Skip to content

អ៊ីស្រាអែល និង ហា​ម៉ាស សម្រេចបាន​កិច្ចព្រមព្រៀង​ឈប់​បាញ់! សហរដ្ឋ​អាមេរិក និង​អង់គ្លេស សំដែង​ការ​សាទរ

ប្រធានាធិបតី​សហរដ្ឋអាមេរិក និង​រដ្ឋមន្ត្រីការបរទេស​អង់​គ្លេ​ង បាន​សំដែង​ការអបអរសាទរ​ចំពោះ​កិច្ចព្រមព្រៀង​ឈប់​បាញ់​ដែល​សម្រេចបាន​រវាង អ៊ីស្រាអែល និង​កងជីវពល​ហា​ម៉ាស នៃ​ចលនា​ប៉ា​លេ​ស្ទី​ន។

ប្រធានាធិបតី Joe Biden កាលពី​ថ្ងៃទី20 ខែឧសភា ឆ្នាំ2021 បាន​អបអរសាទរ​ចំពោះ​កិច្ចព្រមព្រៀង​ឈប់​បាញ់​ដែល​សម្រេចបាន​រវាង អ៊ីស្រាអែល និង​កងជីវពល​ហា​ម៉ាស របស់​ប៉ា​លេ​ស្ទី​ន និង​បានឱ្យដឹងថា សហរដ្ឋអាមេរិក នឹង​គាំទ្រ​ដល់​តំបន់ ហ្គា​ហ្សា ដោយ​កញ្ចប់​ជំនួយ​មនុស្សធម៌។

ពី​សេត​វិមាន ប្រធានាធិបតី Joe Biden បាន​និយាយថា៖ «ខ្ញុំ​ជឿថា យើង​មានឱកាស​ពិតប្រាកដ ដើម្បី​ធ្វើឱ្យមាន​ការ​រីក​ចម្រើន ហើយ​ខ្ញុំ​សន្យាថា នឹង​ប្រឹងប្រែង​សម្រេច​ឱ្យបាន​កិច្ចការ​នោះ»។ លោក Biden ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​ជា​អាជ្ញាកណ្ដាល​របស់​ប្រទេស អេ​ហ្ស៊ី​ប នៅក្នុង​ការរៀបចំ​កិច្ចព្រមព្រៀង​ឈប់​បាញ់​នេះ។

ចំណែក​រដ្ឋមន្ត្រីការបរទេស​អង់​គ្លេ​ង លោក Dominic Raab ក៏​សំដែង​ការ​សាទរ​ចំពោះ​កិច្ចព្រមព្រៀង​ខាងលើ។ ទន្ទឹមនឹងនេះ លោក​ក៏បាន​អំពាវនាវ​ឱ្យ​គ្រប់ភាគី សហការគ្នា​ដើម្បី​រក្សា​បទ​ឈប់​បាញ់​ឱ្យបាន​យូរអង្វែង និង​បញ្ចប់​អំពើហិង្សា​នៅក្នុង​តំបន់។ លោក Dominic Raab បាន​សរសេរ​នៅលើ​ទំព័រ Twitter ថា៖ «គ្រប់ភាគី ត្រូវការ​កិច្ច​សហការគ្នា ដើម្បី​រក្សា​បទ​ឈប់​បាញ់​ឱ្យបាន​យូរអង្វែង និង​បញ្ចប់​បញ្ហា​វិលវល់​នៃ​អំពើហិង្សា​ដែល​មិនអាច​ទទួលយកបាន ក៏ដូចជា​ការបាត់បង់​ជីវិត​ប្រជាពលរដ្ឋ»។

ការប្រយុទ្ធគ្នា បណ្ដាលឱ្យភាគី អ៊ីស្រាអែល និង ប៉ាលេស្ទីន រងការខូចខាតយ៉ាងធ្ងន់ធ្ងន់

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី20 ខែឧសភា ឆ្នាំ2021 ប្រទេស អ៊ីស្រាអែល និង​ចលនា ហា​ម៉ាស របស់ ប៉ា​លេ​ស្ទី​ន បានប្រកាសថា សម្រេចបាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​មួយ​ដែលមាន​សុពលភាព​ចាប់ពី​វេលា​ម៉ោង 2 នៃ​ថ្ងៃទី21 ខែឧសភា ឆ្នាំ2021 (ម៉ោង​ក្នុង​ស្រុង​ក)។ កិច្ចព្រមព្រៀង​នេះ ត្រូវបាន​លើកឡើង​ក្នុង​គ្រា​ដែល​ទ័ពអាកាស​របស់ អ៊ីស្រាអែល បន្ត​វាយប្រហារ​ពេញ​មួយ​យប់ នៃ​ថ្ងៃទី20 ខែឧសភា។

ក្នុង​សប្ដាហ៍​កន្លងទៅ កងទ័ព​អ៊ីស្រាអែល បាន​វាយប្រហារ​តាមផ្លូវ​អាកាស តម្រង់​គោលដៅ​នានា​របស់ ហា​ម៉ាស នៅ​តំបន់ ហ្គា​ហ្សា ខណៈដែល​កងជីវពល ហា​ម៉ាស ក៏បាន​បាញ់​រ៉ុក្កែត ជាង 3,000គ្រាប់ សំដៅ​គោលដៅ​នានា​របស់ អ៊ីស្រាអែល ផងដែរ។

ទិន្នន័យ​របស់​ការិយាល័យ​សម្របសម្រួល​កិច្ចការ​មនុស្សធម៌​រប​ស់​អង្គការសហប្រជាជាតិ បានឱ្យដឹងថា ជនជាតិ​ប៉ា​លេ​ស្ទី​ន យ៉ាងតិច 219នាក់ ក្នុងនោះ​មាន​កុមារ 63នាក់​ផងដែរ បាន​បាត់​បង់ជីវិត នៅក្នុង​ការប្រយុទ្ធ​គ្នា រវាង អ៊ីស្រាអែល និង ហា​ម៉ាស។ ប្រភពព័ត៌មាន​ពី អ៊ីស្រាអែល ឱ្យដឹងថា ជនជាតិ​អ៊ីស្រាអែល 12នាក់ បាន​ស្លាប់ ក្នុងនោះ​មាន​កុមារ 2នាក់ និង​ទាហាន 1នាក់។ ក្រៅពីនេះ ជម្លោះ​រវាង​ភាគី​ទាំងពីរ​នេះ ក៏បាន​ធ្វើឱ្យ​មនុស្ស​រាប់ពាន់នាក់ រងរបួស​ផងដែរ ដែល​ភាគច្រើន កើតមាន​នៅក្នុង​តំបន់ ហ្គា​ហ្សា និង​តំបន់ វេស​ប៊ែ​ង (West Bank)៕

ប្រភព៖ Reuters, Aljazeera
ប្រែសម្រួល​៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *