Skip to content

ប្រធានាធិបតី ស៊ី​រី Bashar al-Assad ជាប់ឆ្នោត​អាណត្តិ​ទី​បួន

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​តាម​អន​ឡាញ កាលពី​ថ្ងៃទី27 ខែឧសភា ប្រធានរដ្ឋសភា ស៊ី​រី លោក Hammouda Sabbagh ប្រកាសថា ប្រធានាធិបតី Bashar al-Assad បាន​ជាប់ឆ្នោត​អាណត្តិ​ទី4 ដោយមាន​សំឡេងឆ្នោត​គាំទ្រ 94.1% នៅក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃទី26 ខែឧសភា ឆ្នាំ2021។

យោងតាម​ប្រធានសភា Sabbagh ម្ចាស់ឆ្នោត​ចំនួន 14.2លាន​នាក់ ដែល​ស្មើនឹង 76.64% នៃ​ប្រជាជន​ពេញវ័យ​សរុប​របស់​ប្រទេស​នេះ បាន​ទៅ​បោះឆ្នោត។ លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​នេះ​ក៏បាន​ឱ្យដឹងថា បេក្ខភាព​ប្រធានាធិបតី 2រូប​ទៀត គឺ អតីត​អនុប្រធាន​ខុទ្ទកាល័យ Abdallah Saloum Abdallah ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន​ 1.5% និង​លោក Mahmoud Ahmed Marei មេដឹកនាំ​បក្សប្រឆាំង​តូច​មួយ​របស់ ស៊ី​រី ទទួលបាន 3.3%។

ប្រធានរដ្ឋសភា ស៊ីរី លោក Hammouda Sabbagh

នេះ​គឺជា​ការបោះឆ្នោត​លើក​ទី​ពីរ​នៅ ស៊ី​រី  រាប់​ចាប់តាំងពី​ប្រទេស​នេះ​បាន​ធ្លាក់​ទៅក្នុង​សង្គ្រាម​កាលពី​ឆ្នាំ2011។ នៅក្នុង​ការបោះឆ្នោត​លើកទីមួយ ដែល​ធ្វើឡើង​កាលពី​ឆ្នាំ2014 លោក al-Assad ទទួលបាន​សំឡេងឆ្នោត​គាំទ្រ 88%។

នៅក្នុង​ការបោះឆ្នោត​លើក​នេះ ពាក្យស្លោក​សម្រាប់​ការឃោសនា​រក​សំឡេងឆ្នោត​របស់លោក al-Assad គឺ «ក្ដីសង្ឃឹម​តាមរយៈ​ការងារ»។ គោលដៅ​របស់​មេដឹកនាំ​វ័យ 55ឆ្នាំ​រូបនេះ នោះ​គឺ​តាមរយៈ​ការងារ​ដើម្បី​ស្ដារ​ប្រទេសជាតិ​ឡើងវិញ ក្នុង​គ្រា​កំពុង​ឈរ​នៅ​ចំពោះមុខ​ឧបសគ្គ​ជាច្រើន បន្ទាប់ពី​រងគ្រោះ​ដោយសារ​សង្គ្រាម។ នៅ​ចំពោះមុខ ការដោះស្រាយ​បញ្ហា Covid-19 គឺជា​រឿង​អាទិភាព៕

ប្រភព​៖ Rueters
ប្រែសម្រួល​៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *