Skip to content

ចិន​បញ្ជូន​ក្រុម​អវកាស​ចរ​ដំបូង ឡើងទៅ​កាន់​ស្ថានីយ​អវកាស​ថ្មី នៅ​ក្នុង​សប្ដាហ៍​នេះ

ទីភ្នាក់ងារ​អវកាស ចិន បានឱ្យដឹងថា ប្រទេស​នេះ​នឹង​នាំ​អ្នក​អវកាស​ដំបូង​ចំនួន 3នាក់ ឡើងទៅ​កាន់​បន្ទប់​ស្នូល​របស់​ស្ថានីយ​អវកាស​ថ្មី នៅ​ថ្ងៃទី17 ខែមិថុនា ឆ្នាំ2021។

លោក Ji Qiming ជំនួយការ​ប្រធាន​នៃ​ទីភ្នាក់ងារ​អវកាស​ចិន និយាយ​កាលពី​ថ្ងៃទី15 មិថុនា​ថា 2នាក់ ក្នុងចំណោម​អវកាស​ចរ​ចំនួន 3នាក់​ខាងលើ ធ្លាប់បាន​ចូលរួម​ក្នុង​បេសកកម្ម​អវកាសមុនៗមកហើយ។ នេះ​បើតាម​សារព័ត៌មាន​អាមេរិក AP។

អវកាស​ចរ​ទាំង 3រូបនេះ នឹង​ត្រូវបាន​បញ្ជូន​ឡើងទៅ​កាន់​គន្លង​គោចរ ដោយ​យានអវកាស Shenzhou 12 ដែល​រុញច្រាន​ដោយ​រ៉ុក្កែត Long March-2F Y12។

អវកាសចរ​ចិន​ ដែល​នឹង​ត្រូវ​ឡើង​ទៅកាន់​ស្ថានីយ​អវកាស​ថ្មី

តាម​គម្រោង អ្នក​អវកាស​ទាំង 3រូបនេះ នឹងត្រូវ​ស្នាក់នៅ​រយៈពេល 3ខែ នៅក្នុង​បន្ទប់​ស្នូល​របស់​ស្ថានីយ​អវកាស​ចិន Tianhe ដែល​ត្រូវបាន​បាញ់​បង្ហោះ​ឡើងទៅ​កាន់​គន្លង​គោចរ កាលពី​ថ្ងៃទី29 ខែមេសា ឆ្នាំ2021។ ពួកគេ​នឹងមាន​បេសកកម្ម ដើរ​នៅក្នុង​ទី​អវកាស និង​ចូលរួម​ធ្វើ​ការពិសោធ​វិទ្យាសាស្ត្រ​នានា​ផងដែរ។

នេះ​គឺជា​បេសកកម្ម​ទី3 ក្នុងចំណោម 11 ដែល​ទីភ្នាក់ងារ​អវកាស​ចិន ត្រូវ​សម្រេច​ឱ្យបាន​មុន​ចុងឆ្នាំ​នេះ ដើម្បី​សាងសង់​ស្ថានីយ​អវកាស​ថ្មី​របស់ខ្លួន។ បន្ទប់​ស្នូល​ចំនួន2 ទៀត នៃ​ស្ថានីយ​អវកាស​នេះ នឹងត្រូវ​បាញ់​ឡើងជា​បន្តបន្ទាប់​នៅ​ឆ្នាំក្រោយ។ ជា​សរុប ប្រទេស​ចិន បាន​បញ្ជូន​អវកាស​ចរ​ចំនួន 11នាក់ ឡើងទៅ​កាន់​ទី​អវកាស រាប់​ចាប់ពី​ឆ្នាំ2003។

យានអវកាស Shenzhou 12 នឹងត្រូវរុញច្រានដោយរ៉ុក្កែត Long March-2F Y12

ក្រុម​អវកាស​ចរ និង​ក្រុម​អ្នកវិទ្យាសាស្ត្រ​បរទេស គ្រោង​នឹង​ទៅធ្វើ​ទស្សនកិច្ច​ស្ថានីយ​អវកាស​របស់​ចិន​នេះ នៅក្នុង​ពេលអនាគត។ យោងតាម​របាយការណ៍​នានា ស្ថានីយ​អវកាស​របស់​ចិន នឹងមាន​អាយុកាល​ឡើងដល់ 15ឆ្នាំ៕

ប្រភព៖ Guardian, Globeandmail
ប្រែ​សម្រួល៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *