រថយន្តប្រហែល 15គ្រឿង បានបុកបន្តកន្ទុយគ្នានៅលើដងផ្លូវមួយ នៅពេលសម្ពាធទាបកំពុងកើតមាននៅក្នុងរដ្ឋ Alabama បណ្ដាលឱ្យមនុស្ស 10នាក់បាត់បង់ជីវិត ក្នុងនោះមានក្មេងតូចចំនួន 9នាក់។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅលើផ្លូវ I-65 នៅក្នុងស្រុក Butler កាលពីថ្ងៃទី19 ខែមិថុនា ដោយសារតែមានភ្លៀងធំដែលកើតពីសម្ពាធទាប ក្រោយពីមានព្យុះ Claudette ក្នុងរដ្ឋ Alabama។
មេឃភ្លៀង ធ្វើឱ្យផ្លូវប្រែជារអិល ត្រូវបានគេចាត់ទុកថាជាមូលហេតុដែលនាំឱ្យរថយន្តជួបគ្រោះថ្នាក់ចរាចរណ៍នេះ។ ក្នុងគ្រោះថ្នាក់នេះ ក៏មានរថយន្តជាច្រើនគ្រឿង ត្រូវផ្ទុះឆេះផងដែរ។
ការិយាល័យរបស់អធិការប៉ូលិសស្រុក Butler បានបង្ហោះសារនៅលើ Facebook ថា នេះគឺជាករណីគ្រោះថ្នាក់ចរាចរណ៍មួយដ៏អាក្រក់បំផុតនៅក្នុងស្រុកនេះ។
គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី20 ខែមិថុនា ប្រកាសថា បានបញ្ជូនអ្នកជំនាញមួយក្រុមដែលមានសមាជិក 10នាក់ ទៅកាន់កន្លែងកើតហេតុ ដើម្បីស៊ើបអង្កេតលើហេតុការណ៍នេះ៕
ប្រភព៖ NBC, CNN
ប្រែសម្រួល៖ បុត្រា