និពន្ធនាយិការបស់ទីភ្នាក់ងារសារព័ត៌មាន AP ចង់បើកការស៊ើបអង្កេតលើករណីវាយប្រហារលើអគារ Jala ជាទីតាំងការិយាល័យរបស់សារព័ត៌មានអន្តរជាតិមួយចំនួន នៅតំបន់ ហ្គាហ្សា។
«យើងបានដឹងថា អ៊ីស្រាអែល ប្រកាសបង្ហាញភ័ស្ដុតាង។ យើងមិនដឹងថា ជាភ័ស្ដុតាងអ្វីនោះទេ។ ខ្ញុំគិតថា នេះជាពេលស្របស្រប ដើម្បីបើកការស៊ើបអង្កេតឯករាជ្យមួយ ទៅលើអ្វីដែលបានកើតឡើង» Sally Buzbee និពន្ធនាយិការបស់ទីភ្នាក់ងារសារព័ត៌មាន AP (Associated Press) បានប្រាប់ទូរទស្សន៍កាលពីថ្ងៃទី16 ខែឧសភា។
អ្នកស្រី Sally Buzbee ឱ្យដឹងថា បុគ្គលិករបស់ខ្លួន មិនបានរងរបួស ហើយកំពុងប្រើប្រាស់ការិយាល័យរួមជាមួយនឹងគូប្រជែង AFP នៅតំបន់ ហ្គាហ្សា ប៉ុន្តែ ការវាយប្រហារ បានកម្ទេចទីតាំងសំខាន់សម្រាប់ប្រមូលព័ត៌មាននៅតំបន់នេះ។
«យើបមិនជ្រើសរើសបក្ខពួក ទាក់ទិននឹងការប្រយុទ្ធគ្នានេះ។ យើងជឿថា ត្រូវតែការពារសិទ្ធិដើម្បីឱ្យពិភពលោកបានដឹងនូវអ្វីៗដែលបានកើតឡើងក្នុងការប្រយុទ្ធគ្នានេះ» អ្នកស្រី Sally Buzbee និយាយបន្ថែម។
មតិរបស់ Sally Buzbee ត្រូវបានលើកឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបកស្រ័យអំពីមូលហេតុដែលកងទ័ពប្រទេសនេះ ធ្វើការវាយប្រហារកម្ទេចអគារ Jala នៅតំបន់ ហ្គាហ្សា ជាទីដែលមានការិយាល័យរបស់សារព័ត៌មានអន្តរជាតិ AP និង Al Jazeera កាលពីថ្ងៃទី15 ខែឧសភា។
លោក Benjamin Netanyahu ថ្លែងថា «ការិយាល័យស៊ើបការណ៍សម្ងាត់របស់ក្រុមភេរវកម្មប៉ាលេស្ទីន ដែលមានទីតាំងនៅក្នុងអគារនោះ បានរៀបចំគម្រោង និងធ្វើការវាយប្រហារភេរវកម្ម សំដៅលើពលរដ្ឋស៊ីវិលអ៊ីស្រាអែល។ ដូច្នេះ វាគឺជាគោលដៅស្របច្បាប់ទាំងស្រុង។ ខ្ញុំធានាថា យើងបានអនុវត្តវិធានការគ្រប់យ៉ាងដើម្បីមិនបង្ករបួស និងស្លាប់ដល់ជនស៊ីវិល។ ជាក់ស្ដែង ពុំមានអ្នកណាម្នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសនេះទេ»
អគារ Jala ដែលមានកម្ពស់ 12ជាន់ នៅតំបន់ ហ្គាហ្សា បានដួលរលំទាំងស្រុង បន្ទាប់ពីត្រូវគ្រាប់រ៉ុក្កែត និងគ្រាប់បែករបស់អ៊ីស្រាអែល។ មន្ត្រីយោធាម្នាក់របស់អ៊ីស្រាអែល បានហៅទូរស័ព្ទទៅកាន់ម្ចាស់អគារ ដោយប្រកាសអំពីការវាយប្រហារដែលនឹងកើតឡើង ហើយបានទុកពេលមួយម៉ោងសម្រាប់គ្រប់គ្នានៅខាងក្នុងអគារ រៀបចំដើម្បីចាកចេញ។ មួយម៉ោងក្រោយមក អគារនេះក៏ត្រូវយន្តហោះចម្បាំងរបស់អ៊ីស្រាអែល បាញ់កម្ទេច។
ប្រធានទីភ្នាក់ងារសារព័ត៌មាន AP លោក Gary Pruitt និយាយថា៖ «យើងពិតជារន្ធត់ខ្លាំងណាស់ និងមានការភ័យខ្លាច នៅពេលមានការវាយប្រហារនេះ។ យើងគេចផុតពីការស្លាប់តែប៉ុន្មានជំហានប៉ុណ្ណោះ»។
អ្នកនាំពាក្យរបស់សេតវិមាន បានឱ្យដឹងថា បានទាក់ទងទៅកាន់មន្ត្រីអ៊ីស្រាអែល ដើម្បីស្នើឱ្យទីក្រុង តែល អាវីវ ទទួលខុសត្រូវក្នុងការការពារសុវត្ថិភាពរបស់ក្រុមអ្នកសារព័ត៌មាន។ រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken ក៏បានហៅទូរស័ព្ទទៅកាន់ប្រធាន AP ដើម្បីសំដែងការគាំទ្រ។
ការប្រយុទ្ធគ្នារវាង អ៊ីស្រាអែល និងកងជីវពល ហាម៉ាស របស់ប៉ាលេស្ទីន នៅតំបន់ ហ្គាហ្សា នៅតែបន្តកើតមាន និងកាន់តែតានតឹងឡើង។ កងទ័ពអ៊ីស្រាអែល ឱ្យដឹងថា ហាម៉ាស បានបាញ់រ៉ុក្កែតជាង 3,000គ្រាប់ ចូលទឹកដីអ៊ីស្រាអែល ក្នុងមួយសប្ដាហ៍កន្លង បណ្ដាលឱ្យជនជាតិអ៊ីស្រាអែល យ៉ាងតិច 10នាក់ បានស្លាប់។
ចំណែកកងទ័ពអ៊ីស្រាអែល ក៏បានវាយបកសងសឹក ទៅលើតំបន់ ហ្គាហ្សា បណ្ដាលឱ្យជនជាតិប៉ាលេស្ទីនប្រមាណ 181នាក់ បាត់បង់ជីវិត ក្នុងនោះមានកុមារ 52នាក់៕
ប្រភព៖ Reuters
ប្រែសម្រួល៖ បុត្រា