នាយករដ្ឋមន្ត្រីថ្មីរបស់ អ៊ីស្រាអែល លោក Bennett បានស្បថចូលកាន់តំណែង បន្ទាប់ពីសភា បានអនុម័តបង្កើតរដ្ឋាភិបាលចម្រុះថ្មី ដែលនេះក៏បានបញ្ចប់ការកាន់អំណាច 12ឆ្នាំ របស់លោក Benjamin Netanyahu។
សភាជាតិអ៊ីស្រាអែល កាលពីថ្ងៃទី13 ខែមិថុនា កន្លងទៅ បានអនុម័តបង្កើតរដ្ឋាភិបាលចម្រុះថ្មី ដឹកនាំដោយប្រធានគណបក្ស Yamina លោក Naftali Bennett ក្រោយការបោះឆ្នោតដែលលោកទទួលបានការគាំទ្រចំនួន 60សំឡេង ទល់នឹង 59សំឡេងប្រឆាំង និងមានតែ 1សំឡេងប៉ុណ្ណោះដែលជាសន្លឹកឆ្នោតអនុបវាទ។
នៅចំពោះមុខសភា លោក Bennett វ័យ 49ឆ្នាំ បានអះអាងថា រដ្ឋាភិបាលចម្រុះរបស់លោក «តំណាងឱ្យ អ៊ីស្រាអែល ទាំងមូល»។
នៅរដ្ឋធានី Tel Aviv មនុស្សរាប់ពាន់នាក់ បាននាំគ្នាចេញទៅកាន់ដងផ្លូវ អបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោតសភាលើកនេះ។
រដ្ឋាភិបាលថ្មីនេះ កំពុងមានគម្រោងបញ្ចៀសផលប៉ះពាល់ធ្ងន់ធ្ងរទាក់ទិននឹងបញ្ហាអន្តរជាតិសំខាន់ៗ ដូចជា គោលនយោបាយសម្រាប់ជនជាតិប៉ាលេស្ទីន និងការស្ដារស្ថានភាពក្នុងស្រុក។
ក៏ប៉ុន្តែ អតីតនាយករដ្ឋមន្ត្រី លោក Netanyahu វ័យ 71ឆ្នាំ ឱ្យដឹងថា លោក នឹង «ត្រលប់មកវិញក្នុងពេលឆាប់ៗនេះ»។
យោងតាមកិច្ចព្រមព្រៀងក្នុងការបង្កើតរដ្ឋាភិបាលចម្រុះរបស់នាយករដ្ឋមន្ត្រីថ្មី Bennett និងប្រធានបក្ស Yesh Atid លោក Yair Lapid មេដឹកនាំទាំងពីររូបនេះ នឹងចែករំលែកការឡើងកាន់តំណែងនាយករដ្ឋមន្ត្រីម្នាក់ពីរឆ្នាំ ក្នុងនោះ លោក Bennett ឡើងកាន់តំណែងពីរឆ្នាំដំបូង៕
ប្រភព៖ Reuters/AFP
ប្រែសម្រួល៖ បុត្រា