ប្រទេសចិន យល់ថា ក្រុមអ្នកនយោបាយដែល «មើលស្រាលអាយុជីវិតរបស់ប្រជាជន» ទើបជាអ្នកត្រូវទទួលខុសត្រូវ បន្ទាប់ពីលោក Donald Trump ទាមទារសំណង 10លានលាន (10,000,000,000,000) ដុល្លារអាមេរិក ដោយសារតែវីរុសCovid-19។
«Trump តែងតែគេចវេះពីការពិត និងការទទួលខុសត្រូវរបស់ខ្លួន ដោយសារតែមិនទប់ទល់នឹងរោគរាតត្បាត តែបែរជាបង្វែរចំណាប់អារម្មណ៍របស់គ្រប់គ្នាទៅវិញ» អ្នកនាំពាក្យក្រសួងការបរទេសចិន Wang Wenbin ឆ្លើយតបដូច្នេះ នៅឯរដ្ឋធានីប៉េកាំង កាលពីថ្ងៃទី7 ខែមិថុនា នៅពេលត្រូវបានសួរអំពីបញ្ហាអតីតប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ទាមទារឱ្យចិន សងសំណង ព្រោះតែការខាតបង់ដោយសារវីរុសCovid-19។
លោក Wang Wenbin ជឿថា ពលរដ្ឋអាមេរិកាំង នឹងមានការសម្រេចចិត្តដោយយុត្តិធម៌ ចំពោះបញ្ហាដែលថា អ្នកណាត្រូវទទួលខុសត្រូវលើរោគរាតត្បាតនេះ។ «អ្នកនយោបាយលាក់ពុត ដែលមិនបានយកចិត្តទុកដាក់លើអាយុជីវិត និងសុខភាពរបស់ប្រជាជនទេតើ ទើបជាអ្នកត្រូវទទួលខុសត្រូវ»។
អ្នកនាំពាក្យខាងលើ ថែមទាំងបាននបញ្ជាក់ថា នៅក្នុងអាណត្តិរបស់អតីតប្រធានាធិបតី Trump សហរដ្ឋអាមេរិក បានរកឃើញអ្នកឆ្លងវីរុសជាង 24លាននាក់ ក្នុងនោះមានជាង 410,000នាក់បានស្លាប់។
លោក Trump មុននោះ បាននិយាយនៅក្នុងកិច្ចប្រជុំមួយរបស់បក្សសាធារណរដ្ឋប្រចាំរដ្ឋ Carolina ខាងជើង ថា គ្រប់ប្រទេស ត្រូវការរួបរួមគ្នា «ផ្ញើវិក្កយបត្រត្រមួយទៅឱ្យចិន ដើម្បីទាមទារសំណងយ៉ាងតិច 10លានលានដុល្លារអាមេរិក សម្រាប់ការខូចខាតដោយសារ Covid-19។ លោក Trump ក៏បានចោទចិនថា បានធ្វើឱ្យសហរដ្ឋអាមេរិក ខាតបង់ប្រាក់ជិត 16លានលានដុល្លារ ព្រោះតែបាន «បញ្ចេញ» Covid-19 ឱ្យឆ្លងរាលដាលពេញពិភពលោក និង «ឆក់យកជីវិតពលរដ្ឋអាមេរិកាំងរាប់សែននាក់»។
លោក Trump ក៏បានអះអាងថា បើសិនជាលោកមិនចាត់ចែងរឿងវ៉ាក់សាំងក្នុងពេលលោកកាន់អំណាចនោះទេ សហរដ្ឋអាមេរិក ប្រហែលជានឹងត្រូវឆ្លងកាត់ស្ថានភាពអាក្រក់ដូចសម័យមហារោគរាតត្បាត ផ្ដាសាយអេស្ប៉ាញ ដោយមានរាប់រយលាននាក់ត្រូវបាត់បង់ជីវិត។
បើទោះជាបានចាកចេញពីសេតវិមាន ប៉ុន្តែ លោក Trump នៅតែចោទប្រកាន់ចិន ជាបន្តបន្ទាប់ ដោយយល់ថា ប្រទេសចិន មិនបានគ្រប់វីរុសក្នុងស្រុកឱ្យបានល្អ បណ្ដោយឱ្យវាឆ្លងរាលដាលពាសពេញពិភពលោក»។
នៅចំពោះមុខការសង្ស័យអំពីប្រភពវីរុសCovid-19 មកលើចិន ពីសំណាក់ប្រទេសនានា ប្រទេសចិន ក៏បានស្នើឱ្យសហរដ្ឋអាមេរិក អនុញ្ញាតឱ្យអង្គការសុខភាពពិភពលោក (WHO) ចូលមកស្រាវជ្រាវលើប្រភពរបស់វីរុស ដូចអ្វីដែលប្រទេសចិន បានអនុញ្ញាតឱ្យក្រុមអ្នកជំនាញអន្តរជាតិ ចូលស្រាវជ្រាវនៅទីក្រុង Wuhan នាពេលកន្លង៕
ប្រភព៖ NDTV
ប្រែសម្រួល៖ បុត្រា