Skip to content

អ៊ីស្រាអែល «ទាត់​ចោល​» គំនិត​ស្ដីពី​បទ​ឈប់​បាញ់​ជាមួយ​នឹង​ ហាម៉ាស

សហគមន៍​អន្តរ​ជាតិ មានការ​លំបាក​ខ្លាំង​ក្នុងការ​ស្វែង​រក​ដំណោះ​ស្រាយ​ដើម្បី​​សន្តិភាព​សម្រាប់​ អ៊ីស្រាអែល និង​ប៉ាលេស្ទីន​ ខណៈ​ដែល​រដ្ឋាភិបាល​របស់នាយក​រដ្ឋមន្ត្រី​ អ៊ីស្រាអែល Benjamin Netanyahu ដាក់​ផែន​ការ​កម្ទេច​កម្លាំង​រ៉ុក្កែត​ និង​កាំជ្រួច​ហ្វោង​ របស់​ចលនា​ប្រដាប់​អាវុធ​ ហាម៉ាស​ នៅ​តំបន់​ ហ្គាហ្សា​។

នាយករដ្ឋ​មន្ត្រី​ អ៊ីស្រាអែល Netanyahu កាលពី​ថ្ងៃទី​16 ខែឧសភា បាន​ «ទាត់​ចោល» នូវ​ក្ដី​សង្ឃឹម​ក្នុងការ​អនុវត្ត​បទ​ឈប់​បាញ់​ថ្មី​ រវាង​ អ៊ីស្រាអែល និង​កង​ជីវពល​ ហាម៉ាស​។ លោក​ Netanyahu អះអាង​ថា កងទ័ព​អ៊ីស្រាអែល កំពុង​ប្រឹង​ប្រែង​ដើម្បី​កម្ទេច​ក្រុម​ ហាម៉ាស​ ក៏ដូច​ជា​កម្លាំង​កាំជ្រួច​ហ្វោង​ និង​រ៉ុក្កែត​ របស់​ចលនា​នេះ​។ យុទ្ធ​នាការ​យោធា​នឹង​ត្រូវ​បញ្ឈប់​ លុះ​ណា​តែ​គោល​ដៅ​ខាងលើ​ ទទួល​បាន​ជោគ​ជ័យ​។ លោក Netanyahu និយាយ​ថា​៖ «មាន​សម្ពាធ​ ប៉ុន្តែ​ អ៊ីស្រាអែល​ ក៏​មាន​ការ​គាំទ្រ​សំខាន់​ ពិសេស​គឺ​ពី​ភាគី​សហរដ្ឋ​អាមេរិក​»។

ព្រឹក​ថ្ងៃទី​17 ខែ​ឧសភា​នេះ ទ័ព​អាកាស​របស់​ អ៊ីស្រាអែល​ បាន​បន្ត​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​តំបន់​ ហ្គាហ្សា​ និង​កម្ទេច​គោល​ដៅ​ ដែល​ អ៊ីស្រាអែល​ ជឿ​ថា ជា​ទីតាំង​លាក់​ខ្លួន​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​ ហាម៉ាស​។ មក​ដល់​បច្ចុប្បន្ន​ ការ​វាយ​ប្រហារ​គ្នា​រវាង​ភាគីទាំង​ពីរ បាន​បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​សរុប​ជាង​ 200​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ប៉ាលេស្ទីន​ 192​នាក់ និង​ជន​ជាតិ​អ៊ីស្រាអែល ចំនួន​ 10​នាក់​។

នៅក្នុង​កិច្ចប្រជុំ​តាម​អន​ឡាញ​បើកចំហ​លើកដំបូង​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (UNSC/​United Nations Security Council) រដ្ឋមន្ត្រីការបរទេស​ចិន លោក Wang Yi បានឱ្យដឹងថា ជំលោះ​រវាង អ៊ីស្រាអែល និង ប៉ា​លេ​ស្ទី​ន បាន​បង្ក​ការស្លាប់​យ៉ាងច្រើន ក្នុងនោះ​មាន​ទាំង​កុមារ និង​ស្ត្រី​ផងដែរ។ ស្ថានភាព​នេះ​ពិតជា​ធ្ងន់ធ្ងរ​ខ្លាំងណាស់ និង​ចាំបាច់​ត្រូវតែមាន​បទ​ឈប់​បាញ់ និង​ផ្អាក​រាល់​សកម្មភាព​ហិ​ស្សា។

ការ​ប្រកាស​របស់​ អ៊ីស្រាអែល​ នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សហគមន៍​អន្តរ​ជាតិ​ រិះគន់​លើ​ការ​វាយ​ប្រហារ​គ្នា​នេះ​ និង​ស្នើ​ឱ្យ​មាន​ដំណោះ​ស្រាយ​សន្តិភាព​។ នៅពោះមុខ​ស្ថានការណ៍​តានតឹង​នាបច្ចុប្បន្ន ប្រទេស​ចិន បានលើកឡើង​នូវ​សំណើ​ចំណាត់ការ​ចំនួន 4ចំនុច រួមមាន បទ​ឈប់​បាញ់ និង​ផ្អាក​រាល់​អំពើហិង្សា, ជំនួយ​មនុស្សធម៌​ជា​រឿង​ចាំបាច់, ជំនួយ​ជា​អន្តរជាតិ​ជា​កាតព្វកិច្ច, និង «ដំណោះស្រាយ រដ្ឋ​ពីរ» គឺជា​ដំណោះស្រាយ​ឫសគល់៕

ប្រភព៖ WSJ, Xinhua
ប្រែសម្រួល​៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *