សហរដ្ឋអាមេរិក៖ នារីជាវិស្វករម្នាក់ នៅក្នុងរដ្ឋ Ohio បានត្រូវរង្វាន់ 1លានដុល្លារ នៅក្នុងកម្មវិធីចេញឆ្នោតសម្រាប់ពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងបង្ការវីរុសCovid-19 ខណៈដែលសិស្សសាលាមួយរូប ក៏ទទួលបានអាហារូបករណ៍សម្រាប់រៀននៅសាកលវិទ្យាល័យ។
នាង Abbigail Bugenske ត្រូវបានរង្វាន់ 1លានដុល្លារអាមេរិក នេះបើតាមការប្រកាសកាលពីថ្ងៃទី26 ខែឧសភា ឆ្នាំ2021 របស់រដ្ឋ Ohio។ Abbigail Bugenske មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅចំពោះមុខរង្វាន់ដ៏ធំនេះ ហើយបានលើកទឹកចិត្តឱ្យអ្នកដទៃ ទៅទទួលការចាក់វ៉ាក់សាំង ដើម្បីមានឱកាសឈ្នះរង្វាន់ដូចនាង។
ចំណែក សិស្សសាលាម្នាក់ ឈ្មោះ Joseph Costello អាយុ 14ឆ្នាំ ក៏បានត្រូវរង្វាន់ជាអាហារូបករណ៍សម្រាប់រៀននៅមហាវិទ្យាល័យពេញ 4ឆ្នាំ។ Joseph Costello អាចរៀននៅសាកលវិទ្យាល័យណាក៏បាន។
«បើសិនអ្នកកំពុងស្ថិតក្នុងវ័យចាប់ពី 12 ដល់ 17ឆ្នាំ និងបានទទួលការចាក់វ៉ាក់សាំងយ៉ាងតិច 1ដូស នោះអ្នកអាចមានសំណាងឈ្នះរង្វាន់បន្ទាប់!» អភិបាលរដ្ឋ Ohio លោក Mike DeWine បានបង្ហោះសារនៅលើ Twitter ដូច្នេះ។
រដ្ឋ Ohio នៅតែតម្កល់រង្វាន់ 4លានដុល្លារ ហើយថា នឹងប្រកាសឈ្មោះអ្នកត្រូវរង្វាន់បន្ទាប់ នៅក្នុងព្រឹត្តិការណ៍ទិវានៃការចងចាំ 31ឧសភាខាងមុខ។
ក្រុមមន្ត្រីសុខាភិបាល បានឱ្យដឹងថា ពលរដ្ឋជិត 2.8លាននាក់ បានចូលរួមចាប់រង្វាន់ បន្ទាប់ពីបានទទួលការចាក់វ៉ាក់សាំងបង្ការវីរុសCovid-19។
សហរដ្ឋអាមេរិក ដំបូងឡើយ មានពលរដ្ឋជាច្រើននាំគ្នាទៅចាក់វ៉ាក់សាំង។ ក៏ប៉ុន្តែ ក្រោយមក ចំនួននេះចេះតែថយចុះពីមួយថ្ងៃ ទៅមួយថ្ងៃ ដោយសារតែមានព័ត៌មានទាក់ទិននឹងករណីប្រតិកម្ម និងបញ្ហាសុខភាព ក្រោយពីបានទទួលការចាក់វ៉ាក់សាំង។ មូលហេតុនេះ ធ្វើឱ្យរដ្ឋជាច្រើនរបស់អាមេរិក ធ្វើសកម្មភាពជាច្រើនដើម្បីទាក់ទាញពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងបង្ការ Covid-19៕
ប្រភព៖ NY Post
ប្រែសម្រួល៖ បុត្រា