Skip to content

ហ្គា​ហ្សា នឹង​គ្មាន​អគ្គិសនី​ប្រើប្រាស់ ចាប់ពី​ចុង​សប្ដាហ៍​នេះ បន្ទាប់ពី​បំពង់​បង្ហូរ​ប្រេង ត្រូវ អ៊ីស្រាអែល កម្ទេច!

កងទ័ព អ៊ីស្រាអែល បាន​បើក​ការវាយប្រហារ​យ៉ាង​សន្ធាប់ ទៅលើ​តំបន់ ហ្គា​ហ្សា និង​បាន​កម្ទេច​បណ្ដាញ​ផ្លូវ​រូង​ក្រោម​ដី រួម​នឹង​ផ្ទះ​របស់​ក្រុម​មេបញ្ជាការ​នៃ​កងជីវពល ហា​ម៉ាស បណ្ដាលឱ្យ​តំបន់​នេះ ប្រឈម​នឹង​បញ្ហា​គ្មាន​អគ្គិសនី​ប្រើប្រាស់។

កងទ័ព អ៊ីស្រាអែល កាលពី​ម្សិលមិញ (17 ខែឧសភា) បានប្រកាសថា ខ្លួន​បាន​បាញ់​កម្ទេច​ផ្លូវ​ក្រោម​ដី​ប្រវែង 15គីឡូម៉ែត្រ របស់​កងជីវពលរ​បស់ ប៉ា​លេ​ស្ទី​ន រួមទាំង​ផ្ទះ​ផ្ទាល់ខ្លួន​របស់​មេបញ្ជាកា​រ​ជាន់ខ្ពស់​ចំនួន 9នាក់ នៃ​ចលនា ហា​ម៉ាស។ អគារ​កម្ពស់ 3ជាន់​មួយកន្លែង​ក្នុង​ទីក្រុង ហ្គា​ហ្សា ត្រូវ​រង​ការខូចខាត​ធ្ងន់ធ្ងរ ប៉ុន្តែ មិនមាន​ករណី​ស្លាប់​នោះទេ ដោយសារ​កងទ័ព អ៊ីស្រាអែល បានផ្ដល់​ដំណឹង 10នាទី មុន​ការវាយប្រហារ​របស់ខ្លួន ដែល​នេះ​បាន​ជួយ​ឱ្យ​ប្រជាជន​ចាកចេញ​ទាន់ពេល។

អ៊ីស្រាអែល ថ្មីៗនេះ បានចាប់ផ្ដើម​តម្រង់​គោលដៅ​លើផ្ទះ​ផ្ទាល់ខ្លួន​របស់​ក្រុម​មេដឹកនាំ​ជាន់ខ្ពស់​នៃ​កងជីវពល ហា​ម៉ាស ក្នុងនោះ​ក៏មាន​ទាំង​មេបញ្ជាការ​នៅ​តំបន់ ហ្គា​ហ្សា Yehiyel Sinwar ផងដែរ។ ប៉ុន្តែ ក្រុម​មេដឹកនាំ​ទាំងនេះ ទំនងជា​បាន​ចាក​ចេញពីផ្ទះ​របស់​ពួកគេ​រួចហើយ នៅមុន​ការវាយប្រហារ​ដោយ​យន្តហោះ​ចម្បាំង​របស់ អ៊ីស្រាអែល។

អភិបាលក្រុង ហ្គា​ហ្សា Yahya Sarraj បានឱ្យដឹងថា ផ្លូវថ្នល់់ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​តំបន់ ត្រូវ​រង​ការខូចខាត​ធ្ងន់ធ្ងរ។ «ស្ថានភាព​នឹង​អាក្រក់​ជាង​នេះ បើសិនជា​ការប្រយុទ្ធ​គ្នា​នៅតែ​បន្ត​កើតឡើង»។

អង្គការសហប្រជាជាតិ បាន​ព្រមាន​ថា រោងចក្រ​អគ្គិសនី​តែមួយគត់​នៅ​តំបន់ ហ្គា​ហ្សា កំពុង​ប្រឈម​នឹង​ហានិភ័យ​អស់​ឥ​ទ្ធ​នៈ​ដើម្បី​ដំណើរការ។ តំបន់​នេះ បាន​ស្គាល់​បញ្ហា​ដាច់​ភ្លើង​ទ្រង់ទ្រាយ​ធំ និង​អូសបន្លាយ​ចាប់ពី 8-12ម៉ោង ជា​រៀងរាល់ថ្ងៃ ខណៈដែល​ប្រភពទឹក មិនអាច​ឱ្យគេ​ផឹក​បាន។ តំណាង​ក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី​ប្រចាំ​តំបន់ ហ្គា​ហ្សា និយាយថា ពួកគេ​អាច​ដំណើរការបាន​ប្រហែល​ពី 2-3ថ្ងៃ​ទៀត​ប៉ុណ្ណោះ ព្រោះតែ​ការវាយប្រហារ​តាមផ្លូវ​អាកាស បាន​បំផ្លាញ​បំពង់​បង្ហូរ​ប្រេង ហើយ​ក្រុមបច្ចេកទេស ក៏​មិនអាច​ទៅកាន់​ទីតាំង​នោះ ដោយសារ​ការវាយប្រហា​រ​ពី​កងទ័ព អ៊ីស្រាអែល។

នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu ព្រមាន​ថា ការវាយប្រហារ​នៅ​តំបន់ ហ្គា​ហ្សា នឹងត្រូវ «ប្រើពេល​យូរ» ព្រោះ​ប្រទេស​នេះ ចង់​ធ្វើឱ្យ​កងជីវពល ហា​ម៉ាស ចុះខ្សោយ។ ចំណែក មេបញ្ជាការ​ក្រុម ហា​ម៉ាស Ismail Haniyeh ក៏បាន​ប្រកាសថា សហរដ្ឋអាមេរិក រុស្ស៊ី អេ​ហ្ស៊ី​ប និង​កាតា បាន​ទាក់ទង​មកកាន់​ចលនា​នេះ ដើម្បី​ស្នើ​ឱ្យមាន​ការឈប់​បាញ់ ប៉ុន្តែ បញ្ជាការ​រូបនេះ អះអាងថា នឹង «មិន​ទទួលយក​ដំណោះស្រាយ​ដែល​បោះបង់​ចោលការ​ពលី​ជីវិត​របស់​ប្រជាជន ប៉ា​លេ​ស្ទី​ន ជា​ដាច់​ខាង»។

មូលហេតុ​ដែលនាំឱ្យ​ផ្ទុះ​ការប្រយុទ្ធ​គ្នា​រវាង អ៊ីស្រាអែល និង ប៉ា​លេ​ស្ទី​ន នេះ បណ្ដាលមកពី​ភាព​តានតឹង​ក្នុង​រដូវ​បុណ្យ Ramadan របស់​សាសនិក​អ៊ីស្លាម បន្ទាប់ពី អ៊ីស្រាអែល កាត់បន្ថយ​ការប្រមូល​ផ្ដុំគ្នា​នៅ​តំបន់​ក្រុង​ចាស់ យេ​រូ​សា​ឡឹម និង​គំរាម​បណ្ដេញ​គ្រួសារ​ជនជាតិ ប៉ា​លេ​ស្ទី​ន មួយចំនួន ចេញពី​តំបន់ យេ​រូ​សា​ឡឹម​ខាងកើត ដើម្បី​ទុក​កន្លែង​សម្រាប់​ជនជាតិ​ជ្វី​ហ្វ។

ភាគី​ខាង អ៊ីស្រាអែល ឱ្យដឹងថា ក្រុម ហា​ម៉ាស បាន​បាញ់​រ៉ុក្កែត ជាង 3,100គ្រាប់ ចូល​ទឹកដី​ប្រទេស​នេះ ក្នុង​សប្ដាហ៍​កន្លង ដែល​នេះ​គឺជា​ចំនួន​ដ៏​ច្រើន​មិន​ធ្លាប់មាន​ពីមុនមក៕

ប្រភព៖ AP
ប្រែសម្រួល​៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *