អ្នកយកព័ត៌មានមួយរូបរបស់ទស្សនាវដ្ដី Washington Examiner ទើបតែបានបង្ហើបឱ្យដឹងថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានប្រទះឃើញវត្ថុចម្លែកមួយចំនួនដែលផ្លាស់ទីក្នុងល្បឿនយ៉ាងលឿននៅខាងក្រោមផ្ទៃទឹកសមុទ្រ សង្ស័យថាជា យានអវកាសរបស់មនុស្សពិភពផ្កាយ។
យោងតាមសារព័ត៌មាន Sputnik អ្នកកែសែតឈ្មោះ Tom Rogan ដែលធ្វើការឱ្យទស្សនាវដ្ដី Washington Examiner បានចែករំលែកឱ្យដឹងពីហេតុការណ៍ខាងលើ ជាមួយនឹងពិធីករ Tucker Carlson របស់ទូរទស្សន៍ Fox News ក្នុងពេលកំពុងជជែកគ្នាអំពីវីដេអូខ្លីមួយដែលត្រូវបានថតពីនាវាចម្បាំង USS Omaha កាលពីខែកក្កដា ឆ្នាំ2019។ វីដេអូខ្លីមួយនេះ បង្ហាញពីវត្ថុចម្លែកមួយដែលមានរូបរាងតូច និងសណ្ឋានមូល ហោះក្បែរផ្ទៃទឹកសមុទ្រ រួចក៏មុជចូលក្នុងទឹក។
អ្នកសារព័ត៌មាន Rogan និយាយថា ក្រៅពីវីដេអូបង្ហាញពីវត្ថុហោះ និងមុជទឹកដ៏ចម្លែក ដែលត្រូវបានគេសង្ស័យថាមកពីពិភពខាងក្រៅ នាវាមុជទឹកវាយប្រហារ និងនាវាមុជទឹកនុយក្លេអែរ របស់សហរដ្ឋអាមេរិក ក៏ចាប់បានរលកសញ្ញារបស់វត្ថុចម្លែកមួយចំនួន ដែលផ្លាស់ទីក្នុងល្បឿនរាប់រយ knot (1 knot ប្រហែលនឹង 1.85 គីឡូម៉ែត្រ/ម៉ោង) ក្រោមទឹកសមុទ្រផងដែរ។
Rogan ថ្លែងថា លោកទទួលបានព័ត៌មាននេះ ពីប្រភពមួយចំនួនដ៏គួរជាទីទុកចិត្ត និងបានអះអាងថា កងទ័ពជើងទឹករបស់ សហរដ្ឋអាមេរិក ក៏មានទិន្នន័យទាក់ទិននឹងហេតុការណ៍នេះដែរ។
ទូរទស្សន៍ RT របស់រុស្ស៊ី បានឱ្យដឹងថា នៅក្នុងអំឡុងពេលដែលវីដេអូខាងលើត្រូវបានថតកាលពីខែកក្កដា ឆ្នាំ2019 មាននាវាចម្បាំងសហរដ្ឋអាមេរិក ចំនួន 3គ្រឿង រួមមាន USS Kidd, USS Rafael Peralta និង USS John Finn ដែលកំពុងបំពេញបេសកកម្មនៅក្នុងតំបន់ San Diego ត្រូវបានយានហោះហើរចម្លែកចំនួន 6គ្រឿង ហោះមកក្បែរ ក្នុងល្បឿន 64គម/ម៉ោង អស់រយៈពេលជាច្រើនថ្ងៃ។ យានចម្លែកទាំងនេះ ត្រូវបានគេជឿថា មានសមត្ថភាពអស្ចារ្យជាងយន្តហោះគ្មានមនុស្សបើក របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកទៅទៀត៕
ប្រភព៖ Fox News, Sputnik
ប្រែសម្រួល៖ បុត្រា