ទំនិញជាច្រើនមុខ ដូចជា ដំឡូងបារាំង ម្សៅមី កាហ្វេ និងតែជាដើម បានឡើងថ្លៃខ្ពស់ជ្រុល នៅពេល កូរ៉េខាងជើង កំពុងធ្លាក់ទៅក្នុងស្ថានភាពខ្វះស្បៀងអាហារ។
នៅក្នុងកិច្ចប្រជុំគណៈកម្មធិការប្រតិបត្តិ នៃគណបក្សពលករកូរ៉េខាងជើង កាលពីថ្ងៃទី15 ខែមិថុនា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un បានឱ្យដឹងថា ស្ថានភាពស្បៀងអាហារនៅប្រទេសនេះ កំពុងក្លាយជាបញ្ហាគួរឱ្យព្រួយបារម្ភ ដោយសារតែ វិស័យកសិកម្មទទួលបរាជ័យក្នុងការបង្កបង្កើនផលធញ្ញជាតិ ព្រោះតែព្យុះកាលពីឆ្នាំទៅ។
ការផ្លាស់ប្ដូរប្រភពផ្គត់ផ្គង់អាហារក្នុងប្រទេស ដោយការនាំចូលពីបរទេស អាចនឹងមានការលំបាក ដោយសារតែព្រំដែន ហាក់ដូចនៅតែត្រូវបានបិទ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លង Covid-19។ នៅរដ្ឋធានីព្យុងយ៉ាង តម្លៃទំនិញសំខាន់ៗមួយចំនួន បានកើនឡើងយ៉ាងខ្ពស់។ ក្រុមអ្នកជំនាញ បានឱ្យដឹងថា តម្លៃអង្ករ និងឥន្ធនៈ នៅមានលំនឹងល្អ ប៉ុន្តែ ដំឡូងបារាំង បានឡើងថ្លៃខ្ពស់ជាងមុន 3ដង នៅក្នុងផ្សារ Tongil ជាកន្លែងដែលពលរដ្ឋក្នុងស្រុក និងបរទេស អាចមកទិញទំនិញបាន។
តម្លៃរបស់ទំនិញសំខាន់ៗដែលត្រូវបាននាំចូល ដូចជា ស្ករ ប្រេងឆា និងម្សៅមីជាដើម ក៏បានកើនឡើងខ្ពស់។ អតិថិជនក្នុងស្រុក បង្ហើបឱ្យដឹងថា ទំនិញមិនចាំបាច់ជាច្រើន ដូចជា តែខ្មៅមួយកញ្ចប់ ត្រូវបានលក់ក្នុងតម្លៃប្រហែល 70ដុល្លារអាមេរិក ខណៈ កាហ្វេមួយកញ្ចប់ មានតម្លៃប្រហែលជាង 100ដុល្លារ។
លោក Kim Jong-un មិនបានលើកឡើងអំពីទំហំនៃការខ្វះស្បៀងអាហាររបស់ប្រទេសនេះ ប៉ុន្តែ អង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាជាតិ (FAO) ថ្មីៗនេះ បានបញ្ជាក់ថា កូរ៉េខាងជើង កំពុងខ្វះស្បៀងប្រមាណជា 860,000 តោន សម្រាប់រយៈពេល 2ខែ។
កូរ៉េខាងជើង មិនទាន់រកឃើញករណីវិជ្ជមាននឹង Covid-19 ណាមួយនៅឡើយ ប៉ុន្តែ ប្រទេសនេះនៅតែបន្តចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលយ៉ាងតឹងរ៉ឹង ក្នុងនោះ ក៏មានការបិទព្រំដែន និងកាត់បន្ថយការដើរហើរក្នុងប្រទេសផងដែរ៕
ប្រភព៖ CNN
ប្រែសម្រួល៖ បុត្រា