Skip to content

ចិន បាញ់បង្ហោះយានដឹកទំនិញ Tianzhou-2 ឡើងទៅកាន់ទីអវកាស ដោយជោគជ័យ

នៅវេលា​ម៉ោង 20និង55នាទី នៃ​ថ្ងៃទី29 ខែឧសភា (ម៉ោង 19និង55នាទី នៅ​កម្ពុជា) ប្រទេស​ចិន បាន​បាញ់​បង្ហោះ​យានអវកាស​ដឹកទំនិញ Tianzhou-2 ឡើងទៅ​កាន់​គន្លង​តារាវិថី​ផែនដី ដោយ​ជោគជ័យ។

យោងតាម​ទីភ្នាក់ងារ​អវកាស​មាន​មនុស្ស​បើក​របស់​ប្រទេស​ចិន (China Manned Space Agency/CMSA) រ៉ុក្កែត Long March-7 ដែល​ដឹក​យានអវកាស Tianzhou-2 ត្រូវបាន​បាញ់​ចេញពី​មូលដ្ឋាន​បាញ់​បង្ហោះ​យានអវកាស Wenchang ស្ថិតនៅ​តំបន់ឆ្នេរ​សមុទ្រ​ភាគ​ខាងកើត​នៃ​ខេត្ត Hainan។

ស្ថានីយអវកាស​ចិន Tiangong

Tianhe គឺជា​ម៉ូឌុល​កាប៊ីន​ស្នូល របស់​ស្ថានីយ​អវកាស​ដែលមាន​ទម្រង់​ជា​អក្សរ T និង​មាន​ឈ្មោះថា Tiangong ដែល​ប្រទេស​ចិន បានកំណត់​គោលដៅ​សាងសង់​ឱ្យបាន​សម្រេច​ជា​ស្ថាពរ នៅ​ចុងឆ្នាំ2022។ ការបាញ់​បង្ហោះ​យានអវកាស Tianzhou-2 គឺជា​លើក​ទី​ពីរ ក្នុងចំណោម 11លើក ដែល​ចិន​បាន​បាញ់​បង្ហោះ​រ៉ុក្កែត​នាំយក​ម៉ូឌុល​ស្នូល​របស់​ស្ថានីយ​អវកាស យានអវកាស​មាន​មនុស្ស​បើក និង​យានអវកាស​ដឹកទំនិញ ឡើងទៅ​កាន់​ទី​អវកាស។

តាម​គម្រោង ដល់​ឆ្នាំ2022 ចិន​នឹង​អាច​ចាប់ផ្ដើម​ដំណើរការ​ស្ថានីយ​អវកាស Tiangong នេះ។ ស្ថានីយ​នេះ​មាន​ទម្ងន់ 100តោន និង​មាន​ទំហំ​គ្រប់គ្រាន់​សម្រាប់​ឱ្យ​អ្នក​អវកាស 3នាក់ ធ្វើការ​ក្នុង​រយៈពេល​យូរ។ Tiangong នឹង​គោចរ​ក្នុង​គន្លង​តារាវិថី​កម្រិត​ទាប​របស់​ផែនដី ដែល​ស្ថិត​លើ​កម្ពស់​ចាប់ពី 340-450គីឡូម៉ែត្រ ពី​ផ្ទៃផែនដី។ នេះ​គឺជា​ស្ថានីយ​អវកាស​ដំបូង​របស់​ប្រទេស​ចិន ដែល​ធ្វើ​សកម្មភាព​យូរអង្វែង​លើ​គន្លង​គោចរ​ភូមិសាស្ត្រ (Geostationary orbit)៕

ប្រភព៖ Reuters
ប្រែ​សម្រួល៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *