Skip to content

អ៊ីស្រាអែល ថា ខ្លួន «មាន​មូលហេតុ​គ្រប់គ្រាន់» ដើម្បី​​​កម្ទេច​អគារ​សារព័ត៌មាន​អន្តរជាតិ នៅ​ហ្គា​ហ្សា

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល យល់ថា អគារ​ដែលមាន​ទីភ្នាក់ងា​រ​សារព័ត៌មាន​អន្តរជាតិ​គឺជា «គោលដៅ​ស្របច្បាប់» ព្រោះថា វា​មាន «ការិយាល័យ​ស៊ើបការណ៍​សម្ងាត់​របស់​ក្រុម​ភេរវកម្ម​ប៉ា​លេ​ស្ទី​ន»។

«ការិយាល័យ​ស៊ើបការណ៍​សម្ងាត់​របស់​ក្រុម​ភេរវកម្ម​ប៉ា​លេ​ស្ទី​ន ដែលមាន​ទីតាំង​នៅក្នុង​អគារ​នោះ បានរៀបចំ​គម្រោង និង​ធ្វើការ​វាយប្រហារ​ភេរវកម្ម សំដៅលើ​ពលរដ្ឋ​ស៊ីវិល​អ៊ីស្រាអែល» នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu បានប្រកាស​នា​ថ្ងៃទី16 ខែឧសភា ទាក់ទង​នឹង​ការវាយប្រហារ​កម្ទេច​អគារ Jala នៅ​តំបន់ ហ្គា​ហ្សា ជាទី​ដែលមាន​ការិយាល័យ​រប​ស់​ទីភ្នាក់ងារសារព័ត៌មាន AP របស់​អាមេរិក និង Al Jazeera របស់​ប្រទេស​កាតា កាលពី​ថ្ងៃទី15 ខែឧសភា។

«ដូច្នេះ វា​គឺជា​គោលដៅ​ស្របច្បាប់​ទាំងស្រុង។ ខ្ញុំ​ធានាថា យើង​បាន​អនុវត្ត​វិធានការ​គ្រប់យ៉ាង​ដើម្បី​មិន​បង្ក​របួស និង​ស្លាប់​ដល់​ជន​ស៊ីវិល។ ជាក់ស្ដែង ពុំមាន​អ្នកណាម្នាក់​បាន​ស្លាប់​នៅក្នុង​ការវាយប្រហារ​តាម​អាកាស​នេះ​ទេ» លោក Netanyahu និយាយ​បន្ថែម។

សូមបញ្ជាក់ថា អគារ Jala ដែលមាន​កម្ពស់ 12ជាន់ នៅ​តំបន់ ហ្គា​ហ្សា បាន​ដួលរលំ​ទាំងស្រុង បន្ទាប់ពី​ត្រូវ​គ្រាប់​រ៉ុក្កែត និង​គ្រាប់បែក​របស់​អ៊ីស្រាអែល។ មន្ត្រី​យោធា​ម្នាក់​របស់​អ៊ីស្រាអែល បាន​ហៅ​ទូរស័ព្ទ​ទៅកាន់​ម្ចាស់​អគារ ដោយ​ប្រកាស​អំពី​ការវាយប្រហារ​ដែល​នឹង​កើតឡើង ហើយ​បាន​ទុកពេល​មួយ​ម៉ោង​សម្រាប់​គ្រប់គ្នា​នៅ​ខាងក្នុង​អគារ រៀបចំ​ដើម្បី​ចាកចេញ។ មួយ​ម៉ោង​ក្រោយមក អគារ​នេះ​ក៏ត្រូវ​យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល បាញ់​កម្ទេច។

ការប្រយុទ្ធ​គ្នា​រវាង អ៊ីស្រាអែល និង​កងជីវពល ហា​ម៉ាស នៅ​តំបន់ ហ្គា​ហ្សា នៅតែ​បន្ត​កើតមាន និង​កាន់តែ​តានតឹង​ជាង​មុន។ កងទ័ព​អ៊ីស្រាអែល ឱ្យដឹងថា ហា​ម៉ាស បាន​បាញ់​រ៉ុក្កែត​ជាង 3,000គ្រាប់ ចូល​ទឹកដី​អ៊ីស្រាអែល ក្នុង​មួយ​សប្ដាហ៍​កន្លង បណ្ដាលឱ្យ​ជនជាតិ​អ៊ីស្រាអែល យ៉ាងតិច 10នាក់ បាន​ស្លាប់។

កងទ័ព​អ៊ីស្រាអែល ក៏បាន​វាយបក​សងសឹក ទៅលើ​តំបន់ ហ្គា​ហ្សា បណ្ដាលឱ្យ​ជនជាតិ​ប៉ា​លេ​ស្ទី​ន​ប្រមាណ 181​នាក់​ បាត់​បង់​​ជីវិត​ ក្នុងនោះ​មាន​កុមារ 52នាក់។

ភាព​តានតឹង​បាន​កើនឡើង បន្ទាប់ពី អ៊ីស្រាអែល កាត់បន្ថយ​ការចូល​ទៅកាន់​តំបន់​ទីក្រុង​បុរាណ យេ​រូ​សា​ឡឹម ក្នុង​រដូវ​បុណ្យ Ramadan និង​គំរាម​បណ្ដេញ​ជនជាតិ​ប៉ា​លេ​ស្ទី​ន​ចំនួន 4គ្រួសារ ដែល​កំពុង​រស់នៅ​ភាគខាងត្បូង​នៃ​តំបន់ យេ​រូ​សា​ឡឹម ដើម្បី​ទុក​កន្លែង​ឱ្យ​ជនជាតិ​ជ្វី​ហ្វ។

បញ្ហា​ខាងលើ បាន​នាំឱ្យ​ប្រជាជន​ប៉ា​លេ​ស្ទី​ន ធ្វើបាតុកម្ម​ប្រឆាំង​តវ៉ា ហើយក៏​មានការ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​អ៊ីស្រាអែល អស់​ជាច្រើន​ថ្ងៃ នៅ​ខាងក្រៅ​វិហារ Al-Aqsa នៅ​តំបន់ យេ​រូ​សា​ឡឹម​ខាងត្បូង ដែលជា​កន្លែង​ពិសិដ្ឋ​របស់​សាសនិក​អ៊ីស្លាម បណ្ដាលឱ្យ​មនុស្ស​រាប់រយ​នាក់​ត្រូវ​រងរបួស។ តុលាការ អ៊ីស្រាអែល បាន​ផ្អាក​ការជំនុំជម្រះ​លើ​ការបណ្ដេញចេញ​ខាងលើ ប៉ុន្តែ នៅតែ​មិនអាច​កាត់បន្ថយ​ភាព​តានតឹង​បាន៕

ប្រភព៖ AFP
ប្រែ​សម្រួល៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *