មេបញ្ជាការទ័ពអាកាសប្រចាំមហាសមុទ្រ ប៉ាស៊ីហ្វិក លោក Kenneth Wilsbach បានឱ្យដឹងថា កិច្ចព្រមព្រៀងទិញយន្តហោះហ្វឹកហាត់ T-6 គឺជាចំណុចលេចធ្លោ នៅក្នុងកិច្ចសហការលើវិស័យការពារជាតិ រវាង សហរដ្ឋអាមេរិក-វៀតណាម។
«វៀតណាម បានបញ្ជាទិញយន្តហោះហ្វឹកហាត់ T-6 ដើម្បីកែលម្អកម្មវិធីហ្វឹកហាត់សម្រាប់អ្នកបើកបរយន្តហោះ។ នេះគឺជាចំណុចសំខាន់មួយ និងលេចធ្លោបំផុត នៅក្នុងកិច្ចសហការទ្វេភាគី» ឧត្តមសេនីយ Kenneth Wilsbach មេបញ្ជាការកងទ័ពអាកាសប្រចាំតំបន់មហាសមុទ្រប៉ាស៊ីហ្វិក (PACAF) នៃកងទ័ពអាកាសសហរដ្ឋអាមេរិក ថ្លែងនៅក្នុងសន្និសីទសារព័ត៌នាថ្ងៃនេះ។
ព័ត៌មាននេះ ត្រូវបាន Kenneth Wilsbach លើកឡើង នៅពេលត្រូវបានសួរដល់ទំនាក់ទំនងក្នុងវិស័យការពារជាតិ រវាង វៀតណាម និង សហរដ្ឋអាមេរិក។ ប៉ុន្តែ លោក មិនបានបង្ហើបអំពីចំនួនយន្តហោះ ក៏ដូចជាតម្លៃសរុបនៃយន្តហោះ ដែល វៀតណាម បានបញ្ជាទិញនោះទេ ដោយគ្រាន់តែនិយាយថា សហរដ្ឋអាមេរិក សន្យាផ្គត់ផ្គង់តាមការបញ្ជាទិញនេះ។
វៀតណាម កាលពីឆ្នាំ2018 បានបញ្ជូនអ្នកបើកបរយន្តហោះពីរនាក់ ទៅចូលរួមវគ្គបណ្ដុះបណ្ដាល 52សប្ដាហ៍ ជាមួយនឹងយន្តហោះ T-6 Texan II នៅក្នុងកម្មវិធីគ្រប់គ្រងអាកាសចរណ៍ (ALP) របស់ទ័ពអាកាសអាមេរិក។
T-6 Texan II គឺជាស៊េរីយន្តហោះធុនស្រាល ពីរកៅអី ផលិតដោយក្រុមហ៊ុន Raytheon របស់ អាមេរិក ដោយយោងទៅតាមម៉ូដែល Pilatus PC-9 របស់ប្រទេស ស្វីស។ វាត្រូវបានអភិវឌ្ឍក្នុងទសវត្សរ៍ 1990 និងដាក់ឱ្យប្រើប្រាស់ក្នុងជួរកងទ័ពអាមេរិក ចាប់ពីឆ្នាំ2001៕
ប្រភព៖ VNExpress
ប្រែសម្រួល៖ បុត្រា