Skip to content

(វីដេអូ)-ទិដ្ឋភាព​ច្របូកច្របល់ នៅក្នុង​ជំនួប​កំពូល​ដំបូង​របស់ Biden និង Putin

ទិដ្ឋភាព​បើក​កិច្ចប្រជុំ​កំពូល Biden – Putin នៅ​ទីក្រុង ហ្សឺ​ណែវ ប្រទេស ស្វី​ស បាន​ប្រែជា​ច្របូកច្របល់ នៅពេល​ក្រុម​អ្នកយកព័ត៌មាន និង​ក្រុម​សន្តិសុខ​របស់ រុស្ស៊ី រុញច្រាន​គ្នា​នៅក្នុង​បន្ទប់​ប្រជុំ។

នៅពេល​ប្រធានាធិបតី សហរដ្ឋអាមេរិក Joe Biden និង​ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin ត្រៀមខ្លួន​សម្រាប់​កិច្ចប្រជុំ​កំពូល​ដំបូង នា​វិមាន Villa la Grange កាលពី​ថ្ងៃទី16 ខែមិថុនា គេ​ឃើញ​ក្រុម​អ្នកយកព័ត៌មាន និង​ក្រុម​សន្តិសុខ រុញច្រាន និង​ស្រែក​ដាក់គ្នា ប្រកបដោយ​ភាព​តានតឹង។

ក្រោយមក​មិនយូរប៉ុន្មាន សន្តិសុខ​របស់ រុស្ស៊ី ក៏បាន​បន្តឹង​ខ្សែ​ពណ៌​ក្រហម​ដើម្បី​រារាំង​ក្រុម​អ្នកសារព័ត៌មាន ចូល​ទៅជិត​ថ្នាក់ដឹកនាំ ដែល​កំពុង​ត្រៀមខ្លួន​ប្ដូរ​យោបល់​គ្នា។

នៅពេល​ស្ថានភាព​ច្របូកច្របល់​ខ្លាំង សន្តិសុខ​ក៏បាន​ស្រែក​ដាក់​អ្នកយកព័ត៌មាន ហើយ​ការ​រុញច្រាន​គ្នា​ក៏​ចាប់ផ្ដើម​កើតមាន ដើម្បី​កៀង​ពួកគេ​ចេញពី​បន្ទប់។ ក្រុម​អ្នកសារព័ត៌មាន និង​មន្ត្រី​សេត​វិមាន ក៏បាន​ស្រែក​ត្រលប់​មកវិញ ដោយ​ស្នើឱ្យ​ក្រុម​សន្តិសុខ ឈប់​ប៉ះ​ពួកគេ។ អ្នកយកព័ត៌មាន​ខ្លះ ត្រូវ​រុញច្រាន​ច្រើនដង និង​ស្ទើរតែ​ដួល​ទៀតផង។

Anita Kumar ដែលជា​អ្នកយកព័ត៌មាន នៃ​សេត​វិមាន របស់​កាសែត Politico ដែល​រាយការណ៍​អំពី​ជំនួប​កំពូល​នៅ​ទីក្រុង ហ្សឺ​ណែវ បាន​អធិប្បាយ​ថា ទិដ្ឋភាព​នេះ​គឺជា ករណី​អ្នកយកព័ត៌មាន «ច្របូកច្របល់​បំផុត» ដែល​នាង​ទើបតែ​បាន​ជួបប្រទះ​នៅក្នុង​ព្រឹត្តិការណ៍​ដែលមាន​វត្តមាន​ប្រធានាធិបតី ក្នុង​រយៈពេល 9ឆ្នាំ​មកនេះ។

«ប្រធានាធិបតី​ទាំងពីរ​រូប សុទ្ធតែ​យកចិត្តទុកដាក់​លើ​សក​ម្ម​ភាពច្របូកច្របល់រ​វាង​ក្រុម​សន្តិសុខ និង​ក្រុម​អ្នកយកព័ត៌មាន ដែល​នៅ​ចំពោះមុខ​ពួកគេ។ ពួកគេ​សម្ដែង​ការចាប់អារម្មណ៍​ចំពោះ​ទិដ្ឋភាព​នេះ។ មានពេលខ្លះ លោក Biden ថែមទាំង​ផ្អៀងខ្លួន និយាយ និង​ញញឹម​ជាមួយ​អ្នកបកប្រែ​ទៀតផង» Anita Kumar រៀបរាប់។

លោក Biden និង​លោក Putin ក្រោយមក​ក៏បាន​ចាប់ផ្ដើម​ពិភាក្សា​លើ​របៀប​វារ​នៃ​កិច្ចប្រជុំ​កំពូល​នេះ។ ប្រធានាធិបតី​ទាំងពីរ បានបញ្ចប់​កិច្ចប្រជុំ ក្រោយ​រយៈពេល 3.5ម៉ោង និង​បានធ្វើ​សន្និសីទ​សារព័ត៌មាន​ដាច់ដោយឡែក​ពីគ្នា៕

ប្រភព៖ Telegraph, Axios
ប្រែ​សម្រួល៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *