Skip to content

អ៊ីស្រាអែល វាយប្រហារ​តំបន់ ហ្គា​ហ្សា ទៀតហើយ ដើម្បី​សងសឹក​ចំពោះ​ក្រុម​ ហាម៉ាស

កងទ័ព អ៊ីស្រាអែល បាន​វាយប្រហារ​លើ​ទីតាំង​កងទ័ព​របស់ ហា​ម៉ាស នៅ​តំបន់ ហ្គា​ហ្សា ក្រោយពី​កងជីវពល​នេះ បង្ហោះ​ប៉ោង​ប៉ោង​ដែល​ភ្ជាប់​ជាតិ​ផ្ទុះ ចូល​ទឹកដី​ភាគខាងត្បូង​របស់ អ៊ីស្រាអែល។

នៅក្នុង​សេចក្ដីប្រកាស​នា​ថ្ងៃនេះ កងទ័ព អ៊ីស្រាអែល ឱ្យដឹងថា យន្តហោះ​របស់​ពួកគេ បាន​វាយប្រហារ​លើ​មូលដ្ឋាន​របស់​កងកម្លាំង ហា​ម៉ាស នៅ​ទីក្រុង ហ្គា​ហ្សា និង​ទីរួមស្រុក Khan Younis នៅ​ភាគខាងត្បូង។ ទន្ទឹមនឹងនេះ អ៊ីស្រាអែល ក៏បាន​ប្រកាសថា បាន «ត្រៀមខ្លួន​ជាស្រេច​សម្រាប់​រាល់​សេណារីយោ រួមទាំង​កាលៈទេសៈ​នៃ​ការប្រយុទ្ធ​គ្នា​ជាថ្មី ដើម្បី​ឆ្លើយតប​នឹង​អំពើ​ភេរវកម្ម​ពី ហ្គា​ហ្សា»។

កងទ័ព អ៊ីស្រាអែល បាន​បកស្រាយ​ថា ការវាយប្រហារ​តាម​អាកាស​របស់ខ្លួន​នេះ​គឺ ដើម្បី​សងសឹក​នឹង​ក្រុម ហា​ម៉ាស ដែល​បាន​បង្ហោះ​ប៉ោង​ប៉ោង​ដែលមាន​ភ្ជាប់​ជាតិ​ផ្ទុះ ងាយ​ឆេះ ចូលមក​កាន់​ទឹកដី​ភាគខាងត្បូង​ប្រទេស​នេះ បង្ក​ឱ្យ​កើតមាន​អគ្គិភ័យ​ចំនួន 20ករណី នៅក្បែរ​បន្ទាត់​ព្រំដែន​ជាមួយ ហ្គា​ហ្សា។

អ្នកនាំពាក្យ​ម្នាក់​របស់ ហា​ម៉ាស ជា​ក្រុម​ដែល​កំពុង​កាន់កាប់​តំបន់ ហ្គា​ហ្សា បាន​ទទួលស្គាល់ថា មានការ​វាយប្រហារ​តាម​អាកាស ពី​សំណាក់ អ៊ីស្រាអែល និង​បាន​បន្ថែមថា ជនជាតិ ប៉ា​លេ​ស្ទី​ន នឹង​បន្ត «ការប្រឆាំង​ប្រកបដោយ​ភាពក្លាហាន និង​ការពារ​សិទ្ធិ ក៏ដូចជា​ទីតាំង​ពិសិដ្ឋ» នៅ​តំបន់ យេ​រូ​សា​ឡឹម។

ប៉ុន្មាន​ម៉ោង​មុន​ការវាយប្រហារ​តាម​អាកាស ជនជាតិ អ៊ីស្រាអែល ដែល​នាំគ្នា​កាន់​ទង់ជាតិ បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ជុំវិញ​ខ្លោងទ្វារ Damascus នាទី​ក្រុង យេ​រូ​សា​ឡឹម ដើម្បី​ហែ​ក្បួន​ទៅកាន់​ជញ្ជាំង Western Wall (Wailing Wall) ដែលជា​ទីសក្ការរ​បស់​ជនជាតិ​ជ្វី​ហ្វ នាំឱ្យ​ជនជាតិ ប៉ា​លេ​ស្ទី​ន ខឹង​ខ្លាំង ហើយ ហា​ម៉ាស ក៏បាន​គំរាម​សងសឹក។

សូម​រំលឹកថា អ៊ីស្រាអែល ដណ្ដើមបាន​សិទ្ធិ​គ្រប់គ្រង​តំបន់ យេ​រូ​សា​ឡឹម​ខាងកើត នៅក្នុង​សង្គ្រាម​ឆ្នាំ 1967 ហើយ​ក្រោយមក​ក៏បាន​ប្រកាស​បញ្ចូល​តំបន់​ដែល​នៅសល់​របស់​ទីក្រុង​នេះ និង​ចាត់ទុក យេ​រូ​សា​ឡឹម ជា​រដ្ឋធានី ប៉ុន្តែ មិនទាន់មាន​ការទទួល​ស្គាល់​ពី​អន្តរជាតិ​នៅឡើយ។ ចំណែក​ជនជាតិ ប៉ា​លេ​ស្ទី​ន វិញ ចង់ឱ្យ យេ​រូ​សា​ឡឹម​ខាងកើត ក្លាយជា​រដ្ឋធានី នៃ​អនាគត​ប្រទេស​របស់​ពួកគេ ជា​ទឹកដី​ដែល​រួមមាន​ទាំង​តំបន់ វេស​បែង និង ហ្គា​ហ្សា។

នេះ​គឺជា​លើកដំបូង ដែល អ៊ីស្រាអែល បាន​វាយប្រហារ​តាម​អាកាស​លើ​តំបន់ ហ្គា​ហ្សា ចាប់តាំងពី​សង្គ្រាម 11ថ្ងៃ រវាង អ៊ីស្រាអែល និង ហា​ម៉ាស កាលពី​ខែ​មុន ដែល​បណ្ដាលឱ្យ​ជនជាតិ ប៉ា​លេ​ស្ទី​ន ចំនួន 260នាក់ និង​ជនជាតិ អ៊ីស្រាអែល 13នាក់ បាន​ស្លាប់។ សង្គ្រាម 11ថ្ងៃនោះ ក្រោយមក​ត្រូវបាន​បញ្ចប់​កាលពី​ថ្ងៃទី21 ខែឧសភា ដោយមាន អេ​ហ្សី​ប ជា​អ្នកសម្របសម្រួល៕

ប្រភព៖ Reuters
ប្រែ​សម្រួល៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *