Skip to content

អាមេរិក សន្យាថា កសាង ហ្គា​ហ្សា ឡើងវិញ និង​បន្ថែម​រ៉ុក្កែត​ឱ្យ​ប្រព័ន្ធ Iron Dome របស់​អ៊ីស្រាអែល តែ​មិន «លេង​ចូល» ក្រុម ហា​ម៉ាស

ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​សន្យាថា នឹង​ជួយ​កសាង​តំបន់ ហ្គា​ហ្សា របស់ ប៉ា​លេ​ស្ទី​ន និង​ស្ដារ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល Iron Dome របស់​កងទ័ព អ៊ីស្រាអែល ឡើងវិញ បន្ទាប់ពី អ៊ីស្រាអែល និង ប៉ា​លេ​ស្ទី​ន សម្រេចបាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​នៅ ហ្គា​ហ្សា។

នៅក្នុង​ប្រកាស​មួយ ពី​សេត​វិមាន កាលពី​ថ្ងៃទី20 ខែឧសភា ប្រធានាធិបតី សហរដ្ឋអាមេរិក លោក Joe Biden បាន​ថ្កោលទោស​កងជីវពល ហា​ម៉ាស និង​បានឱ្យដឹងថា លោក​បាន​ពិភាក្សា​តាម​ទូរស័ព្ទ​ចំនួន 6លើក ជាមួយនឹង​នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu ក្នុងអំឡុង 11ថ្ងៃ ដែល អ៊ីស្រាអែល និង​ក្រុម ហា​ម៉ាស ប្រយុទ្ធ​គ្នា។

«យើង​នៅតែ​សន្យាថា ធ្វើការ​ជាមួយ​អង្គការសហប្រជាជាតិ និង​ភាគី​អន្តរជាតិ​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ ដើម្បី​ផ្ដល់ជំនួយ​មនុស្សធម៌​ឆាប់រហ័ស និង​សហការ​ផ្ដល់ជំនួយ​ជា​អន្តរជាតិ ដល់​ប្រជាជន​នៅ​តំបន់ ហ្គា​ហ្សា ក៏ដូចជា​ការកសាង​តំបន់​នេះ​ឡើងវិញ» លោក Biden ថ្លែង​ដូច្នេះ។

លោក Joe Biden

ក៏ប៉ុន្តែ ប្រធានាធិបតី សហរដ្ឋអាមេរិក សង្កត់ធ្ងន់ថា៖ «យើង​នឹងធ្វើ​ដូច្នេះ នៅក្នុង​កិច្ចសហការ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​អាជ្ញាធរ ប៉ា​លេ​ស្ទី​ន តែប៉ុណ្ណោះ ពោ​ក​គឺ​មិនមែនជា​មួយក្រុម ហា​ម៉ាស នោះឡើយ ហើយ​មិន​អនុញ្ញាតឱ្យ​ក្រុម ហា​ម៉ាស បំពាក់អាវុធ​របស់ខ្លួន​ឡើងវិញ»។

ហា​ម៉ាស ដែលជា​អង្គការ​អ៊ីស្លាម​ជ្រុលនិយម​មួយ មាន​ទំនាក់ទំនង​ជាមួយនឹង​អង្គការ​បងប្អូន​មូស្លីម របស់​អេ​ហ្ស៊ី​ប (Egypt’s Muslim Brotherhood) បាន​គ្រប់គ្រង​តំបន់ ហ្គា​ហ្សា ចាប់តាំងពី​ឆ្នាំ2017 ខណៈដែល​អាជ្ញាធរ ប៉ា​លេ​ស្ទី​ន របស់​ប្រធានាធិបតី Mahmoud Abbas គ្រប់គ្រង​បានតែ​តំបន់ វេស​ប៊ែ​ង (West Bank) ប៉ុណ្ណោះ។

ផែន​ទីបង្ហាញ​ពី​ការ​បាត់​បង់ទឹក​ដី​របស់​ ប៉ាលេស្ទីន (រូប​ភាព​៖ palestinecampaign)

លោក Biden ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា សហរដ្ឋអាមេរិក នឹង​ជួយ​បំពាក់អាវុធ​ឡើងវិញ ដល់​ប្រព័ន្ធ​ការពារ​ដែនអាកាស Iron Dome របស់​ប្រទេស​អ៊ីស្រាអែល ដែល​បាន​ស្ទាក់​ចាត់ និង​កម្ទេច​រ៉ុក្កែត​ស្ទើរតែ​ទាំងអស់ ដែល​បាញ់​ចេញពី ហ្គា​ហ្សា។

កិច្ចព្រមព្រៀង​ឈប់​បាញ់​មួយ បាន​មាន​សុពលភាព​នៅ​តំបន់ ហ្គា​ហ្សា ចាប់ពី​វេលា​ទៀបភ្លឺ នៃ​ថ្ងៃទី21 ខែឧសភា បានបញ្ចប់​ការប្រយុទ្ធ​គ្នា​អស់​រយៈពេល 11ថ្ងៃ​រវាង អ៊ីស្រាអែល និង ហា​ម៉ាស បន្ទាប់ពី​ប្រទេស​អេ​ហ្ស៊ី​ប ធ្វើជា​អាជ្ញាកណ្ដាល។

ផែន​ទីបច្ចុប្បន្ន​របស់​ ប៉ាលេស្ទីន (រូប​ភាព​៖ BBC)

យ៉ាងនេះ​ក្ដី លោក Biden នៅតែ​បន្ត​អះអាងថា៖ «សហរដ្ឋអាមេរិក គាំទ្រ​ទាំងស្រុង​ចំពោះ​សិទ្ធិ​ការពារ​ខ្លួន​របស់ អ៊ីស្រាអែល នៅ​ចំពោះមុខ​ការវាយប្រហារ​ដោយ​រ៉ុក្កែត​ផ្ដេសផ្ដាស ពី​សំណាក់​ក្រុម ហា​ម៉ាស និង​ក្រុម​ភរ​វ​កម្ម​ដទៃទៀត ដែល​បាន​ឆក់យក​ជីវិត​ពលរដ្ឋ​គ្មាន​កំហុស​នៅ អ៊ីស្រាអែល»។

ចាប់តាំងពី​ផ្ទុះ​ការវាយប្រហារ​គ្នារ វាង​កងជីវពល ហា​ម៉ាស និង​កងទ័ព អ៊ីស្រាអែល កាលពី​ថ្ងៃទី10 ខែឧសភា ក្រុមមន្ត្រី​សុខាភិបាល​នៅ​តំបន់ ហ្គា​ហ្សា បានឱ្យដឹងថា ពលរដ្ឋ ប៉ា​លេ​ស្ទី​ន 232នាក់ ក្នុងនោះ​មាន​ទាំង​កុមារ​ចំនួន 65នាក់ និង​ស្ត្រី​ចំនួន 39នាក់ បាន​បាត់​បង់ជីវិត និង​ជាង 1,900នាក់ បាន​រងរបួស នៅក្នុង​ការវាយប្រហារ​ដោយ​យន្តហោះ​ចម្បាំង​របស់ អ៊ីស្រាអែល។ ចំណែក​ភាគី អ៊ីស្រាអែល វិញ មាន​ពលរដ្ឋ​ប្រមាណ​តែ 10នាក់​ប៉ុណ្ណោះ បាន​ស្លាប់​ក្រោម​គ្រាប់​រ៉ុក្កែត របស់ ហា​ម៉ាស។

នៅពេល​កិច្ចព្រមព្រៀង​ឈប់​បាញ់ រវាង អ៊ីស្រាអែល និង​កងជីវពល​រប​ស់​ចលនា​ប៉ា​លេ​ស្ទី​ន ត្រូវបាន​បង្កើតឡើង នៅ​តំបន់ ហ្គា​ហ្សា គេ​ឃើញ​មាន​ប្រជាជន ប៉ា​លេ​ស្ទី​ន ជាច្រើន នាំគ្នា​ចេញមក​អបអរសាទរ៕

ប្រភព៖ Al Jazeera, NYPost
ប្រែ​សម្រួល៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *