Skip to content

(វីដេអូ)-ចិនប្រើប្រាស់គ្រឿងចក្រពិសេស បាញ់អាចម៍ដីឡើងលើភ្នំត្រងោល ដើម្បីកែលម្អបរិស្ថាន

ថ្មីៗនេះ បណ្ដាល​ទូរទស្សន៍​អន្តរ​ជាតិចិន CGTN (China Global Television Network) បានចេញ​ផ្សាយ​វីដេអូ​មួយ បង្ហាញ​ពី​សកម្មភាព​កម្មករ ប្រើប្រាស់​ម៉ាស៊ីន​ពិសេស បាញ់​អាចម៍ដី ឡើង​ទៅលើ​ភ្នំ​ត្រងោល ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការ​ដុះដាល​របស់​រុក្ខជាតិ។

នៅ​ជាយក្រុង Taiyuan នៃ​ខេត្ត Shanxi របស់​ប្រទេស​ចិន ក្រុមកម្មករ​ក្នុង​តំបន់ កំពុង​នាំគ្នា​ប្រើប្រាស់​គ្រឿងចក្រ​ពិសេស បាញ់​អាចម៍ដី​ដែលមាន​ជីជាតិ ឡើង​ទៅលើ​ភ្នំ​ត្រងោល។ ក្រៅពី​មាន​ផ្ទុក​ជីសរីរាង្គ និង cellulose ដែល​ជួយ​ឱ្យ​រុក្ខជាតិ​រីក​លូត​លាត់​បានល្អ​ជាង​ធម្មតា​អាចម៍ ដី​នេះ​ក៏មាន​ផ្ទុក​គ្រាប់ពូជ​នៃ​រុក្ខជាតិ​ផងដែរ។ គ្រាប់ពូជ​នេះ នឹង​ដុះ​ឡើង​យ៉ាង​ឆាប់ ហើយ​គ្របដណ្ដប់​ពណ៌​បៃតង នៅលើ​ភ្នំ​នេះ។

សកម្មភាព​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​នៅឯ​ភ្នំ Muyun ដែលមាន​អណ្ដូងរ៉ែ​ថ្មកំបោរ​រាប់សិប​កន្លែង ដែល​បន្សល់ទុក​កាលពី​ជាង​មួយ​ទសវត្សរ៍​មុន។ តំបន់​នេះ ធ្លាប់​ជាទី​ដ៏​ហួតហែង​នាពេល​កន្លង។

ឆ្នាំ2017 អាជ្ញាធរ​ក្នុង​តំបន់ បាន​បិទទ្វារ​អណ្ដូងរ៉ែ​ចំនួន 14កន្លែង និង​ចាប់ផ្ដើម​ស្ដារ​បរិស្ថាន​នៅទីនេះ​ឡើងវិញ។ ក្នុងដំណាក់កាល​នៃ​ការដាំ​ព្រៃ រណ្ដៅ​រ៉ែ ជាច្រើន​ក៏ត្រូវ​បាន​ចាក់ដី​បំពេញ។ បច្ចុប្បន្ន ផ្ទៃដី​ភាគច្រើន​នៃ​តំបន់​នេះ កំពុង​គ្របដណ្ដប់​ដោយ​រុក្ខជាតិ​ពណ៌​បៃតង​យ៉ាង​ត្រជាក់​ភ្នែក ហើយ​កម្មករ​អណ្ដូងរ៉ែ ក៏បាន និង​កំពុង​ងាក​ទៅ​ដាំ​ដើមឈើ ដើម្បី​រកប្រាក់​ចិញ្ចឹមជីវិត។ ការងារ​ថ្មី​នេះ នាំមក​នូវ​ប្រាក់ចំណូល​ច្រើន​ដល់​ក្រុមកម្មករ និង​ជួយ​ឱ្យ​បរិស្ថាន​​បានល្អ​ប្រសើរ​ជាង​មុន៕

ប្រភព៖ CGTN
ប្រែ​ស្រួល៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *