធម្មតា 14% នោះទេ តែក៏ប្រែទៅជាពណ៌ក្រហមទុំដូចឈាម ទើបគេហៅថា «ព្រះចន្ទលោហិត»។ ចំណែក បាតុភូត «ព្រះចន្ទយក្ស» លើកទីមួយ នៃឆ្នាំ2021 បានកើតឡើងកាលពីថ្ងៃទី26 ខែមេសា៕
ប្រភព៖ Sun
ប្រែសម្រួល៖ បុត្រា