Skip to content

អតីត​ភរិយា​របស់​មហាសេដ្ឋី Jeff Bezos បរិច្ចាគ​ប្រាក់ 2.7ពាន់​លាន​ដុល្លារ សម្រាប់​សកម្មភាព​មនុ​ស្ស​ធម៌

អ្នកស្រី MacKenzie Scott អតីត​ភរិយា​របស់​ស្ថាបនិក​ក្រុមហ៊ុន Amazon លោក Jeff Bezos ប្រកាសថា បរិច្ចាគ​ប្រាក់​ជាង 2.7ពាន់​លាន​ដុល្លារ​អាមេរិក ជូន​ដល់​អង្គការ​មនុស្សធម៌​ចំនួន 286 នៅ​ទូទាំង​ពិភពលោក។

អ្នកនិពន្ធ និង​ជា​សប្បុរសជន ជនជាតិ​អាមេរិក អ្នកស្រី MacKenzie Scott កាលពី​ថ្ងៃទី15 ខែមិថុនា បានប្រកាស​អំពី​រដូវ​កាល​បែងចែក​ប្រាក់​សម្រាប់​សកម្មភាព​ម​នុស្ស​ធម៌​ថ្មី​បំផុត នៅក្នុង​ចំណោម​ទ្រព្យ​សរុប 57ពាន់​លាន​ដុល្លារ​របស់ខ្លួន។

«ខ្ញុំ​ចង់​បន្ទាប​សំឡេង​ផ្ដាច់មុខ ដោយ​ទុក​ចំណាប់អារម្មណ៍​សម្រាប់​បុគ្គល​ដទៃ ប៉ុន្តែ ខ្ញុំ​ដឹងថា សារព័ត៌មាន​នានា នឹង​ផ្ដោតទៅលើ​ភាពមានបាន។ ប្រធានបទ​ដែល​ខ្ញុំ​ដាក់ឈ្មោះ​ឱ្យ​អត្ថបទ​បង្ហោះ​នាពេលនេះ នោះ​គឺ “អង្គការ​មនុស្សធម៌​ចំនួន 286ក្រុម ជា​អ្នក​បញ្ជូន​ថាមពល ដែល​ពិភពលោក ត្រូវការ​ស្ដាប់”»។

អ្នកស្រី MacKenzie Scott វ័យ 51ឆ្នាំ បានឱ្យដឹងថា «អង្គការ​មួយចំនួន មាន​ឥទ្ធិពល​ខ្លាំង​នៅក្នុង​បញ្ជី​ឈ្មោះ រួម​នឹង​សហគមន៍​ដែល​ខ្វះ​ថវិកា និង​ក្រុម​អង្គ​ការដែល​ត្រូវបាន​រំលង​ចោល​កន្លងមក» គឺ​ស្ថិត​ក្នុងចំណោម​អង្គ​ការដែល​ទទួលបាន​ប្រាក់​ជំនួយ 2,729លាន​ដុល្លារ​អាមេរិក នៅក្នុង​លើក​នេះ។

អ្នកស្រី MacKenzie Scott និងស្វាមីក្រោយ លោក Dan Jewett

ក្រុម​អង្គ​ការដែល​ទទួលបាន​ប្រាក់​ជំនួយ​ខាងលើ រួមមាន ក្រុម និង​អង្គការ​សិល្បៈ​មូលដ្ឋាន និង​បណ្ដា​ក្រុម​សកម្មជន​ក្នុង​វិស័យ​អប់រំ​ផងដែរ។

នេះ​គឺជា​លើក​ទី​បី​ហើយ​ដែល​អ្នកស្រី Scott លើកឡើង​អំពី​សកម្មភាព​មនុស្សធម៌​របស់ខ្លួន។ ឆ្នាំ2020 អ្នកស្រី Scott បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង នៅពេល​ប្រកាស​អំពី​គម្រោង​មនុស្សធម៌​ចំនួន 2លើក ដែល​អ្នកស្រី​បាន​បរិច្ចាគ​ប្រាក់​សុ​ប​ចំនួន 6ពាន់​លាន​ដុល្លារ ដល់​សកម្មភាព​មនុស្ស​នានា រួមមាន​ដូចជា ជំនួយ​សម្រាប់​ដោះស្រាយ​បញ្ហា Covid-19 បញ្ហា​សមភាព​យេនឌ័រ និង​បញ្ហា​អប់រំ សម្រាប់​ជនជាតិ​ស្បែក​ខ្មៅ​ជាដើម។

សូម​រំលឹកថា អ្នកស្រី Scott និង​មហាសេដ្ឋី Bezos បាន​លែងលះគ្នា​កាលពី​ឆ្នាំ2019។ ក្រោយពី​បាន​លែងលះ អ្នកស្រី​ទទួលបាន​ទ្រព្យ​សរុប 57ពាន់​លាន​ដុល្លារ និង​បាន​ក្លាយជា​អ្នកមាន​ជាងគេ​លំដាប់​ទី21 ក្នុង​ពិភពលោក។ អ្នកស្រី​បាន​រៀបការ​ជាមួយ​គ្រូបង្រៀន​ម្នាក់ ឈ្មោះ Dan Jewett កាលពី​ខែមីនា ឆ្នាំ2021៕

ប្រភព៖ Guardian
ប្រែ​សម្រួល៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *