Skip to content

មន្ត្រី​នយោបាយ​របស់ ហា​ម៉ាស ព្យា​ករ​ថា ហ្គា​ហ្សា នឹង​ឈប់​បាញ់ ឆាប់ៗនេះ

មន្ត្រីជាន់ខ្ពស់​មួយរូប​របស់​កងជីវពល​អ៊ីស្លាម ហា​ម៉ាស នៃ​ចលនា​ប៉ា​លេ​ស្ទី​ន បាន​ព្យា​ករ​ថា ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​នឹងមាន​ការឈប់​បាញ់ ខណៈដែល​សង្គ្រាម​រវាង អ៊ីស្រាអែល និង ប៉ា​លេ​ស្ទី​ន នៅ​តំបន់ ហ្គា​ហ្សា ឈានដល់​ថ្ងៃទី11។

«ខ្ញុំ​យល់ថា ការខិតខំ​ដើម្បី​ឈានដល់​ការបង្កើត​បទ​ឈប់​បាញ់​នឹង​ទទួលបាន​ជោគជ័យ» Moussa Abu Marzouk អ្នកនយោបាយ​មួយ​របស់​ក្រុម ហា​ម៉ាស បាន​ប្រាប់​ទូរទស្សន៍ al-Mayadeen របស់ លី​បង់ នា​ថ្ងៃទី20 ខែឧសភា​នេះ។ «ខ្ញុំ​ស​ង្ឈឹ​ម​ថា នឹង​សម្រេចបាន​នូវ​បទបញ្ជា​ឈប់​បាញ់ នៅ​មួយ ឬ​ពីរ​ថ្ងៃ​ទៀត ដោយយោង​ទៅលើ​ការឯកភាព​របស់​ភាគី​ទាំង​សង​ខាង»។

ប្រធានាធិបតី​អាមេរិក លោក Joe Biden កាលពី​ថ្ងៃទី19 ឧសភា បាន​អំពាវនាវ​ឱ្យ​នាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benjamin Netanyahu រក​វិធី​ដើម្បី​បន្ថយ​ភាព​តានតឹង សំដៅ​ឈានដល់​ការឈប់​បាញ់។ ប្រភពព័ត៌មាន​សន្តិសុខ​ពី​ប្រទេស អេ​ហ្ស៊ី​ប បានឱ្យដឹងថា ភាគី​ទាំងពីរ ជា​មូលដ្ឋាន គឺ​បាន​យល់ស្រប​ថា នឹងមាន​ការឈប់​បាញ់ ដោយសារ​តែមាន​ជំនួយ​ពី​អន្តរការី ប៉ុន្តែ កំពុង​ចរចា​លម្អិត​នៅឡើយ។

ទូរទស្សន៍ Al Jazeera ដែលមាន​ទីស្នាក់ការ​នៅ​ប្រទេស​កាតា បាន​រាយការណ៍​ថា Tor Wennesland ប្រេសិត​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​លើ​បញ្ហា​សន្តិភាព​នៅ​មជ្ឈិមបូព៌ា កំពុង​ជួបពិភាក្សា​ជាមួយនឹង​មេដឹកនាំ Ismail Haniyeh របស់​ក្រុម ហា​ម៉ាស នៅ​ប្រទេស​កាតា។

ក៏ប៉ុន្តែ ក្ដីសង្ឃឹម​ដែលថា នឹង​ឈានដល់​កិច្ចព្រមព្រៀង​ឈប់​បាញ់ កំពុង​តែ​​ជួប​ឧបសគ្គ​ធំ​ នៅពេលដែល​ការប្រយុទ្ធ​គ្នា​រវាង អ៊ីស្រាអែល និង​ក្រុម ហា​ម៉ាស នៅតែ​បន្ត​កើតមាន។ អ៊ីស្រាអែល បាន​វាយប្រហារ​តាមផ្លូវ​អាកាស​ជាង 10លើក ទៅលើ​តំបន់ ហ្គា​ហ្សា កាលពី​រំលងអធ្រាត្រ ខណៈ ក្រុម​ ហា​ម៉ាស ឱ្យដឹងថា មាន​មនុស្ស 4នាក់ បាន​រងរបួស​ក្នុងការ​វាយប្រហារ​រប​ស់ អ៊ីស្រាអែល នៅ​ទីរួមស្រុក Khan Younis ភាគខាងត្បូង ហ្គា​ហ្សា។

វេលា​ទៀបភ្លឺ នៃ​ថ្ងៃទី20 ខែឧសភា សំឡេង​ស៊ី​រ៉ែ​ន​ប្រកាសអាសន្ន​ដែលជា​សញ្ញាណ​ប្រាប់ថា រ៉ុក្កែត កំពុង​ហោះចូល​ទឹកដី បាន​បន្លឺឡើង​ពាសពេញ​ទីរួមស្រុក Beersheba នៅ​ភាគខាងត្បូង​នៃ​ប្រទេស អ៊ីស្រាអែល និង​តំបន់​ជាប់​ព្រំដែន​ជាមួយ ហ្គា​ហ្សា។ ប៉ុន្តែ មិនទាន់មាន​របាយការណ៍​អំពី​ករណី​ស្លាប់ ឬ​របួស និង​ការខូចខាត​នៅឡើយ។

ចាប់ពី​មានការ​វាយ​ប្រយុទ្ធ​គ្នា​តាំងពី​ថ្ងៃទី10 ខែឧសភា ក្រុមមន្ត្រី​សុខាភិបាល ប៉ា​លេ​ស្ទី​ន ឱ្យដឹងថា មនុស្ស​យ៉ាងតិច 228​នាក់​​បាន​ស្លាប់ នៅក្នុង​ការវាយប្រហារ​ពី អ៊ីស្រាអែល។ ចំណែក អ៊ីស្រាអែល ក៏បាន​ឱ្យដឹងថា ពលរដ្ឋ​របស់ខ្លួន​ចំនួន 12នាក់​បាន​ស្លាប់ នៅក្នុង​ការវាយប្រហារ​ពី​រ៉ុក្កែត របស់​កងជីវពល ហា​ម៉ាស។

សូម​រំលឹកថា ក្រុម ហា​ម៉ាស បាន​បាញ់​រ៉ុក្កែត​ទៅលើ​ទឹកដី​អ៊ីស្រាអែល កាលពី​ថ្ងៃទី10 ខែឧសភា ដើម្បី​សង​នឹង​សកម្មភាព​ដែល​ពួកគេ​ហៅថា​ជា ទង្វើ​រំលោភសិទ្ធិ​មនុស្ស​របស់ អ៊ីស្រាអែល ទៅលើ​ជនជាតិ​ប៉ា​លេ​ស្ទី​ន ដែល​កំពុង​រស់នៅក្នុង​តំបន់ យេ​រូ​សា​ឡឹម នៅក្នុង​រដូវ​បុណ្យ Ramadan របស់​សាសនិក​អ៊ីស្លាម និង​ការព្រមាន​អំពី​ការបណ្ដេញចេញ​ជនជាតិ ប៉ា​លេ​ស្ទី​ន ពី​តំបន់ យេ​រូ​សា​ឡឹម​ខាងកើត។

ភាព​តានតឹង​រវាង​គូភាគី​នេះ ក៏បាន​រួមចំណែក​បង្កើត​ឱ្យមាន​អំពើហិង្សា​រវាង​ជនជាតិ​ជ្វី​ហ្វ និង​ជនជាតិ​អារ៉ាប់ នៅក្នុង​​ប្រទេស​អ៊ីស្រាអែល។ ការប្រយុទ្ធ​គ្នា​ក៏បាន​រាលដាល​ដល់​ព្រំដែន​អ៊ីស្រាអែល-លី​បង់ បណ្ដាលឱ្យមាន​អំពើហិង្សា​នៅ​តំបន់ West Bank ដែល​ត្រូវ​អ៊ីស្រាអែល​កាន់កាប់។

ភាគី​​អ៊ីស្រាអែល ឱ្យដឹងថា កាលពី​ថ្ងៃទី19 ខែឧសភា រ៉ុក្កែត​ចំនួន 4គ្រាប់ ត្រូវបាន​បាញ់​ចេញពី​ប្រទេស​លី​បង់ ចូល​ទឹកដី​របស់​​អ៊ីស្រាអែល ជា​លើក​ទី​បី រាប់​ចាប់ពី​មានការ​ប្រយុទ្ធ​គ្នា​នៅ ហ្គា​ហ្សា។ អ៊ីស្រាអែល ក៏បាន​ឆ្លើយតប​ដោយ​គ្រាប់កាំភ្លើង​ធំ៕

ប្រភព៖ Reuters
ប្រែ​សម្រួល៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *