Skip to content

(វីដេអូ)-ការប្រយុទ្ធ​គ្នា​រវាងប្រទេស​​ អ៊ីស្រាអែល​ និង ក្រុម​ ហា​ម៉ាស នា​ថ្ងៃនេះ មាន​ភាពខ្លាំង​ក្លា​បំផុត

ការវាយប្រហារ​ដោយ​យន្តហោះ​ចម្បាំង​របស់ អ៊ីស្រាអែល ទៅលើ​តំបន់ ហ្គា​ហ្សា នា​ថ្ងៃនេះ បានសម្លាប់​ជនជាតិ​ប៉ា​លេ​ស្ទី​ន ចំនួន 26នាក់​បន្ថែមទៀត ធ្វើឱ្យ​ចំនួន​អ្នកស្លាប់​នៅ​តំបន់ឆ្នេរ​សមុទ្រ​នេះ កើនឡើង​ដល់ 174នាក់។

ក្រសួងសុខាភិបាល​នៃ​តំបន់ ហ្គា​ហ្សា បានឱ្យដឹងថា ការវាយប្រហារ​តាមផ្លូវ​អាកាស​នៅវេលា​ទៀបភ្លឺ ពី​សំណាក់ អ៊ីស្រាអែល ទៅលើផ្ទះ​មួយចំនួន​នៅតាម​បណ្ដោយ​ផ្លូវ​សំខាន់​ទៅកាន់​មន្ទីរពេទ្យ Shiffa បាន​បណ្ដាលឱ្យមាន​អ្នកស្លាប់​រហូតដល់ 26នាក់ ក្នុងនោះ​មាន​កុមារ​ចំនួន 8នាក់ និង​ស្ត្រី​ចំនួន 10នាក់ ខណៈដែល​តួលេខ​ប៉ាន់ស្មាន ត្រូវបាន​គេ​ជឿថា នឹង​កើន​ឡើងជា​បន្តបន្ទាប់។

ក្រៅពី​អ្នកស្លាប់​ខាងលើ ការវាយប្រហារ​របស់ អ៊ីស្រាអែល ក៏បាន​ធ្វើឱ្យមាន​អ្នករបួស​ជាង 50នាក់​បន្ថែមទៀត​ផងដែ​រ។ ក្រុម​អ្នក​ជួយសង្គ្រោះ កំពុង​រត់ប្រណាំង​នឹង​ពេលវេលា ដើម្បី​សង្គ្រោះ​ជនរងគ្រោះ​ចេញពី​គំនរ​បាក់បែក។ នេះ​គឺជា​ថ្ងៃ​ដែល​កងជីវពល ហា​ម៉ាស រង​ការវាយប្រហារ​ធ្ងន់ធ្ងរ​បំផុត ចាប់តាំងពី ប៉ា​លេ​ស្ទី​ន និង អ៊ីស្រាអែល ផ្ដើម​ការប្រយុទ្ធ​គ្នា​កាលពីដើម​សប្ដាហ៍​នេះ។

ចំណែក​ភាគី​ខាង អ៊ីស្រាអែល វិញ បានឱ្យដឹងថា ពលរដ្ឋ​របស់ខ្លួន​ចំនួន 10នាក់ បាន​បាត់​បង់ជីវិត ក្នុងនោះ​មាន​កុមារ​ម្នាក់​ផងដែរ បន្ទាប់ពី​គ្រាប់​រ៉ុក្កែត ជាច្រើន​រយ​គ្រាប់ ត្រូវបាន​បាញ់​ចេញពី​តំបន់ ហ្គា​ហ្សា។

មូលហេតុ​នៃ​ការប៉ះទង្គិច​នេះ កើតឡើង បន្ទាប់ពី អ៊ីស្រាអែល កាត់បន្ថយ​ការចូល​ទៅកាន់​តំបន់​ទីក្រុង​បុរាណ យេ​រូ​សា​ឡឹម ក្នុង​រដូវ​បុណ្យ Ramadan និង​គំរាម​បណ្ដេញ​ជនជាតិ​ប៉ា​លេ​ស្ទី​ន​ចំនួន 4គ្រួសារ ដែល​កំពុង​រស់នៅ​ភាគខាងត្បូង​នៃ​តំបន់ យេ​រូ​សា​ឡឹម ដើម្បី​ទុក​កន្លែង​ឱ្យ​ជនជាតិ​ជ្វី​ហ្វ។

បញ្ហា​ខាងលើ បាន​នាំឱ្យ​ប្រជាជន​ប៉ា​លេ​ស្ទី​ន ធ្វើបាតុកម្ម​ប្រឆាំង​តវ៉ា ហើយក៏​មានការ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​អ៊ីស្រាអែល អស់​ជាច្រើន​ថ្ងៃ នៅ​ខាងក្រៅ​វិហារ Al-Aqsa នៅ​តំបន់ យេ​រូ​សា​ឡឹម​ខាងត្បូង ដែលជា​កន្លែង​ពិសិដ្ឋ​របស់​សាសនិក​អ៊ីស្លាម បណ្ដាលឱ្យ​មនុស្ស​រាប់រយ​នាក់​ត្រូវ​រងរបួស។ តុលាការ អ៊ីស្រាអែល បាន​ផ្អាក​ការជំនុំជម្រះ​លើ​ការបណ្ដេញចេញ​ខាងលើ ប៉ុន្តែ នៅតែ​មិនអាច​កាត់បន្ថយ​ភាព​តានតឹង​បាន។

ការប្រយុទ្ធ​គ្នា​នេះ បាន​នាំឱ្យ​អង្គការសហប្រជាជាតិ និង​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក សំដែង​ការព្រួយបារម្ភ និង​អំពាវនាវ​ឱ្យមាន​ការបន្ធូរបន្ថយ​ភាព​តានតឹង និង​ងាក​មករក​តុ​ចរចា។

ក្រុម​រដ្ឋមន្ត្រីការបរទេស​របស់​សហភាព​អឺរ៉ុប (EU) គ្រោង​នឹង​បើក​កិច្ចប្រជុំ​តាម​វីដេអូ​បន្ទាន់​មួយ នៅ​ថ្ងៃទី18 ខែឧសភា​ខាងមុខ ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​តានតឹង​រវាង អ៊ីស្រាអែល និង​ប៉ា​លេ​ស្ទី​ន៕

ប្រភព​៖ AFP, Washington Post, AP
ប្រែសម្រួល​៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *