យន្តហោះគ្មានមនុស្សបើក (ដ្រោន/drone) នេះ បានផ្គត់ផ្គង់ឥន្ធនៈនៅលើអាកាស ទៅឱ្យយន្តហោះចម្បាំងមួយគ្រឿង នៅក្នុងព្រឹត្តិការណ៍មួយដែលក្រុមហ៊ុន Boeing ចាត់ទុកថាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍។
ក្រុមហ៊ុន Boeing កាលពីថ្ងៃទី7 ខែមិថុនា បានប្រកាសថា យន្តហោះគ្មានមនុស្សបើកមួយគ្រឿង បានផ្គត់ផ្គង់ប្រេងដល់យន្តហោះចម្បាំងមួយគ្រឿងផ្សេងទៀត ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីការសាកល្បងដោយជោគជ័យ ទៅលើគំរូនៃយន្តហោះគ្មានមនុស្សបើកពិសេស ជំនាញខាងចាក់ប្រេងឱ្យយន្តហោះដទៃ ដែលត្រូវបានកងទ័ពជើងទឹកសហរដ្ឋអាមេរិក ដាក់ឈ្មោះឱ្យថា MQ-25 Stringray។
យន្តហោះគ្មានមនុស្សបើក ដែលត្រូវបានបញ្ជាពីចម្ងាយ បានចាក់សាំងដោយជោគជ័យ ទៅឱ្យយន្តហោះចម្បាំង F/A 18 Super Hornet របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅក្នុងជើងហោះហើរសាកល្បងកាលពីថ្ងៃទី4 ខែមិថុនា ឆ្នាំ2021។
Leanne Caret ដែលជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Boeing Defense បាននិយាយថា៖ «នេះគឺជាព្រឹត្តិការណ៍គួរកត់សម្គាល់ សម្រាប់ក្រុមរួមរបស់ Boeing និងកងទ័ពជើងទឹកអាមេរិក»។
ឧត្តមនាវីទោ Brian Corey ប្រធានការិយាល័យកម្មវិធីអាវុធវាយប្រហារ និងអាកាសចរណ៍គ្មានមនុស្សបើក ឱ្យដឹងថា ជើងហោះហើរសាកល្បងនេះ «ជាគ្រឹះសម្រាប់ការដាក់ឱ្យប្រើប្រាស់នៅលើនាវាផ្ទុកយន្តហោះចម្បាំង ដែលលើកកម្ពស់លទ្ធភាពសម្រាប់និយមន័យ “ប្រព័ន្ធគ្មានមនុស្សបើក”»។
កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាន និងកំពុងជំរុញឱ្យមានការបំពាក់យន្តហោះគ្មានមនុស្សបើកច្រើនជាងមុន ទៅក្នុងកិច្ចការភ័ស្តុភារ ដើម្បីកាត់បន្ថយកម្លាំង និងប្រាក់កាស សម្រាប់អាទិភាពដទៃ។
អនុសេនីយ៍ឯក Chad Reed ប្រធានការិយាល័យនៃកម្មវិធីអាកាសចរណ៍គ្មានមនុស្សបើក របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានហៅព្រឹត្តិការណ៍នោះថាជា «ព្រឹត្តិការណ៍សំខាន់ និងគួរឱ្យចាប់អារម្មណ៍»។
យន្តហោះគ្មានមនុស្សបើកខាងលើ ប្រើប្រាស់ប្រព័ន្ធផ្គត់ផ្គង់ប្រេងនៅលើអាកាស Cobham (ARS) ដែលកងទ័ពជើងទឹកសហរដ្ឋអាមេរិក បំពាក់នៅលើយន្តហោះ Super Hornet មួយចំនួន ដែលធ្វើសកម្មភាពពីនាវាផ្ទុកយន្តហោះរបស់ពួកគេ។ កងទ័ពជើងទឹកអាមេរិក មានគម្រោងទិញយន្តហោះប្រភេទនេះ ជាង 70គ្រឿងទៀត ដើម្បីផ្ទេរយន្តហោះចម្បាំង និងអ្នកបើកបរ ដែលកំពុងធ្វើកិច្ចការផ្គត់ផ្គង់ប្រេង ទៅបំពេញបេសកកម្មប្រយុទ្ធវិញ។
ជើងហោះហើរសាកល្បងខាងលើ ត្រូវបានចាប់ផ្ដើមពីនាវាផ្ទុកយន្តហោះ MidAmerica នៅ Mascoutah នៃរដ្ឋ Illinois ក្បែរមូលដ្ឋានរបស់ក្រុមហ៊ុន Boeing នៅ St. Louis ក្នុងរដ្ឋ Missouri៕
ប្រភព៖ RT
ប្រែសម្រួល៖ បុត្រា