ទាហានសហរដ្ឋអាមេរិក ប្រើប្រាស់កែវយឹតរាត្រី ENVG-B បង្ហាញវត្ថុនានាដែលស្ថិតក្នុងទីងងឹត ឱ្យមើលឃើញច្បាស់ ជាមួយនឹងខ្សែរស្មីព័ទ្ធជុំវិញរូបភាព យ៉ាងលម្អិត ប្រៀបដូចនៅក្នុងហ្គេមអេឡិចត្រូនិក។
សារព័ត៌អាមេរិក កាលពីថ្ងៃទី24 ខែឧសភា ឆ្នាំ 2021 បានចុះផ្សាយវីដេអូ ដែលមានប្រភពពីកងទ័ព បង្ហាញពីក្រុមទាហានប្រទេសនេះ ប្រើប្រាស់កែវយឹតសម្រាប់មើលពេលយប់ជំនាក់ថ្មី ដែលមានឈ្មោះថា ENVG-B។ តាមរយៈ ENVG-B គេអាចមើលឃើញរូបភាពក្នុងស្បៃរាត្រី បានយ៉ាងច្បាស់ ដោយមានជំនួយពីខ្សែពន្លឺដ៏ភ្លឺ ដែលជាស៊ុមព័ទ្ធជុំវិញរូបភាព នៅលើផ្ទៃទិដ្ឋភាពពណ៌ក្រហម-ប្រផេះ។
នៅក្នុងវីដេអូនេះ ក្រុមទាហានអាមេរិក និងទិដ្ឋភាពនានា ត្រូវបានបង្ហាញយ៉ាងច្បាស់ ដោយកែវយឹត ENVG-B បើទោះជាពួកគេកំពុងបញ្ចូលគ្រាប់កាំភ្លើងធំ M777 នៅក្នុងទីងងឹត។ គ្រាប់កាំភ្លើងដែលបានបាញ់ចេញ ត្រូវបានមើលឃើញច្បាស់ ដោយវាបង្ហាញពន្លឺពណ៌ខៀវ-ប្រផេះ។
ក្រុមមន្ត្រីការពារជាតិ បានឱ្យដឹងថា ENVG-B គឺជាផលិតផលនៃកម្មវិធីទំនើបកម្មសព្វាវុធ ដែលត្រូវបានអភិវឌ្ឍអស់ជាច្រើនឆ្នាំមកហើយ ដោយក្រុមហ៊ុន Elbit Systems of America។ ENVG-B អាចត្រូវបានបំពាក់លើមួកសុវត្ថិភាពរបស់ទាហាន។
ENVG-B គឺជាកំណែថ្មីនៃកែវយឹតរាត្រីជំនាក់មុនរបស់កងទ័ពអាមេរិក ដោយវាត្រូវបានបំពាក់ប្រព័ន្ធស្កេនកំដៅរូបភាព (Thermal imaging systems) និងប្រព័ន្ធបង្កើនភាពជាក់ស្ដែង (Augmented reality) ដែលច្នៃឡើងដោយប្រើប្រាស់មូលដ្ឋាននៃបច្ចេកវិទ្យានៅលើទូរស័ព្ទ និងម៉ាស៊ីនលេងហ្គេម។
កន្លងមក កែវយឹតរាត្រីបុរាណរបស់កងទ័ពអាមេរិក បង្ហាញរូបភាពនៅលើផ្ទៃពណ៌បៃតង ដែលនេះអាចធ្វើឱ្យចុករោយភ្នែក និងអស់កម្លាំង បើសិនប្រើប្រាស់យូរ។ ចំណែក ENVG-B ផ្ដល់រូបភាពច្បាស់ជាង និងជួយឱ្យទាហានមានភាពងាយស្រួលក្នុងការមើលឃើញសត្រូវនៅខាងក្រោយផ្សែង និងក្នុងស្ថានភាពអាកាសធាតុមិនល្អ។
ENVG-B ថែមទាំងមានមុខងារបង្ហាញផែនទី ប្រព័ន្ធនាំផ្លូវ និងតំណភ្ជាប់ឥតខ្សែ ជួយឱ្យក្រុមទាហាន ងាយស្រួលចែករំលែកទីតាំងរបស់សត្រូវដែលពួកគេបានឃើញ។
«ជាមួយនឹងកំណែមុនរបស់ ENVG-B អ្នកស្ទើរតែមិនអាចមើលឃើញអ្វី នៅពេលមានគ្រាប់បែកផ្ទុះ ឬមានពន្លឺដ៏ខ្លាំងអ្វីមួយបង្ហាញខ្លួន។ ចំណែក ENVG-B វិញ មានបំពាក់ប្រព័ន្ធលៃពន្លឺ ដូច្នេះ អ្នកអាចប្រើវាបានក្នុងពេលមានពន្លឺខ្លាំងកំពុងជះមក» នេះបើតាម Daniel Mathews មន្ត្រីយោធាមួយរូប ទទួលបន្ទុកផ្នែកព័ត៌មានរបស់កងពលតូចថ្មើរជើងលេខ2 នៃកងពលធំថ្មើរជើងលេខ2 របស់កងទ័ពជើងគោកសហរដ្ឋអាមេរិក។
ក្រុមហ៊ុន Elbit បានចុះកិច្ចព្រមព្រៀង ផ្គត់ផ្គង់កែវយឹតរាត្រី ENVG-B ដែលមានតម្លៃសរុប 442លានដុល្លារ ទៅឱ្យកងទ័ពសហរដ្ឋអាមេរិក និងបានផ្ដើមប្រគល់ផលិតផល ចាប់ពីឆ្នាំ2020៕
ប្រភព៖ Washington Post
ប្រែសម្រួល៖ បុត្រា