យន្តហោះចម្បាំងរបស់កងទ័ព អ៊ីស្រាអែល បានវាយប្រហារគោលដៅនានានៅតំបន់ ហ្គាហ្សា កាលពីយប់ថ្ងៃទី17 ខែមិថុនា និងទៀបភ្លឺថ្ងៃទី18 ខែមិថុនា បន្ទាប់ពីកងជីវពល ហាម៉ាស បន្តបង្ហោះប៉ោងប៉ោងមានធាតុគីមីបង្កអគ្គិភ័យ ចូលទឹកដីភាគខាងត្បូងរបស់ អ៊ីស្រាអែល។
«ក្នុងប៉ុន្មានថ្ងៃមកនេះ ប៉ោងប៉ោង ត្រូវបានគេបង្ហោះពី ហ្គាហ្សា ចូលទឹកដី អ៊ីស្រាអែល។ ឆ្លើយតបនឹងទង្វើនេះ យន្តហោះចម្បាំង បានវាយប្រហារលើតំបន់យោធា និងទីតាំងបាញ់រ៉ុក្កែតរបស់ក្រុមភេរវកម្ម ហាម៉ាស» កងទ័ពអ៊ីស្រាអែល ប្រកាសកាលពីពេលថ្មីៗនេះ។
តំបន់ដែលរងការវាយប្រហារពី អ៊ីស្រាអែល គឺ ទីក្រុង ហ្គាហ្សា និង ខាន យូនិស (Khan Yunis) នៅភាគខាងត្បូងនៃតំបន់ ហ្គាហ្សា ជាកន្លែងដែលមានប្រជាជនប្រមាណ 2លាននាក់កំពុងរស់នៅ។ អ្នកសារព័ត៌មានរបស់ AFP នៅទឹកដី ប៉ាលេស្ទីន ក៏បានឮសំឡេងផ្ទុះអាវុធនេះដែរ។
ក្រោយពីទទួលរងការវាយប្រហារ ក្រុមខ្មាន់កាំភ្លើង ហាម៉ាស ក៏បានប្រើប្រាស់កាំភ្លើងយន្តធុនធ្ងន់ បាញ់សំដៅទឹកដី អ៊ីស្រាអែល ខណៈដែលសំឡេងស៊ីរ៉ែនព្រមានអំពីការវាយប្រហារ លាន់ឮគួរឱ្យខ្លាច។
គិតមកដល់ថ្ងៃ17 ខែមិថុនា ក្រុមខ្មាន់កាំភ្លើង ប៉ាលេស្ទីន នៅ ហ្គាហ្សា បានបង្ហោះប៉ោងប៉ោងភ្ជាប់ធាតុបង្កអគ្គិភ័យ ចូលភាគខាងត្បូងនៃប្រទេស អ៊ីស្រាអែល ចំនួន 3ថ្ងៃជាប់ៗគ្នា។ នេះបើតាមក្រុមពន្លត់អគ្គិភ័យ អ៊ីស្រាអែល ដែលកំពុងពន្លត់ភ្លើងនៅកន្លែងកើតហេតុ។ ក្រោយការបង្ហោះប៉ោងប៉ោង ទីតាំងរបស់ ហាម៉ាស នៅ ហ្គាហ្សា មួយចំនួន តែងតែទទួលរងការវាយប្រហារពីយន្តហោះចម្បាំងរបស់ អ៊ីស្រាអែល។
នេះគឺជាលើកទីពីរហើយ ដែល អ៊ីស្រាអែល វាយប្រហារតាមអាកាសលើតំបន់ ហ្គាហ្សា រាប់ចាប់ពីមានកិច្ចព្រមព្រៀងថ្ងៃទី21 ខែឧសភា បញ្ចប់សង្គ្រាម 11ថ្ងៃ ដែលបានសម្លាប់ជនជាតិ ប៉ាលេស្ទីន 260នាក់ និងជនជាតិ អ៊ីស្រាអែល ចំនួន 13នាក់។
កងទ័ព អ៊ីស្រាអែល កាលពីម្សិលមិញ បានចេញបទបញ្ជាឱ្យបង្កើនការប្រុងជើងការ សម្រាប់គ្រប់កាលៈទេសៈ រួមទាំងការធ្វើសង្គ្រាមជាថ្មីផងដែរ៕
ប្រភព៖ AFP
ប្រែសម្រួល៖ បុត្រា