យន្តហោះចម្បាំងមួយគ្រឿងរបស់កងទ័ពអាកាសនៃប្រទេសប៊ុលហ្គារី បានបាត់ខ្លួនពីប្រព័ន្ធរ៉ាដា ពេលកំពុងហោះហើរក្នុងលំហាត់សមយុទ្ធលើដែនសមុទ្ររបស់ប្រទេសនេះ នាថ្ងៃទី9 ខែមិថុនា ឆ្នាំ2021។
ស្ថានីយទូរទស្សន៍ជាតិប៊ុលហ្គារី (BNT) ដកស្រង់ប្រភពព័ត៌មានពីក្រសួងការពារជាតិនៃប្រទេសនេះ ឱ្យដឹងថា យន្តហោះ MiG-29 បានបាត់ខ្លួននៅវេលាម៉ោង 00៖45នាទី នៃថ្ងៃទី9 ខែមិថុនា (ម៉ោងក្នុងស្រុក) នៅក្នុងក្របខណ្ឌសមយុទ្ធបាញ់គ្រាប់ពិតដែលមានឈ្មោះថា «Shabla 21» ជាមួយនឹងកងទ័ពសហរដ្ឋអាមេរិក នៅសមុទ្រខ្មៅ។
BNT រាយការណ៍ថា ក្រុមមន្ត្រី នៃប្រទេសប៊ុលហ្គារី ភ្លាមនោះក៏បានចាប់ផ្ដើមយុទ្ធនាការស្វែងរក និងសង្គ្រោះ។ ការស្វែងរកអ្នកបើកបរ និងយន្តហោះ នៅតែត្រូវបានធ្វើឡើង។ សកម្មភាពស្វែងរកនេះ មានការចូលរួមរបស់កងកម្លាំងជាច្រើនប្រភេទ រួមមានទាំងទ័ពអាកាស ទ័ពជើងទឹក និងប៉ូលិសការពារព្រំដែនផងដែរ។
យោងតាមការប្រកាសនៅលើគេហទំព័ររបស់ក្រសួងការពារជាតិ ប៊ូលហ្គារី សមយុទ្ធ «Shabla 21» បានចាប់ផ្ដើមកាលពីថ្ងៃទី7 ខែមិថុនា ហើយបើតាមផែនការ នឹងត្រូវបញ្ចប់នៅថ្ងៃទី11 ខែមិថុនា។ ព្រឹត្តិការណ៍នេះ មានការចូលរួមពីទាហានជាង 2,000នាក់ មកពីកងទ័ពប៊ុលហ្គារី និងសហរដ្ឋអាមេរិក៕
ប្រភព៖ Xinhuanet
ប្រែសម្រួល៖ បុត្រា