នាវា IRIS Kharg របស់កងទ័ពជើងទឹកអ៊ីរ៉ង់ បានលិច បន្ទាប់ពីបានឆេះអស់រយៈពេលជិតមួយថ្ងៃ នៅក្បែរច្រកសមុទ្រ Oman ប៉ុន្តែ មិនមានករណីបាត់បង់ជីវិតមនុស្សនោះទេ។
អគ្គីភ័យ បានឆាបឆេះនៅលើនាវាដឹកជញ្ជូន IRIS Kharg កាលពីថ្ងៃទី1 ខែមិថុនា ក្នុងពេលចូលរួមធ្វើសមយុទ្ធនៅលើដែនសមុទ្ររបស់ទីក្រុង Jask ក្បែរសមុទ្រ Oman។ ក្រុមនាវិក និងសិក្ខាកាមនៃកងទ័ពជើងទឹកទាំងអស់ដែលនៅលើនាវានោះ ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព។
ក្រុមមន្ត្រីរបស់ អ៊ីរ៉ង់ បានបញ្ជូលកម្លាំងទៅជួយពន្លត់អគ្គិភ័យនេះ ប៉ុន្តែ មិនអាចគ្រប់គ្រងស្ថានការណ៍បាន បើទោះបានចំណាយពេលជាង 20ម៉ោង។ សារព័ត៌មានរបស់ អ៊ីរ៉ង់ Fars News រាយការណ៍ថា៖ «ការប្រឹងប្រែងដើម្បីជួយសង្គ្រោះនាវានេះ បានទទួលបរាជ័យ ហើយនាវានេះក៏បានលិច»។
ទាក់ទិននឹងមូលហេតុដែលនាំឱ្យមានអគ្គិភ័យបំផ្លាញនាវានេះ បច្ចុប្បន្ន កងទ័ព អ៊ីរ៉ង់ មិនទាន់បានបង្ហើបឱ្យដឹងនៅឡើយ។
IRIS Kharg គឺជានាវាដឹកជញ្ជូនសំខាន់ ស្ថិតក្នុងកងនាវាចម្បាំង Ol ដែលត្រូវបានផលិតដោយប្រទេសអង់គ្លេស កាលពីឆ្នាំ1977 និងប្រគល់ឱ្យ អ៊ីរ៉ង់ កាលពីឆ្នាំ1984។ IRIS Kharg មានប្រវែង 207ម៉ែត្រ ទទឹង 25.5ម៉ែត្រ និងមានទម្ងន់ជាង 33,000តោន។ នេះគឺជានាវាធំបំផុតរបស់កងទ័ពជើងទឹក អ៊ីរ៉ង់ បើនិយាយពីសមត្ថភាពផ្ទុក។
IRIS Kharg ត្រូវបានគេជឿថា មានតួនាទីសំខាន់ក្នុងការពង្រីកកម្លាំងជើងទឹករបស់ អ៊ីរ៉ង់។ នាវានេះ ផ្គត់ផ្គង់គ្រប់យ៉ាងដែលនាវាចម្បាំងជួរមុខត្រូវការ ហើយវាជួយឱ្យនាវាចម្បាំងខ្នាតតូចរបស់ អ៊ីរ៉ង់ ធ្វើសកម្មភាពក្នុងរយៈពេលយូរ ដោយមិនត្រូវចូលចតញឹកញាប់ដើម្បីចាក់ប្រេង។
IRIS Kharg ក៏អាចផ្ទុកឧទ្ធម្ភាគចក្រប្រភេទធំជាច្រើនគ្រឿង ដូចជា SH-3 Sea King ជាដើម ដើម្បីពង្រីកសមត្ថភាពរបស់ក្រុមប្រយុទ្ធ ក្នុងការប្រមាញ់នាវាមុជទឹករបស់សត្រូវ៕
ប្រភព៖ NY Times, Reuters
ប្រែសម្រួល៖ បុត្រា