Skip to content

រាប់ពាន់នាក់ សម្រុក​មករក​ត្បូង​ពេជ្រ​នៅក្នុង​ភូមិ​មួយ នៃ​ប្រទេស អាហ្វ្រិក​ខាងត្បូង បន្ទាប់ពី​មាន​គេ​រកឃើញ​ត្បូង​មានតម្លៃ

កាលពី​ថ្ងៃទី14 មិថុនា មនុស្ស​ប្រមាណ​ជាង 1,000នាក់ បាននាំគ្នា​សម្រុក​ទៅកាន់​ភូមិ KwaHlathi ខេត្ត KwaZulu-Natal នៃ​ប្រទេស អាហ្វ្រិក​ខាងត្បូង ដើម្បី​រុករក​ថ្ម​មានតម្លៃ ក្រោយពី​មាន​មុ​ស្សបាន​រកឃើញ​ដុំថ្ម​ចម្លែក នៅក្នុង​តំបន់​នេះ។

សារព័ត៌មាន​អង់គ្លេស Reuters បានឱ្យដឹងថា ពលរដ្ឋ​ស្ទើរ​គ្រប់​តំបន់ នៃ​ប្រទេស​នេះ បាន​សម្រុក​មកកាន់​ភូមិ​ខាងលើ ដោយ​សង្ឃឹមថា អាច​ជីក គាស់ រកឃើញ​ពេជ្រ បន្ទាប់ពី​មាន​បុរស​ម្នាក់​បាន​រកឃើញ​ត្បូង​មានតម្លៃ​នៅលើ​ដី​វាល​មួយកន្លែង​របស់​ភូមិ។ មនុស្ស​ជាច្រើន​ជឿថា នោះ​គឺជា​ត្បូង quartz។

បុរស​វ័យ 27ឆ្នាំ ម្នាក់ ឈ្មោះ Mendo Sabelo ដែល​គាស់​បាន​ត្បូង​ជាច្រើន​គ្រាប់ បាន​និយាយថា នេះ​គឺជា​កត្តា​ដែល​នឹង​ប្ដូរផ្លាស់​ជីវិត​របស់គាត់។ «ពេលទៅដល់​ផ្ទះ គ្រួសារ​ខ្ញុំ​ប្រាកដជា​សប្បាយ​ចិត្តខ្លាំង​ណាស់»។

Skhumbuzo Mbhele ជា​ពលរដ្ឋ​ម្នាក់ ដែល​កំពុង​គ្មាន​ការងារ​ធ្វើ ក៏​យល់ស្រប​ជាមួយនឹង Sabelo ៖ «ខ្ញុំ​មិនដែល​បានឃើញ ឬ​ប៉ះពាល់​ត្បូង​ពេជ្រ​ទាល់តែសោះ ក្នុង​ជីវិត។ នេះ​ជា​លើកទីមួយ​ហើយ ដែល​ខ្ញុំ​បាន​ប៉ះ​វា»។

ក្រសួង​គ្រប់គ្រង​រ៉ែ របស់ ប្រទេស អាហ្វ្រិក​ខាងត្បូង កាលពី​ថ្ងៃទី14 មិថុនា ឱ្យដឹងថា ក្រសួង​បាន​បញ្ជូន​អ្នកជំនាញ​មួយក្រុម ទៅកាន់​តែ​តាំង​កើតហេតុ ដើម្បី​យក​សំណាក​ថ្ម មក​ធ្វើ​ការពិសោធ។ ក្រសួង​នេះ​បាន​បញ្ជាក់ថា នឹង​ចេញ​របាយការណ៍​ផ្លូវការ​អំពី​ត្បូង​ចម្លែក​ទាំងនេះ នាពេល​ដ៏​ខ្លី​ខាងមុខ។

បើទោះជា​មិនទាន់មាន​របាយការណ៍​ច្បាស់លាស់​អំពី​ដុំថ្ម​ទាំងនេះ​ថា​ជា ត្បូង​មានតម្លៃ ឬ​អត់ ប៉ុន្តែ មនុស្ស​រាប់ពាន់នាក់ បាន និង​កំពុង​នាំគ្នា​មក​ស្វែងរក​ថ្ម​ចម្លែក​នេះ។ ម្នាក់ៗ សុទ្ធតែ​សង្ឃឹមថា នឹងមាន​សំណាង​រកឃើញ​ត្បូង​មួយ​គ្រាប់​នឹង​គេ។

មនុស្ស​មួយចំនួន បានដាក់​លក់​ត្បូង​ចម្លែក ក្នុងតម្លៃ​ចាប់ពី 7ដុល្លារ​អាមេរិក រហូតដល់​ជាង 20ដុល្លារ ក្នុង1គ្រាប់​តូច។

Fortune seekers are seen flocking to the village after pictures and videos were shared on social media showing people celebrating after finding what they believe to be diamonds, in the village of KwaHlathi outside Ladysmith, in KwaZulu-Natal province, South Africa, June 14, 2021. REUTERS/Siphiwe Sibeko

អាជ្ញាធរ​បានស្នើ​ឱ្យ​គ្រប់គ្នា ចាក​ចេញពី​ទីតាំង​នេះ ដើម្បី​ទុកឱ្យ​សមត្ថកិច្ច​ធ្វើការ​ពិនិត្យ និង​វិភាគ ខណៈដែល​មានការ​ព្រួយបារម្ភ​ថា ការឆ្លង​រាលដាល​នៃ​វីរុស​Covid-19 អាច​កើនឡើង​នៅពេលដែល​មនុស្សម្នា​ប្រមូលផ្ដុំ​គ្នាច្រើន​ដូច្នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *