រូបថតថ្មី បង្ហាញឱ្យឃើញស្ថានីយចុះចត និងរ៉ូបូតរបស់ ចិន កំពុងធ្វើសកម្មភាពនៅតំបន់ភាគខាងត្បូងនៃវាលរាប Utopia Planitia របស់ពិភពព្រះអង្គារ។
យាន ឬ ផ្កាយរណបតាមដានភពអង្គារ (MRO/ Mars Reconnaissance Orbiter) របស់ទីភ្នាក់ងារអវកាសអាមេរិក (NASA) បានថតរូបស្ថានីយចុះចត និងរ៉ូបូត Zhurong របស់ ចិន នៅលើភពអង្គារ កាលពីថ្ងៃទី6 ខែមិថុនា។ MRO ធ្លាប់ថតបានរូបភាពដ៏គួរឱ្យចាប់អារម្មណ៍ នៃរ៉ូបូត Curiosity និង Perseverance របស់ NASA ប៉ុន្តែ នេះគឺជាលើកដំបូងហើយ ដែលផ្កាយរណប MRO ថតរូបរ៉ូបូត Zhurong នៃបេសកកម្ម Tianwen-1 របស់ទីភ្នាក់ងារអវកាសចិន (CNSA)។ Tianwen-1 រួមមាន យានគោចរជុំវិញភពអង្គារមួយគ្រឿង ស្ថានីយចុះចតមួយគ្រឿង និងរ៉ូបូតស្រាវជ្រាវលើដីមួយគ្រឿង។
ក្រុមគ្រប់គ្រងកាមេរ៉ា HiRise របស់យាន MRO នៃសាកលវិទ្យាល័យ Arizona កាលពីថ្ងៃទី10 ខែមិថុនា បានឱ្យដឹងថា៖ «យើងអាចមើលឃើញច្បាស់ ទីតាំងជុំវិញស្ថានីយចុះចត គឺជាស្នាមចំហាយដ៏ខ្លាំងដែលបានបាញ់ចេញ (ពីយានចុះចត)»។
Zhurong ដែលបានចុះដល់ដីនៃភពអង្គារ កាលពីពាក់កណ្ដាលខែឧសភា ឆ្នាំ2021 បានជួយឱ្យ ចិន ក្លាយជាប្រទេសទីពីរដែលមានរ៉ូបូត ធ្វើសកម្មភាពនៅលើពិភពក្រហមមួយនេះ បន្ទាប់ពី សហរដ្ឋអាមេរិក។
Zhurong កំពុងស្ថិតនៅលើតំបន់វាលរាប។ «រូបភាពថ្មី បង្ហាញយ៉ាងច្បាស់អំពីសណ្ឋានដីពិសេស នៅតំបន់ភាគខាងត្បូងរបស់វាលរាប Utopia Planitia ដែលរាបស្មើ និងហាក់មិនមានដុំថ្ម។ រូបភាពពណ៌លឿង មានរាងកោង គឺជាសណ្ឋានដី Aeolian (ខ្យល់បោកបក់)» នេះបើតាមក្រុម HiRise។
មកដល់បច្ចុប្បន្ន ចិន បានប្រកាសបង្ហាញរូបភាពដ៏តិចតួច ដែលពួកគេទទួលបានពីបេសកកម្ម Tianwen-1 ដែលនេះគឺផ្ទុយទៅនឹង NASA ដែលបញ្ចេញរូបភាពនៃភពអង្គារដល់សាធារណជន ជាបន្តបន្ទាប់។ ក្នុងចំណោមរូបថតដែលចិន បានបញ្ចេញឱ្យឃើញ មានរូបមួយចំនួនស្ដីអំពីផ្ទៃដីរបស់ភពអង្គារ និងដានកង់របស់យាន Zhurong នៅពេលរ៉ូបូតនេះ ចាកចេញផុតពីស្ថានីយចុះចត កាលពីខែឧសភា។
រូបថតថ្មីដែលបានថតពីយាន MRO របស់ សហរដ្ឋអាមេរិក ស្ដីពីរ៉ូបូតចិន Zhurong គឺជាការឆ្លើយតបនឹងការទន្ទឹងរង់ចាំរបស់ក្រុមអ្នកចូលចិត្តវិស័យអវកាស បានមួយផ្នែក៕
ប្រភព៖ Cnet, BBC
ប្រែសម្រួល៖ បុត្រា