បើសិនជាគ្រាប់វីរុសCovid-19 ដែលកំពុងស្ថិតនៅក្នុងរាងកាយរបស់អ្នកជំងឺនៅទូទាំងពិភពលោក ត្រូវបានគេយកមកដាក់នៅកន្លែងតែមួយ នោះទម្ងន់របស់ពួកវានឹងស្មើនឹងទម្ងន់ ចន្លោះពីប៉ោម 1ផ្លែ ទៅដល់ទម្ងន់កូនក្មេង 1នាក់។
អ្នកវិទ្យាសាស្ត្រមួយក្រុម ថ្មីៗនេះបានគណនាឃើញថា អ្នកជំងឺCovid-19 ម្នាក់ មានផ្ទុកវីរុសប្រមាណពី 10 ទៅ 100,000,000,000គ្រាប់ ក្នុងដំណាក់កាលជំងឺធ្ងន់ធ្ងរបំផុត។ ដូច្នេះ វីរុសCovid-19 ទាំងអស់ដែលបានឆ្លងទៅមនុស្សនៅទូទាំងពិភពលោក (មធ្យមភាគនៃ 1-10លានករណី នៅរាល់ដំណាក់កាលក្នុងវិបត្តិសុខភាពនេះ) នឹងមានទម្ងន់សរុប ចាប់ពី 0.1 – 10គីក្រាម។
អ្នកវិទ្យាសាស្ត្រ Ron Milo មកពីវិទ្យាស្ថានវិទ្យាសាស្ត្រ Weizmann នៃប្រទេសអ៊ីស្រាអែល និងបេក្ខភាពបណ្ឌិត Ron Sender នៅបន្ទប់ពិសោធន៍របស់ Milo ឱ្យដឹងថា Covid-19 ប្រៀបបានទៅនឹងអាវុធនុយក្លេអែរ ដោយវាមានទម្ងន់មហាសែនស្រាល ប៉ុន្តែ កម្លាំងបំផ្លាញរបស់ពួកវា ពិតជាមហិមា។
យោងតាមសាកលវិទ្យាល័យ Johns Hopkins បច្ចុប្បន្ន Covid-19 បានឆ្លងទៅមនុស្សជាង 173លាននាក់ និងបានសម្លាប់មនុស្សជាង 3.7លាននាក់។ ដើម្បីគណនាឱ្យដឹងថា តើអ្នកជំងឺម្នាក់ មានផ្ទុកវីរុសចំនួនប៉ុន្មាន ក្រុមអ្នកស្រាវជ្រាវ បានប្រើប្រាស់លទ្ធផលមុននេះ ដែលត្រូវបានយកពីសត្វស្វារោមលឿង ស្ដីពីបរិមាណគ្រាប់វីរុសនៅក្នុងជាលិកាផ្សេងៗ ដែលងាយឆ្លងវីរុស រួមមាន សួត កូនកណ្ដុរក្នុងខួរក្បាល កូនកណ្ដុរឈាមស និងប្រព័ន្ធរំលាយអាហារ។ បន្ទាប់មក ពួកគេគណនាគ្រាប់វីរុសនៅក្នុងជាលិកា 1ក្រាមៗ នៃស្វារោមលឿង ជាមួយនឹងជាលិការបស់មនុស្ស ដើម្បីរកបរិមាណនៃគ្រាប់វីរុសក្នុងជាលិការបស់មនុស្ស។
ក្រុមអ្នកវិទ្យាសាស្ត្រ បានឱ្យដឹងថា វីរុសCovid-19 1គ្រាប់ៗ មានទម្ងន់ 1 ហ្វេមតូក្រាម (femtogram) (ដែលស្មើនឹង 0.000000000000001 ក្រាម)។ ដោយយកទម្ងន់របស់វីរុស 1គ្រាប់ គុណនឹងបរិមាណរបស់វីរុស អ្នកវិទ្យាសាស្ត្រករឃើញថា អ្នកជំងឺម្នាក់ មានផ្ទុកវីរុសទម្ងន់ប្រមាណ 10 មីក្រូក្រាម (microgram) (1 មីក្រូក្រាម = 0.000001 ក្រាម)។
សាស្ត្រាចារ្យ Milo និងលោក Sender សង្ឃឹមថា ការសិក្សាស្រាវជ្រាវនេះ នឹងជំរុញឱ្យមានការពិសោធថ្មីៗ ប្រកបដោយភាពច្នៃប្រឌិតបន្ថែមទៀត។ លទ្ធផលនៃការរកឃើញនេះ ត្រូវបានចុះផ្សាយនៅលើទស្សនាវដ្ដី Proceedings of the National Academy of Sciences (PNAS)៕
ប្រភព៖ Live Science
ប្រែសម្រួល៖ បុត្រា