អ្នកដំណើរនៅរាជធានី គូឡាឡាំពួ នៃប្រទេសម៉ាឡេស៊ី ជាង 200នាក់ បានរងរបួស នៅក្នុងហេតុការណ៍ប៉ះគ្នារវាងរថភ្លើងល្បឿនលឿនស្វ័យប្រវត្ត (LRT) ពីរគ្រឿង ដែលមួយគ្រឿងមានស្លាកលេខ40 និងមួយទៀតលេខ81 នៅត្រង់ចំណុចផ្លូវរូងក្រោមដី កាលពីយប់ថ្ងៃទី24 ខែឧសភា ឆ្នាំ2021។
យោងតាមប្រភពព័ត៌មានពីប្រទេស ម៉ាឡេស៊ី ករណីនេះបានកើតឡើង បន្ទាប់ពីរថភ្លើងលេខ40 ដែលដឹកអ្នកដំណើរពីចំណត Ampang បានប៉ះទង្គិចជាមួយនឹងរថភ្លើងលេខ81 ដែលមិនមានអ្នកដំណើរ បណ្ដាលឱ្យអ្នកដំណើរទាំងអស់នៅលើរថភ្លើងលេខ40 ត្រូវខ្ទាតចេញពីកន្លែងអង្គុយ ហើយមនុស្សជាច្រើនក៏ត្រូវរងរបួស ក្នុងនោះមាន 47នាក់ រងរបួសធ្ងន់។ មុនពេលប៉ះគ្នា រថភ្លើងទាំងនេះធ្វើដំណើរក្នុងល្បឿនយឺត ពោលគឺមួយគ្រឿងមានល្បឿន 20គម/ម៉ោង និងមួយគ្រឿងទៀតមានល្បឿន 40គម/ម៉ោង។
Azhar Ghazali ដែលជាតំណាងរបស់ក្រុមហ៊ុនដឹកជញ្ជូន LRT បានឱ្យដឹងថា សមត្ថកិច្ចកំពុងញាប់ដៃ-ញាប់ជើង ជួយសង្គ្រោះអ្នកដំណើរក្នុងហេតុការណ៍នេះ។ មូលហេតុនៃគ្រោះថ្នាក់ ត្រូវបានគេជឿថា បណ្ដាលមកពីការភាន់ច្រឡំនៅក្នុងផ្នែកដោះស្រាយព័ត៌មាន។
មន្ត្រីនៃប្រទេស ម៉ាឡេស៊ី បានបញ្ជាក់ថា នេះគឺជាលើកដំបូងហើយដែលប្រព័ន្ធ LRT ជួបបញ្ហាគ្រោះថ្នាក់ដូច្នេះ ក្រោយដំណើរការបាន 23ឆ្នាំ។ នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក Muhyiddin Yassin បានស្នើឱ្យក្រសួងដឹកជញ្ជូន ស៊ើបអង្កេតលើករណីគ្រោះថ្នាក់នេះ និងជួយសង្គ្រោះជនរងគ្រោះឱ្យទាន់ពេលវេលា៕
ប្រភព៖ Reuters, CNN
ប្រែសម្រួល៖ បុត្រា