Skip to content

“ប្លន់​យន្តហោះ​របស់​កងទ័ព​ប៉ូឡូញ លើ​ដែនអាកាស​អឺរ៉ុប”! ការប្រកាសអាសន្ន​នេះ ធ្វើឱ្យ​អ្នកតាមដាន​ព័ត៌មាន ច្របូកច្របល់!

សារព័ត៌មាន​អង់គ្លេស បាន​រាយការណ៍​ថា ថ្ងៃទី20 ខែឧសភា​នេះ មាន​ករណី​ប្លន់​យន្តហោះ​របស់​កងទ័ពអាកាស​នៃ​ប្រទេស​ប៉ូឡូញ ខណៈដែល​យន្តហោះ​នេះ​កំពុងស្ថិត​នៅក្នុង​ដែនអាកាស​អឺរ៉ុប។

យោងតាម​ទំព័រ Daily Express យន្តហោះ​មួយគ្រឿង​របស់​ទ័ពអាកាស​នៃ​ប្រទេស​ប៉ូឡូញ ត្រូវបាន​ចោរប្លន់ និង​កំពុង​ហោះ​ក្នុង​ដែនអាកាស​អឺរ៉ុប ឆ្ពោះទៅកាន់​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក។

សារព័ត៌មាន News24 របស់​បារាំង ឱ្យដឹងថា ក្រុមចោរប្លន់ បាន​គ្រប់គ្រង​យន្តហោះ​នេះ​ទាំងស្រុង និង​កំពុង​បញ្ជា​ឱ្យ​ហោះ​ទៅកាន់​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក។ ចំណែក​ប្រភពព័ត៌មាន​មួយចំនួន​ផ្សេងទៀត បញ្ជាក់ថា ករណី​ប្លន់​នេះ​គឺជា​ផ្នែក​មួយ​នៃ​សមយុទ្ធ​របស់​កងទ័ព។

កងទ័ព​ប៉ូឡូញ បានឱ្យដឹងថា សមយុទ្ធ​ដែលមាន​ឈ្មោះថា “tactical-special exercise renegade/Sarex-21” នេះ គឺ​ដើម្បី​ប្រឆាំងនឹង​ការ​គំរាម​ពី​អំពើ​ភេរវកម្ម​នៅលើ​អាកាស និង​សមុទ្រ។

កងទ័ព​ប៉ូឡូញ បាន​សរសេរ​នៅលើ​គេហទំព័រ​របស់ខ្លួន​ថា៖ «សមយុទ្ធ​នេះ មាន 4វគ្គ ក្នុងនោះ វគ្គ​ដំបូង​គឺ​ទាក់ទិន​នឹង «ករណី​ប្លន់​យន្តហោះ​ស៊ីវិល​មួយគ្រឿង ដើម្បី​ជា​មធ្យោបាយ​សម្រាប់​ការវាយប្រហារ​ភេរវកម្ម ដែល​អាច​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ»។ វគ្គ​ពីរ «ទាក់ទិន​នឹង​ករណី​បុក​គ្នា​រវាងកប៉ាល់​នៅលើ​សមុទ្រ ដែលមាន​ការឆាបឆេះ និង​លិច រួម​នឹង​បេសក​កម្ម​​ជួយ​សង្គ្រោះ»។ វគ្គ​បន្ទាន់​ចំនួន​ពីរ​ទៀត នោះ​គឺ «ទាក់ទិន​នឹង​ការស្វែងរក និង​សង្គ្រោះ បន្ទាប់ពី​ករណី​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ នៅ​តំបន់​ពិបាក​ស្វែងរក»។

ខាង​កងទ័ព​នៃ​ប្រទេស​ប៉ូឡូញ បាន​បញ្ជាក់ថា សមយុទ្ធ​ខាងលើនេះ កំពុង​ត្រូវបាន​ធ្វើឡើង​នៅលើ​ដែនអាកាស​របស់​ប្រទេស​ប៉ូឡូញ៕

ប្រភព​៖ Express
ប្រែសម្រួល​៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *