ក្រុមហ៊ុន Fincantieri របស់ អ៊ីតាលី បានចុះកិច្ចព្រមព្រៀង លក់នាវាចម្បាំងប្រភេទធម្មតា និងប្រភេទពិឃាដ FREMM ទៅឱ្យប្រទេស ឥណ្ឌូនេស៊ី ដែលនេះ ត្រូវបាន Giuseppe Bono ដែលជានាយកប្រតិបត្តិរបស់ Fincantieri និយាយថា បានអនុញ្ញាតឱ្យរោងចក្ររបស់ អ៊ីតាលី នេះ «ត្រលប់មកកាន់តំណែងសកល» នៅក្នុងវិស័យនាវាអណ្ដែតលើផ្ទៃទឹក។
បច្ចុប្បន្ន នាវា FREMM របស់ Fincantieri ដែលត្រូវបានបញ្ជាទិញ បានឡើងដល់ 20គ្រឿង ក្នុងនោះមាន 10គ្រឿង សម្រាប់កងទ័ពជើងទឹក អ៊ីតាលី, 2គ្រឿងសម្រាប់ អេហ្សីប និង 2គ្រឿងសម្រាប់ សហរដ្ឋអាមេរិក ខណៈ។ល។ សហរដ្ឋអាមេរិក តាមផែនការ នឹងបញ្ជាទិញនាវាពី Fincantieri ចំនួន 8គ្រឿងទៀត។
នាវាចម្បាំង FREMM អាចត្រូវបានគេចាត់ទុកជា នាវាចម្បាំងប្រភេទធម្មតា (frigate) និង នាវាចម្បាំងប្រភេទពិឃាដ (destroyer)។ នាវាប្រភេទនេះ សម្រាប់កងទ័ពជើងទឹកបារាំង មានទម្ងន់ displacement 6,000តោន ខណៈដែលសម្រាប់ អ៊ីតាលី មានទម្ងន់ displacement 6,700តោន។
នៅក្នុងប្រកាសផ្សេងមួយទៀត ដែលត្រូវបានលើកឡើងកាលពីម្សិលមិញ ក្រុមហ៊ុន Fincantieri ឱ្យដឹងថា ក្រៅពីការលក់នាវាប្រភេទ FREMM កិច្ចព្រមព្រៀងនេះ ក៏រួមមានទាំងការជួសជុល និងលក់នាវាចម្បាំងថ្នាក់ Maestrale ចំនួន 2គ្រឿង ដែល អ៊ីតាលី ជិតដាក់ឱ្យចូលនិវត្តន៍ ទៅឱ្យ ឥណ្ឌូនេស៊ី ផងដែរ។
ការប្រកាសខាងលើ បានបន្ថែមថា ក្រុមហ៊ុន Leonardo របស់ អ៊ីតាលី នឹងជាអ្នកម៉ៅការមួយ ចូលរួមកិច្ចព្រមព្រៀងទិញនាវា FREMM របស់ ឥណ្ឌូនេស៊ី។ នេះមានន័យថា ក្រុមហ៊ុននេះ អាចក្លាយជាអ្នកផ្គត់ផ្គង់ប្រព័ន្ធប្រយុទ្ធ។ អំពីតម្លៃវិញ ក្រុមហ៊ុន Fincantieri មិនបានបង្ហើបឱ្យដឹង នៅក្នុងកិច្ចព្រមព្រៀងនេះទេ។
កាលពីខែមុន សហរដ្ឋអាមេរិក បានប្រកាសអំពីកិច្ចព្រមព្រៀងដែលមានតម្លៃ 553.9លានដុល្លារ ដើម្បីទិញនាវា FREMM ទីពីរ ក្នុងចំណោម 10គ្រឿង ដែលប្រទេសនេះ គ្រោងនឹងបញ្ជាទិញនាពេលខាងមុខ។ ដូច្នេះ នាវា FREMM ដែល ឥណ្ឌូនេស៊ី បានបញ្ជាទិញ អាចមានតម្លៃប្រហែល 276លានដុល្លារអាមេរិក ក្នុង 1គ្រឿង៕
ប្រភព៖ Defense News
ប្រែសម្រួល៖ បុត្រា