នៅចំពោះមុខស្ថានភាពឆ្លងដែនខុសច្បាប់នេះ រដ្ឋាភិបាលនៃប្រទេសអេស្ប៉ាញ ត្រូវបញ្ជូនទាហាន និងប៉ូលិស ទៅកាន់តំបន់ Ceuta នៅឆ្នេរសមុទ្រភាគខាងជើងទ្វីបអាហ្វ្រិក ដើម្បីដោះស្រាយ និងទប់ស្កាត់បញ្ហា។
យោងតាមគេហទំព័រ news.sky.com កងទ័ពអេស្ប៉ាញ បាន និងកំពុងធ្វើសកម្មភាព ដើម្បីទប់ស្កាត់ការហូរចូលនៃជនចំណាកស្រុកបរទេស ខណៈដែលមនុស្សរាប់ពាន់នាក់ ក្នុងនោះមានទាំងក្មេងៗផងដែរ បានហែលឆ្លងសមុទ្រ ចូលទឹកដី Ceuta។ ទីក្រុងស្វយ័ត Ceuta នៃប្រទេសអេស្ប៉ាញ ដែលមានប្រជាជនជាង 80,000នាក់ ស្ថិតនៅតំបន់មជ្ឈិមបូព៌ា និងមានព្រំដែនគោកជាប់នឹងប្រទេសម៉ារ៉ុក។ Ceuta តែងតែជាទីតាំងដែលក្រុមអ្នកចំណាកស្រុកមកពីអាហ្វ្រិក ជ្រើសរើស ដើម្បីចូលទៅកាន់តំបន់អឺរ៉ុប ដោយសារតែការគ្រប់គ្រងព្រំដែននៅធូររលុង។
គិតចាប់ពីវេលាទៀបភ្លឺ នៃថ្ងៃទី17 ខែឧសភា រហូតដល់ព្រឹកថ្ងៃទី18 ខែឧសភា ជនចំណាកស្រុកប្រមាណ 6,000នាក់ ក្នុងនោះមានក្មេងៗចំនួន 1,500នាក់ បានហែលឆ្លងសមុទ្រ មកកាន់តំបន់ Ceuta នេះ។ ក្នុងចំណោមនោះ ក៏មានម្នាក់បានលង់ទឹកស្លាប់ នៅពេលហែលលើសមុទ្រ។
ពលរដ្ឋចំណាកស្រុក ម៉ារ៉ុក ទាំងនេះ សុទ្ធតែទទឹកជោក បន្ទាប់ពីហែល ឬប្រើប្រាស់ទូកកៅស៊ូ ឆ្លងកាត់សមុទ្រ ចូលទឹកដីរបស់ អេស្ប៉ាញ។ ក្នុងថ្ងៃទី18 ខែឧសភា ជនចំណាកស្រុក នៅតែមកកាន់តំបន់នេះ Ceuta ប៉ុន្តែមានចំនួនតិចជាងថ្ងៃទី17 ដោយសារ អេស្ប៉ាញ បានបន្ថែមកម្លាំងយោធា និងប៉ូលិស ដើម្បីគ្រប់គ្រងស្ថានការណ៍។
កងកម្លាំងប្រដាប់អាវុធ ត្រូវបានដាក់ពង្រាយនៅឆ្នេរសមុទ្រ និងបានចាប់ខ្លួនមនុស្សមួយចំនួនដែលព្យាយាមឆ្លងដែនដោយខុសច្បាប់។ មនុស្សពេញវ័យ ត្រូវបាននាំទៅកាន់ទីលានបាល់ទាត់មួយកន្លែង រួចបញ្ជូនទៅកាន់ប្រទេស ម៉ារ៉ុក។ ចំណែកកូនក្មេងវិញ ត្រូវបានបញ្ជូនទៅកាន់អគារមួយនៅក្នុងតំបន់។
គិតមកដល់ថ្ងៃត្រង់នៃថ្ងៃទី18 ខែឧសភា ពលរដ្ឋចំណាកស្រុកប្រមាណ 2,700នាក់ ត្រូវបានបញ្ជូនត្រលប់ទៅកាន់ប្រទេស ម៉ារ៉ុក។
នាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez បានឱ្យដឹងថា ជនណាដែលចូលតំបន់ Ceuta ដោយខុសច្បាប់ នឹងត្រូវបណ្ដេញត្រលប់ទៅវិញ។ លោកនិយាយថា ការកើនឡើងយ៉ាងឆាប់រហ័សនៃចំនួនជនចំណាកស្រុក គឺជា វិបត្តិធ្ងន់ធ្ងរសម្រាប់ អេស្ប៉ាញ ក៏ដូចជាតំបន់អឺរ៉ុបទាំងមូល៕
ប្រភព៖ Reuters
ប្រែសម្រួល៖ បុត្រា