កងទ័ព អ៊ីស្រាអែល បានសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់កងជីវពលនៃចលនាប៉ាលេស្ទីន ក្នុងការវាយប្រហារតាមផ្លូវអាកាសកាលពីម្សិលមិញ (17 ឧសភា) ខណៈដែលក្រុមសកម្មប្រយុទ្ធអ៊ីស្លាម បន្តបាញ់រ៉ុក្កែតចូលទឹកដី អ៊ីស្រាអែល។
ការសម្លាប់ Hussam Abu Harbeed ដែលមេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ីស្លាម Jihad នៅភាគខាងជើងតំបន់ ហ្គាហ្សា ទំនងជាបង្កឱ្យមានប្រតិកម្មខ្លាំងក្លាពីសំណាក់ក្រុមប្រដាប់អាវុធដែលកំពុងប្រកៀកស្មារជាមួយនឹង ហាម៉ាស ជាចលនាអ៊ីស្លាមមួយកំពុងគ្រប់គ្រងតំបន់ឆ្នេរសមុទ្រ។
កងទ័ព អ៊ីស្រាអែល ឱ្យដឹងថា Hussam Abu Harbeed «ជាអ្នកនៅពីក្រោយការវាយប្រហារភេរវកម្មដោយរ៉ុក្កែត សំដៅលើពលរដ្ឋស៊ីវិលរបស់ អ៊ីស្រាអែល» ហើយថា ប្រទេសនេះ អាចបន្តសង្គ្រាម «ជារៀងរហូត»។
ក្រុមសកម្មប្រយុទ្ធនៅតំបន់ ហ្គាហ្សា វិញ ក៏មិនបានបង្ហាញសញ្ញាណណាមួយបញ្ជាក់ថា ការប្រយុទ្ធជិតនឹងបញ្ចប់នោះដែរ។ បន្ទាប់ពីការស្លាប់របស់ Hussam Abu Harbeed ក្រុម Jihad ក៏បានបាញ់រ៉ុក្កែត ទៅលើទីក្រុង Ashdod របស់ប្រទេស អ៊ីស្រាអែល បណ្ដាលឱ្យមនុស្ស 7នាក់ រងរបួស។
ជនជាតិ ប៉ាលេស្ទីន យ៉ាងតិច 7នាក់ បានស្លាប់ ដោយសារការវាយប្រហារដោយយន្តហោះចម្បាំងរបស់ អ៊ីស្រាអែល ទៅលើ ហ្គាហ្សា កាលពីយប់ម្សិលមិញ ក្នុងនោះក៏មាន 2នាក់ បានស្លាប់នៅក្នុងករណីវាយប្រហារដោយរ៉ុក្កែត សំដៅអគារការិយាល័យកម្ពស់ 7ជាន់ នៅទីក្រុង ហ្គាហ្សា។ នេះបើតាមបុគ្គលិកសុខាភិបាល។
ការប្រយុទ្ធគ្នារវាង អ៊ីស្រាអែល និង ប៉ាលេស្ទីន នេះ បណ្ដាលមកពីភាពតានតឹងក្នុងរដូវបុណ្យ Ramadan របស់សាសនិកអ៊ីស្លាម បន្ទាប់ពី អ៊ីស្រាអែល កាត់បន្ថយការប្រមូលផ្ដុំគ្នានៅតំបន់ក្រុងចាស់ យេរូសាឡឹម និងគំរាមបណ្ដេញគ្រួសារជនជាតិ ប៉ាលេស្ទីន មួយចំនួន ចេញពីតំបន់ យេរូសាឡឹមខាងកើត ដើម្បីទុកកន្លែងសម្រាប់ជនជាតិជ្វីហ្វ។
អ៊ីស្រាអែល ឱ្យដឹងថា ក្រុម ហាម៉ាស បានបាញ់រ៉ុក្កែត ជាង 3,100គ្រាប់ ចូលទឹកដីប្រទេសនេះ ក្នុងសប្ដាហ៍កន្លង ដែលនេះគឺជាចំនួនដ៏ច្រើនមិនធ្លាប់មានពីមុនមក៕
ប្រភព៖ Reuters
ប្រែសម្រួល៖ បុត្រា