Skip to content

ចិន លើកសំណើ 4ចំណុច ដើម្បី​ដោះស្រាយ​​ជម្លោះ​ ​រវាង អ៊ីស្រាអែល និង ​ប៉ា​លេ​ស្ទី​ន

រដ្ឋមន្ត្រីការបរទេស​ចិន លោក Wang Yi កាលពី​ថ្ងៃទី16 ខែឧសភា បានឱ្យដឹងថា ទីក្រុង​ប៉េកាំង បានលើកឡើង​នូវ​សំណើ​ចំនួន 4ចំណុច ទាក់ទិន​នឹង​ការកើនឡើង​នៃ​ភាព​តានតឹង​រវាង​ប្រទេស​អ៊ីស្រាអែល និង​ជនជាតិ​ប៉ា​លេ​ស្ទី​ន។

នៅក្នុង​កិច្ចប្រជុំ​តាម​អន​ឡាញ​បើកចំហ​លើកដំបូង​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (UNSC/United Nations Security Council) រដ្ឋមន្ត្រីការបរទេស​ចិន លោក Wang Yi បានឱ្យដឹងថា ជំលោះ​រវាង អ៊ីស្រាអែល និង ប៉ា​លេ​ស្ទី​ន បាន​បង្ក​ការស្លាប់​យ៉ាងច្រើន ក្នុងនោះ​មាន​ទាំង​កុមារ និង​ស្ត្រី​ផងដែរ។ ស្ថានភាព​នេះ​ពិតជា​ធ្ងន់ធ្ងរ​ខ្លាំងណាស់ និង​ចាំបាច់​ត្រូវតែមាន​បទ​ឈប់​បាញ់ និង​ផ្អាក​រាល់​សកម្មភាព​ហិ​ស្សា។

លោក Wang Yi បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ ប្រញាប់​ទប់ស្កាត់​ស្ថានការណ៍ កុំឱ្យ​អាក្រា​ក់ជាង​នេះ ដើម្បី​ជួយ​ឱ្យ​តំបន់​នេះ ចៀសវាង​បាន​នូវ​ការធ្លាក់​ទៅក្នុង​ភាពវឹកវរ​ជាថ្មី និង​ការពារ​អាយុជីវិត​រប​ស់​ប្រជាជន។

នៅ​ចំពោះមុខ​ស្ថានការណ៍​តានតឹង​នាបច្ចុប្បន្ន ប្រទេស​ចិន បានលើកឡើង​នូវ​សំណើ​ចំណាត់ការ​ចំនួន 4ចំនុច រួមមាន បទ​ឈប់​បាញ់ និង​ផ្អាក​រាល់​អំពើហិង្សា, ជំនួយ​មនុស្សធម៌​ជា​រឿង​ចាំបាច់, ជំនួយ​ជា​អន្តរជាតិ​ជា​កាតព្វកិច្ច, និង «ដំណោះស្រាយ រដ្ឋ​ពីរ» គឺជា​ដំណោះស្រាយ​ឫសគល់។

លោក​ Wang Yi រដ្ឋមន្ត្រី​ការ​បរទេស​ចិន​

យោងតាម​លោក Wang Yi ប៉ា​លេ​ស្ទី​ន តែងតែ​ជា​ចំណុច​ស្នូល​នៅក្នុង​បញ្ហា​មជ្ឈិមបូព៌ា។ លុះត្រា​បញ្ហា​ប៉ា​លេ​ស្ទី​ន ត្រូវបាន​ដោះស្រាយ​ទាំងស្រុង ដោយ​យុត្តិធម៌ និង​យូរអង្វែង ទើប​តំបន់​មជ្ឈិមបូព៌ា អាច​ទទួលបាន​សន្តិភាព និង​សន្តិសុខ​យូរអង្វែង។

នៅក្នុង​កិច្ចប្រជុំ​ខាងលើ​នេះដែរ តំណាង​បណ្ដា​ប្រទេស​ដែល​បាន​ចូលរួម ក៏បាន​អំពាវនាវ​ឱ្យ​ឈប់​បាញ់​ជាបន្ទាន់ និង​ផ្អាក​សកម្មភាព​ហិង្សា រវាង អ៊ីស្រាអែល និង​ប៉ា​លេ​ស្ទី​ន, បន្ថយ​ភាព​តានតឹង​នៃ​ស្ថានការណ៍ ខណៈ​គោរព​ធ្វើតាម​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ ក៏ដូចជា​ច្បាប់​អន្តរជាតិ។

សូមបញ្ជាក់ថា បច្ចុប្បន្ន ប្រទេស​ចិន កំពុងកាន់​កាប់​តំណែង​ជា​ប្រធាន​ប្ដូរ​វេន​របស់​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ សម្រាប់​ខែឧសភា​នេះ៕

ប្រភព​៖ Xinhua
ប្រែសម្រួល​៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *