Skip to content

ទិដ្ឋភាព​ដងផ្លូវ​ក្នុង​ទីក្រុង Mumbai ក្លាយជា​ទន្លេ

ទីក្រុង Mumbai ដែលជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​របស់​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី9 ខែមិថុនា​កន្លងទៅ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​រហូតដល់ 12ម៉ោង បណ្ដាលឱ្យ​ផ្លូវ​និង​តំបន់​នានា​ក្នុង​ទីក្រុង​នេះ ត្រូវ​លិច​ដោយ​ជំនន់​ទឹកភ្លៀង។

រដូវភ្លៀង​នៅ​ប្រទេស​ឥណ្ឌា អូសបន្លាយ​ពី​ខែមិថុនា ដល់​ខែកញ្ញា។ ប្រទេស​នេះ ត្រូវ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ជា​រៀងរាល់ឆ្នាំ។ កាលពី​ថ្ងៃទី9 ខែមិថុនា តំបន់​មួយចំនួន​នៅក្នុង​ទីក្រុង និង​នៅ​ជាយក្រុង Mumbai មាន​ភ្លៀង​ធ្លាក់​ខ្លាំង រួម​នឹងមាន​ផ្គរ​រន្ទះ​នាពេល​ព្រឹក។

ទីក្រុង Mumbai មាន​ភ្លៀង​ធ្លាក់​ទៅដល់ 222ម​ម ក្នុង​រយៈពេល 12ម៉ោង ស្រប​ពេលដែល​ទឹកសមុទ្រ​ជោរ​ឡើងដល់ 4.6ម៉ែត្រ ធ្វើឱ្យ​ទឹកភ្លៀង​មិនអាច​ហូរ​ចូល​សមុទ្រ​បាន នាំឱ្យ​ដងផ្លូវ​ក្នុង​ទីក្រុង ផ្លូវ​រថភ្លើង និង​តំបន់​ក្បែរ​ខាង​នៃ​ទីក្រុង​នេះ ត្រូវ​លិចលង់។

ភ្លៀង​ធំ នាំឱ្យ​ប៉ូលិស​ត្រូវ​ផ្អាក​ដំណើរការ​រថភ្លើង​ក្រោម​ដី​ចំនួន 4ខ្សែ ចំណែក​អ្នកបើកបរ​រថយន្ត​ក៏ត្រូវ​ទុកចោល​រថយន្ត​នៅលើ​ដងផ្លូវ។ ប៉ូលិស​បាន​អំពាវនាវ​ឱ្យ​ប្រជាជន​នៅតែ​ក្នុងផ្ទះ បើសិន​មិនមាន​កិច្ចការ​ចាំបាច់ និង​ហាម​មិនឱ្យ​ចូលទៅ​កាន់​តំបន់​លិច​ទឹក។

ទឹកជំនន់​នៅ​ទីក្រុង Mumbai ជម្រៅ​រហូតដល់​ស្មើនឹង​ពោះ​របស់​មនុស្សពេញវ័យ។ សកម្មភាព​រំដោះ​ទឹកជំនន់ កំពុង​ត្រូវបាន​ធ្វើឡើង​យ៉ាង​ញាប់ដៃ ញាប់ជើង។

នាយកដ្ឋាន​គ្រប់គ្រង​អាកាសធាតុ​ឥណ្ឌា (IMD) បានប្រកាស​អាសន្ន​កម្រិត​ពណ៌​ក្រហម (កម្រិត​ខ្ពស់បំផុត) សម្រាប់​ទីក្រុង Mumbai កាលពី​ថ្ងៃទី9 ខែមិថុនា និង​ប្រកាសអាសន្ន​កម្រិត​ពណ៌​លឿង ដោយ​ព្យាករ​ថា នឹងមាន​ភ្លើង​ធំ រហូតដល់​ធំ​ខ្លាំង ក្នុង​រយៈពេល 4ថ្ងៃ​ទៀត៕

ប្រភព៖ AFP
ប្រែ​សម្រួល៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *