កាលពីថ្ងៃទី14 ខែមិថុនា ប៉ូលិសក្នុងស្រុកបានឱ្យដឹងថា មនុស្សចំនួន 5នាក់ បានស្លាប់ នៅក្នុងករណីធ្លាក់យន្តហោះធុនតូច 1គ្រឿង និងឧបករណ៍ហោះហើរប្រភេទ glider 1គ្រឿង នៅជួរភ្នំ Alps របស់ប្រទេសស្វីស កាលពីចុងសប្ដាហ៍កន្លង។ ប៉ូលិសកំពុងស្រាវជ្រាវដើម្បីឱ្យដឹងថា តើករណីគ្រោះថ្នាក់ទាំងពីរនេះ មានជាប់ទាក់ទិននឹងគ្នាដែរ ឬអត់។
យន្តហោះធុនតូច 1គ្រឿង ដែលមានអ្នកជិះចំនួន 4នាក់ រួមមានទាំងកុមារម្នាក់ផង បានធ្លាក់នៅលើភ្នំ Piz Neir នៅភាគខាងកើតប្រទេសស្វីស កាលពីថ្ងៃទី12 ខែមិថុនា បណ្ដាលឱ្យមនុស្សទាំងអស់ ត្រូវបាត់បង់ជីវិត។ សមត្ថកិច្ចបានរកឃើញបំណែកយន្តហោះខាងលើកាលពីថ្ងៃទី13 ខែមិថុនា នៅពេលកំពុងស្វែងរកយន្តហោះប្រភេទកំសាន្ត (glider) ដែលបានធ្លាក់ក្នុងថ្ងៃជាមួយគ្នា បណ្ដាលឱ្យអ្នកបើកបរម្នាក់ បាត់បង់ជីវិត។
យន្តហោះប្រភេទកំសាន្តខាងលើ បានធ្លាក់នៅក្បែរទីតាំងដែលគេរកឃើញបំណែកយន្តហោះធុនតូច ប្រមាណ 1គីឡូម៉ែត្រ នៅលើកម្ពស់ 2,700ម៉ែត្រ ធៀបនឹងផ្ទៃទឹកសមុទ្រ។
ដោយឡែក នៅ សហរដ្ឋអាមេរិក ក៏មានករណីធ្លាក់យន្តហោះធុនតូច 1គ្រឿងដែរ នៅក្នុងរដ្ឋ Texas កាលពីវេលាទៀបភ្លឺ ថ្ងៃទី14 ខែមិថុនា (ម៉ោងក្នុងស្រុក) នាំឱ្យមនុស្សម្នាក់បានស្លាប់ និង 5នាក់ផ្សេងទៀត រងរបួស។
ក្រុមមន្ត្រីបានឱ្យដឹងថា យន្តហោះនេះបានធ្លាក់នៅពេលកំពុងព្យាបាលចុះចតនៅឯព្រលានយន្តហោះ Madisonville កាលពីវេលាម៉ោង 1 ទៀបភ្លឺ នៃថ្ងៃទី14 ខែមិថុនា។ អ្នកស្លាប់នៅក្នុងករណីនេះ គឺជា អ្នកបើកបរ ចំណែកមនុស្ស 5នាក់ទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ៕
ប្រភព៖ Xinhuanet, ABC13, Switzerland.in-24
ប្រែសម្រួល៖ បុត្រា