Skip to content

(វីដេអូ)-ផ្ទុះ​ឆេះ​រោងចក្រ​ដ៏​ធំ​មួយ​នៅ សហរដ្ឋអាមេរិក! ពលរដ្ឋ​នៅ​ជុំវិញ​រោងចក្រ ត្រូវ​ជម្លៀស​ខ្លួន​ដោយ​បង្ខំ

ប្រភពព័ត៌មាន​ពី សហរដ្ឋអាមេរិក នៅវេលា​ទៀបភ្លឺ ថ្ងៃទី15 ខែមិថុនា (ថ្ងៃទី14 ខែមិថុនា នៅ​អាមេរិក) បានឱ្យដឹងថា មាន​ករណី​ផ្ទុះ​រោងចក្រ​គីមី​ដ៏​ធំ​មួយ​នៅក្នុង​រដ្ឋ Illinois ដែល​ស្ថិតនៅក្នុង​តំបន់ Midwest នៃ សហរដ្ឋអាមេរិក។

ករណី​ផ្ទុះ បានធ្វើ​ឱ្យមាន​អគ្គិភ័យ​យ៉ាង​ធំ នៅក្នុង​រោងចក្រ​គីមី របស់​ក្រុមហ៊ុន Chemtool Incorporated ចាប់ពី​ម៉ោង 7ព្រឹក ថ្ងៃទី14 ខែមិថុនា (ម៉ោង​ក្នុងស្រុក)។

រោងចក្រ​នេះ​ស្ថិត​នៅក្បែរ​ដងផ្លូវ Prairie Hill ក្នុង​តំបន់ Rockton ស្រុក Winnebago នៃ​រដ្ឋ Illinois។ រោងចក្រ​នេះ មាន​ជំនាញ​ខាង​ផលិត​ប្រេងម៉ាស៊ីន ប្រេងម៉ាស៊ូត ដែល​នាំចេញ​ទៅកាន់​ពិភពលោក។

កងកម្លាំង​ប្រតិកម្ម​រហ័ស និង​ក្រុម​អ្នក​ជួយសង្គ្រោះ​បន្ទាន់ បាន​ទៅដល់​កន្លែងកើតហេតុ។ ក្រុមមន្ត្រី​ក្នុង​តំបន់ កំពុង​ជម្លៀស​ដោយ​បង្ខំ ចំពោះ​ពលរដ្ឋ​ដែលមាន​ទីលំនៅ នៅ​ជុំវិញ​រោងចក្រ នៅពេល​អគ្គិភ័យ​ឆាប់ឆេះ និង​មាន​ផ្សែ​ខ្មៅ​ខ្មួលខ្មាញ់។

បច្ចុប្បន្ន មិនទាន់មាន​សេចក្ដីរាយការណ៍​អំពី​ការខូចខាត ក៏ដូចជា​ការបាត់បង់​ជីវិត​នៅក្នុង​ហេតុការណ៍​នេះ​នៅឡើយ ប៉ុន្តែ សារព័ត៌មាន​ក្នុងស្រុក WTVO បានឱ្យដឹងថា កម្មករ​រោងចក្រ​យ៉ាងតិច 70នាក់ ត្រូវបាន​ជម្លៀស​ទៅកាន់​ទី​សុវត្ថិភាព៕

NBC News, AP

Leave a Reply

Your email address will not be published. Required fields are marked *