Skip to content

(វីដេអូ) – អ៊ីស្រាអែល បាញ់​រ៉ុក្កែត ចំ​អគារ​ការិយាល័យ​របស់ AP និង​ទីភ្នាក់ងារសារព័ត៌មាន​អន្តរជាតិ​ជាច្រើន​ទៀត នៅ​តំបន់ ហ្គា​ហ្សា

ការវាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល ក្នុង​ថ្ងៃទី15 ខែឧសភា នេះ បាន​បណ្ដាលឱ្យ​អគារ​មួយកន្លែង ដែលជា​ទីតាំង​ការិយាល័យ​របស់​ទីភ្នាក់ងារសារព័ត៌មាន​អន្តរជាតិ​ជាច្រើន នៅ​តំបន់ ហ្គា​ហ្សា ក្នុងនោះ​មាន​ទាំង AP (Associated Press)​ និង Al Jazeera ផងដែរ។

សារព័ត៌មាន Al Jazeera ដកស្រង់​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា រ៉ុក្កែត​យ៉ាងតិច​ចំនួន 3គ្រាប់ បាន​បាញ់​ចំ​អគារ al Jalaa ដែលមាន​កម្ពស់ 11ជាន់ ប៉ុន្តែ បច្ចុប្បន្ន មិនទាន់​ដឹង​ច្បាស់​អំពី​ការបាត់​បង់ជីវិត​មនុស្ស​នៅឡើយ។ រូបភាព​ពី​កន្លែងកើតហេតុ បង្ហាញថា អគារ​បាន​ដួលរលំ រចនាសម្ព័ន្ធ​សំណង់​ត្រូវកម្ទេច​ទាំងស្រុង និង​មាន​ផ្សែង ធូលី រួម​នឹង​បំណែក​នានា ខ្ទាត​ឡើងទៅ​លើ បន្ទាប់ពី​ត្រូវ​រង​ការវាយប្រហារ​តាម​អាកាស ពី​សំណាក់​កងទ័ព​អ៊ីស្រាអែល។

ប្រហែល​មួយ​ម៉ោង​មុន​ការវាយប្រហារ អ៊ីស្រាអែល បាន​ព្រមាន​ដល់​អ្នក​ដែល​រស់នៅក្នុង​អគារ​ខាងលើ ឱ្យ​ចាកចេញ​ទៅរក​កន្លែង​សុវត្ថិភាព ដោយ​ថា នឹងមាន​ការវាយប្រហា​រ​តាមផ្លូវ​អាកាស។ អគារ​នេះ​គឺជា​ទីតាំង​ចម្រុះ ដោយមាន​កន្លែង​ស្នាក់នៅ និង​ការិយាល័យ នៅ​លាយឡំ​គ្នា។

ព្រឹក​ព្រលឹម​ថ្ងៃទី15 ខែឧសភា កងទ័ព​អ៊ីស្រាអែល ក៏បាន​បាញ់​ចំ​អគារ​មួយ​ដែលមាន​កម្ពស់ 3ជាន់ នៅ​តំបន់​ដែលមាន​ជំរំ​របស់​ជនភៀសខ្លួន Shati នៅ​ទីក្រុង ហ្គា​ហ្សា បណ្ដាលឱ្យ​មនុស្ស​ចំនួន 10នាក់​នៃ​គ្រួសារ​មួយ បាន​បាត់​បង់ជីវិត ក្នុងនោះ​មាន​កុមារ​ចំនួន 8នាក់។

ក្រោយ​ការប្រយុទ្ធ​គ្នា​អស់​រយៈពេល 5ថ្ងៃ រវាង​កងទ័ព​អ៊ីស្រាអែល និង​កងជីវពល​ហា​ម៉ាស របស់​ប៉ា​លេ​ស្ទី​ន ដែល​កំពុង​កាន់កាប់​តំបន់ ហ្គា​ហ្សា គេ​ឃើញ​មាន​មនុស្ស​យ៉ាងតិច 140នាក់​នៅ​តំបន់ ហ្គា​ហ្សា បាន​ស្លាប់ ក្នុងនោះ​មាន​កុមារ​ចំនួន 39នាក់ និង​ស្ត្រី​ចំនួន 22នាក់។ ចំណែក​ភាគី​អ៊ីស្រាអែល​វិញ ក៏មាន​មនុស្ស​ចំនួន 7នាក់ បាន​បាត់​បង់ជីវិត​ផងដែរ៕

ប្រភព៖ Al Jazeera, Reuters
ប្រែ​សម្រួល៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *