បន្ទប់ស្នូល Tianhe ត្រូវបានរចនាឡើង ដើម្បីនាំមកនូវផាសុកភាពជាអតិបរមា សម្រាប់ក្រុមអ្នកអវកាស ដែលរស់នៅ និងធ្វើការរយៈពេល 3ខែ។
បន្ទប់ស្នូល Tianhe របស់ស្ថានីយអវកាស Tiangong មានកន្លែងសម្រាប់រស់នៅដែលមានទំហំ 110 ម៉ែត្រគូប ធំជាងឆ្ងាយបើធៀបនឹងបន្ទប់ពិសោធន៍អវកាស Tiangong 1 របស់ចិន (ឈប់ដំណើរការកាលពីឆ្នាំ2018) ដែលមានទំហំត្រឹមតែ 15 ម៉ែត្រគូប។
យោងតាម People’s Daily បន្ទប់ស្នូល Tianhe មានបន្ទប់គេងចំនួន3 និងបន្ទប់ងូតទឹកចំនួន1 រួមនឹងម៉ាស៊ីនដើរហាត់ប្រាណមួយគ្រឿង និងកង់មួយគ្រឿង សម្រាប់ពង្រឹងសុខភាពរបស់អ្នកអវកាស។ ចំណែកបន្ទប់ហូបចុកវិញ រួមមាន ចង្ក្រាន ទូយោទឹក ឧបករណ៍សម្រាប់កម្ដៅ និងក្លាសេអាហារ ក៏ដូចជាតុអាហារ។ ក្នុងបន្ទប់ហូបចុកនេះ មានអាហារជាង 120 មុខ ដែលអាចទុកបានយូរ។
អវកាសចរម្នាក់ៗ មានឧបករណ៍បញ្ជាមួយក្នុងដៃ ដែលមានអមដោយកម្មវិធីគ្រប់គ្រងអំពូលភ្លើងក្នុងបន្ទប់ស្នូលទាំងមូល។ នៅពេលងូតទឹក អ្នកអវកាសនឹងប្រើក្បាលទូយោបាញ់ទឹកដែលមានកម្លាំងខ្លាំង។ ដើម្បីដេក ពួកគេត្រូវប្រើថង់សម្រាប់ដេក ដែលអាចដេកដូចមនុស្សនៅលើផែនដី ជំនួសការដេកបែបឈរ បែបជាអ្នកអវកាស។
ក្រៅពីបេសកកម្មអវកាស ពួកគេត្រូវហ្វឹកហាត់ក្នុងការកាត់សក់ឱ្យគ្នាផងដែរ។ ដោយសារសរសៃសក់ អណ្ដែតពាសពេញក្នុងបន្ទប់នៃស្ថានីយអវកាស ព្រោះតែស្ថិតក្នុងស្ថានភាពមិនមានទំនាញ ដូច្នេះ ពួកគេប្រើប្រាស់ឧបករណ៍ស្រូបពិសេស ដើម្បីប្រមូលយកសក់មកដាក់មួយកន្លែង។
បន្ទប់ស្នូលក្នុងស្ថានីយអវកាសនេះ មានបំពាក់ឧបករណ៍បញ្ចេញរលក Wi-Fi ដើម្បីជួយឱ្យក្រុមអ្នកអវកាស រក្សាទំនាក់ទំនងនឹងគ្នាបានគ្រប់ពេល។ ពួកគេក៏ប្រើប្រាស់កាស ដើម្បីទាក់ទងគ្នា ទាំងនៅក្នុងស្ថានីយអវកាស ទាំងការទាក់ទងមកកាន់ទីបញ្ជាការនៅលើផែនដី។ អ្នកអវកាសក៏មានប៉ូស្តិ៍ដោយឡែកផ្ទាល់ខ្លួន ដើម្បីហៅទៅកាន់គ្រួសាររបស់ពួកគេផងដែរ៕
ប្រភព៖ SCMP
ប្រែសម្រួល៖ បុត្រា