Skip to content

បាញ់រះ​ដោយ​កាំភ្លើង​ លើ​មនុស្ស 80នាក់ ក្នុង​ចំណត​រថភ្លើង​មួយ នៅ សហរដ្ឋ​អាមេរិក! 9នាក់​បាន​ស្លាប់

សហរដ្ឋអាមេរិក៖ បុគ្គលិក​ផ្នែក​ដឹកជញ្ជូន​ម្នាក់ បាន​យក​កាំភ្លើង​បាញ់រះ សម្លាប់​មិត្ត​រួម​ការងារ​ចំនួន 8នាក់ មុនពេល​ធ្វើអត្តឃាត នៅឯ​ចំណត​រថភ្លើង​មួយកន្លែង​ក្នុង​រដ្ឋ California កាលពី​ថ្ងៃទី26 ខែឧសភា 2021។

ក្រុមមន្ត្រី​សហរដ្ឋអាមេរិក នៅ​មូលដ្ឋាន បានឱ្យដឹងថា ករណី​បាញ់រះ​នេះ​កើតឡើង​នៅវេលា​ម៉ោង 6និង30នាទី នៃ​ថ្ងៃទី26 ខែឧសភា ឆ្នាំ2021 (ម៉ោង​នៅ​ភ្នំពេញ) នៅក្នុង​កិច្ចប្រជុំ​មួយ​ដែលមាន​វត្តមាន​មនុស្ស​យ៉ាងតិច 80នាក់។ ជនរងគ្រោះ 8នាក់​ដែល​ត្រូវបាន​បាញ់សម្លាប់ និង​ម្នាក់​រួចផុត​ពី​ការស្លាប់​ក្នុងស្ថានភាព​អាច​គ្រោះថ្នាក់​ដល់​ជីវិត សុទ្ធតែជា​បុគ្គលិក​របស់​ស្ថាប័ន​ដឹកជញ្ជូន​មួយ ដែលមាន​ទីតាំង​នៅក្បែរ​ព្រលានយន្តហោះ​នៃ​ទីក្រុង San Jose ភាគខាងត្បូង​ទីក្រុង San Francisco នៃ​រដ្ឋ California។

«ក្រៅពីនេះ ហេតុការណ៍​ក៏មាន​ជនរងគ្រោះ​ជាច្រើន​នាក់​ត្រូវ​រងរបួស​ផងដែរ។ ភ្លាមៗនៅពេល​ករណី​បាញ់រះ​កំពុង​កើតឡើង ក្រុមប៉ូលិស​ក៏បាន​ទៅដល់​កន្លែងកើតហេតុ» នេះ​បើតាម Russell Davis ស្នងការរង​ប៉ូលិស​ប្រចាំ​តំបន់ Santa Clara។

ទីតាំងកើត​ហេតុ

Laurie Smith ស្នងការ​ប៉ូលិស​តំបន់ Santa Clara និយាយថា «ខ្ញុំ​ជឿជាក់ថា នៅពេល​ដឹងថា កម្លាំង​ប៉ូលិស​បាន​ទៅដល់ ជន​នោះ​ក៏បាន​ធ្វើអត្តឃាត។ កងកម្លាំង​របស់​យើង បាន​ទៅដល់​កន្លែងកើតហេតុភ្លាម»។

ក្រុម​ដោះ​គ្រាប់បែក ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែងកើតហេតុ ក្នុងនោះ សុនក​ជំនាញ បាន​រកឃើញ «វត្ថុ​ធាតុ​នៃ​គ្រឿងផ្ទុះ​មួយចំនួន​នៅក្នុង​កន្លែងកើតហេតុ» និង​កំពុង​បន្ត​ស្វែងរក​នៅ​បរិវេណ​ជុំវិញ​ចំណត​រថភ្លើង កាលពី​ល្ងាច​ថ្ងៃទី26 ខែឧសភា។

ជនដៃដល់​ត្រូវបាន​គេ​ដឹងថា ឈ្មោះ Samuel Cassidy ជា​បុគ្គលិក​នៅ​ស្ថាប័ន​ដឹកជញ្ជូន​ក្នុង​តំបន់ Santa Clara ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវាកម្ម​រថយន្ត​ដឹក​អ្នកដំណើរ និង​រថភ្លើង​សម្រាប់​តំបន់ San Jose។

Laurie Smith ស្នងការប៉ូលិសតំបន់ Santa Clara

ករណី​ខាងលើនេះ ក៏មាន​វត្តមាន​របស់​ក្រុមប៉ូលិស FBI និង​ក្រុមហ៊ុន​ពន្លត់​អគ្គិភ័យ​ផងដែរ។ ប៉ូលិស​ក៏​ស៊ើបអង្កេត​លើ​ករណី​អគ្គិភ័យ​មួយ​ដែល​ត្រូវបាន​គេ​ជឿថា ជាប់​ទាក់ទិន​នឹង​ជនដៃដល់​ក្នុងករណី​បាញ់រះ​នេះ។

ថ្មីៗនេះ អំពើ​បាញ់ប្រហារ​នៅ​សហរដ្ឋអាមេរិក បាន និង​កំពុង​កើតមាន​ជា​បន្តបន្ទាប់។ ករណី​ជាច្រើន​បានកើត​ឡើង​នៅ​ឯក​រិ​យា​ល័យ​នៃ​ក្រុមហ៊ុន​ដឹកជញ្ជូន FedEx នៅ​តំបន់ Indianapolis, អគារ​ក​រិ​យា​ល័យ​មួយ​នៅ California, ហាង​ទំនិញ​មួយ​នៅ Colorado និង​ហាង​ម៉ាស្សា​មួយចំនួន​នៅ Atlanta។

កាលពី​ខែ​មុន ប្រធានាធិបតី​អាមេរិក បាន​ហៅ​អំពើ​បាញ់ប្រហារ​ដោយ​កាំភ្លើង​នៅ​សហរដ្ឋអាមេរិក ថា​ជា «ជំងឺឆ្លង» និង​ជា «អំពើ​គួរឱ្យ​អៀនខ្មាស​នៅ​ចំពោះមុខ​ពិភពលោក»។ កាលពី​ឆ្នាំ2020 ករណី​បាញ់ប្រហារ​ដោយ​កាំភ្លើង​នានា​នៅ​សហរដ្ឋ​អាមេរិក បានសម្លាប់​មនុស្ស​ជាង 43,000នាក់៕

ប្រភព៖ Reuters
ប្រែ​សម្រួល៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *