ខ្មាន់កាំភ្លើង ប៉ាលេស្ទីន បន្តបង្ហោះប៉ោងប៉ោងមានភ្ជាប់ជាតិផ្ទុះឆេះ ចេញពីតំបន់ ហ្គាហ្សា ចូលមកទឹកដី អ៊ីស្រាអែល ក្រោយពី អ៊ីស្រាអែល វាយប្រហារតាមអាកាស ដើម្បីឆ្លើយតបនឹងទង្វើបង្ហោះប៉ោងប៉ោងកាលពីប៉ុន្មានថ្ងៃមុន។
អ្នកនាំពាក្យរបស់កម្លាំងពន្លត់អគ្គិភ័យ អ៊ីស្រាអែល បានប្រាប់សារព័ត៌មាន AFP ថា ពួកគេកំពុងដោះស្រាយ «អគ្គិភ័យចំនួន4 កន្លែង ដែលកើតឡើងដោយសារប៉ោងប៉ោងហោះ ដែលត្រូវបានខ្មាន់កាំភ្លើង ប៉ាលេស្ទីន បង្ហោះពីតំបន់ ហ្គាហ្សា កាលពីថ្ងៃទី16 ខែមិថុនា»។ នេះគឺថ្ងៃទី2 ហើយ ដែលករណីអគ្គិភ័យបានកើតឡើងនៅលើទឹកដី អ៊ីស្រាអែល ដែលបង្កដោយប៉ោងប៉ោង បង្ហោះចេញពីតំបន់ ហ្គាហ្សា។
មុននេះ កងទ័ព អ៊ីស្រាអែល ឱ្យដឹងថា ដើម្បីសងសឹកនឹងប៉ោងប៉ោងបង្កអគ្គិភ័យកាលពីថ្ងៃទី15 ខែមិថុនា យន្តហោះចម្បាំងរបស់ពួកគេបានវាយប្រហារមូលដ្ឋានទ័ពនានារបស់ កងជីវពល ហាម៉ាស កាលពីថ្ងៃទី16 មិថុនា។ នេះគឺជាការវាយប្រហារតាមអាកាសដំបូងរបស់ អ៊ីស្រាអែល ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មី លោក Naftali Bennett និងជាការវាយប្រហារដំបូង រាប់ចាប់ពីមានបទឈប់បាញ់កាលពីថ្ងៃទី20 ខែឧសភា។ ពុំទាន់មានរបាយការណ៍អំពីការស្លាប់នោះទេ នៅក្នុងករណីនេះ។
នៅតំបន់ West Bank ស្ថានការណ៍ក៏ចាប់ផ្ដើមតានតឹងឡើងវិញ។ កងទ័ព អ៊ីស្រាអែល ក៏បានឱ្យដឹងថា ពួកគេបានបាញ់សម្លាប់ស្ត្រីជនជាតិ ប៉ាលេស្ទីន ម្នាក់ នៅពេលស្ត្រីនេះព្យាយាមបើករថយន្តបុកទាហាន និងក្រោយមក បានយកកាំបិត វាយប្រហារលើពួកគេ។
ភាពតានតឹងនៅតំបន់ យេរូសាឡឹមខាងកើត បានឡើងដល់ចំណុចកំពូលកាលពីខែមុន ក្រោយពីប៉ូលិស អ៊ីស្រាអែល ប៉ះទង្គិចជាមួយជនជាតិ ប៉ាលេស្ទីន នៅបរិវេណនៃវិហារអ៊ីស្លាម Al-Aqsa។ ការប៉ះទង្គិច បានក្លាយជាសង្គ្រាមដែលអូសបន្លាយពេល 11ថ្ងៃ រវាង កងជីវពល ហាម៉ាស និងកងទ័ព អ៊ីស្រាអែល បណ្ដាលឱ្យជនជាតិ ប៉ាលេស្ទីន ចំនួន 260នាក់ និងជនជាតិ អ៊ីស្រាអែល 13នាក់ បានស្លាប់។ សង្គ្រាម 11ថ្ងៃនោះ ក្រោយមកត្រូវបានបញ្ចប់កាលពីថ្ងៃទី21 ខែឧសភា ដោយមាន អេហ្សីប ជាអ្នកសម្របសម្រួល៕
ប្រភព៖ AFP
ប្រែសម្រួល៖ បុត្រា