ក្មេងប្រុសជំទង់ម្នាក់ ដែលចងដបជ័រជុំវិញខ្លួន យំបណ្ដើរ ហែលឆ្លងសមុទ្របណ្ដើរ ហើយព្យាយាមរត់គេចពីទាហាន សំដៅឆ្លងកាត់ជញ្ជាំង ដើម្បីចូលទៅកាន់ទីក្រុង Ceuta នៃប្រទេស អេស្ប៉ាញ។
ក្មេងជំទង់ដែលមានវ័យប្រហែល 13-14ឆ្នាំរូបនេះ គ្រាន់តែជាមនុស្សម្នាក់ប៉ុណ្ណោះ ក្នុងចំណោមជនចំណាកស្រុក ម៉ារ៉ុក រាប់ពាន់នាក់ ដែលព្យាយាមហែលឆ្លងសមុទ្រ ចូលទៅកាន់ទីក្រុង Ceuta ក្នុងសប្ដាហ៍នេះ។ ជនចំណាកស្រុកប្រហែល 1,500 មកពីប្រទេស ម៉ារ៉ុក ភាគច្រើនជាកូនក្មេង និងក្មេងជំទង់។
រូបភាពក្មេងជំទង់មួយរូបខាងលើនេះ ត្រូវបានគេចែករំលែងពេញបណ្ដាញសង្គម។ បន្ទាប់ពីបានឡើងដល់ច្រាំង ក្មេងនេះក៏ប្រញាប់ស្រាយដបចេញពីខ្លួន រួចរត់សំដៅជញ្ជាំងរបង ដើម្បីចូលទៅទីក្រុង Ceuta មុនពេលត្រូវកម្លាំងសន្តិសុខរបស់ អេស្ប៉ាញ ឃាត់ខ្លួន។
គេមិនបានដឹងថា នឹងមានរឿងអ្វីកើតឡើងចំពោះកុមាររូបនេះ បន្ទាប់ពីត្រូវបានចាប់ឃាត់ខ្លួន។ ការបណ្ដេញចេញក្មេងមិនទាន់គ្រប់អាយុ ត្រូវបានចាត់ទុកថាជាសកម្មភាពខុសច្បាប់ នៅប្រទេស អេស្ប៉ាញ ជាហេតុនាំឱ្យមានកុមារ និងក្មេងជំទង់ជាច្រើនសម្រុកធ្វើចំណាកស្រុកមកកាន់ទឹកដីនេះ។
ចំនួនពលរដ្ឋចំណាកស្រុកចូលមកកាន់ប្រទេស អេស្ប៉ាញ ថ្មីៗនេះ បានកើនឡើងយ៉ាងឆាប់រហ័ស ក្នុងគ្រាដែលភាពតានតឹង រវាង ប្រទេស អេស្ប៉ាញ និង ម៉ារ៉ុក កំពុងកើតឡើង ជុំវិញបញ្ហាមេដឹកនាំ Brahim Ghali របស់ក្រុមផ្ដាច់ខ្លួន Polisario ជាចលនាមួយដែលចង់ឱ្យតំបន់ សាហារ៉ាខាងលិច ក្លាយជាប្រទេសឯករាជ្យពីប្រទេស ម៉ារ៉ុក។
រដ្ឋមន្ត្រីការពារជាតិរបស់ អេស្ប៉ាញ លោកស្រី Margarita Robles កាលពីថ្ងៃទី20 ខែឧសភា បានចោទប្រកាន់អាជ្ញាធរប្រទេស ម៉ារ៉ុក ថា មិនអើពើ ចំពោះពលរដ្ឋ ម៉ារ៉ុក ដែលឆ្លងដែនខុសច្បាប់ចូលទឹកដី អេស្ប៉ាញ។ Margarita Robles ចោទថា ម៉ារ៉ុក បានរុញច្រានជនចំណាកស្រុករាប់ពាន់នាក់ ក្នុងនោះមានទាំងកុមារ និងក្មេងជំទង់ផងដែរ ឱ្យប្រឈមនឹងស្ថានភាពគ្រោះថ្នាក់ដល់ជីវិត នៅពេលបណ្ដោយឱ្យពួកគេហែលឆ្លងសមុទ្រ ចូលតំបន់ Ceuta។
Ceuta គឺជាទីក្រុងស្វយ័តមួយរបស់ប្រទេស អេស្ប៉ាញ ស្ថិតនៅតំបន់ឆ្នេរសមុទ្រអាហ្វ្រិកខាងជើង និងមានព្រំដែនជាប់នឹងប្រទេស ម៉ារ៉ុក ប្រវែង 6.4គីឡូម៉ែត្រ។ ទីក្រុងនេះ ត្រូវខណ្ឌចែកពីទឹកដី ម៉ារ៉ុក ដោយរបងព្រំដែនដែលមានកម្ពស់រហូតដល់ 10ម៉ែត្រ។ ក្រុមពលរដ្ឋចំណាកស្រុក ភាគច្រើនជ្រើសរើសវិធីហែលឆ្លងសមុទ្រ ដើម្បីឆ្លងដែនចូលតំបន់អឺរ៉ុប៕
ប្រភព៖ Independent
ប្រែសម្រួល៖ បុត្រា