កូរ៉េខាងត្បូង កាលពីថ្ងៃទី1 មិថុនា ឆ្នាំ2021 បានប្រកាសបង្ហាញម៉ូដែលរ៉ុក្កែតអវកាសដំបូងដែលប្រទេសនេះបានអភិវឌ្ឍ និងផលិតដោយផ្ទាល់ដៃ។ ប្រទេសនេះ នឹងបំពេញបែបបទចុងក្រោយនានា មុនពេលបាញ់បង្ហោះនៅចុងឆ្នាំនេះ។
សារព័ត៌មាន Yonhap ដកស្រង់ព័ត៌មានពីក្រសួងវិទ្យាសាស្ត្រនិងព័ត៌មានវិទ្យារបស់ កូរ៉េខាងត្បូង ឱ្យដឹងថា គំរូរបស់រ៉ុក្កែត Nuri ត្រូវបានដំឡើងលើជើងទម្រ ក្នុងមជ្ឈមណ្ឌលអវកាស Naro នាស្រុក Goheung ចម្ងាយ 473គីឡូម៉ែត្រទៅទិសខាងត្បូងនៃរដ្ឋធានី សេអ៊ូល។ រ៉ុក្កែតនេះនឹងត្រូវឆ្លងកាត់ការសាកល្បងជាង 1ខែ ហើយត្រូវបាញ់បង្ហោះទៅកាន់ទីអវកាសនៅក្នុងខែតុលា ឆ្នាំ2021នេះ។
កូរ៉េខាងត្បូង បានចំណាយប្រាក់ 1.8ពាន់លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍ Nuri តាំងពីឆ្នាំ2010។ នេះគឺជាម៉ូដែលរ៉ុក្កែតផលិតក្នុងស្រុកដំបូងគេរបស់ កូរ៉េខាងត្បូង។
រ៉ុក្កែងដែលមានទម្ងន់ 200តោន និងប្រើប្រាស់ម៉ាស៊ីនចំនួន 4 នេះ នឹងត្រូវបានបាញ់បង្ហោះអមជាមួយនឹងវត្ថុតំណាងមួយចំនួន នៅក្នុងខែតុលា មុនពេលត្រូវហោះនាំយកផ្កាយរណបទម្ងន់ 200គីឡូក្រាម ទៅកាន់ទីអវកាស នៅក្នុងខែឧសភា ឆ្នាំ2022។
ក្រៅពីនេះ កូរ៉េខាងត្បូង ក៏មានគម្រោងបញ្ជូនផ្កាយរណបដំបូងរបស់ខ្លួន ឡើងទៅកាន់គន្លងតារាវិថី នៃឋានព្រះចន្ទ នៅឆ្នាំក្រោយផងដែរ៕
ប្រភព៖ Yonhap, Koreatimes
ប្រែសម្រួល៖ បុត្រា