សហរដ្ឋអាមេរិក៖ អ្នកដំណើរ និងអ្នកបើកបរយន្តហោះទាំងពីរគ្រឿង ដែលជួបគ្រោះថ្នាក់នេះ បានរួចពីការស្លាប់ប្រកបដោយភាពអស្ចារ្យ នឹកស្មានមិនដល់ នៅពេលយន្តហោះបានប៉ះទង្គិចគ្នាលើអាកាស នៃទីក្រុង Denver បណ្ដាលឱ្យយន្តហោះមួយគ្រឿង ស្ទើរដាច់ជាពីរកំណាត់។
សារព័ត៌មាន AP ដកស្រង់ប្រភពព័ត៌មានពីគណៈកម្មការសុវត្ថិភាពចរាចរណ៍ និងដឹកជញ្ជូនអាមេរិក (NTSB) និងក្រុមពន្លត់អគ្គិភ័យ South Metro ឱ្យដឹងថា ករណីខាងលើនេះ បានកើតឡើងនៅពេលយន្តហោះកំពុងហោះហើរទៅកាន់ព្រមានយន្តហោះ Centennial ជាយក្រុង Denver រដ្ឋ Colorado សហរដ្ឋអាមេរិក។ ប្រការដ៏អស្ចារ្យ នោះគឺថា ពុំមានអ្នកណាម្នាក់រងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់នេះនោះទេ។
អ្នកបើកបរ ដែលជាមនុស្សតែម្នាក់គត់នៅលើយន្តហោះដឹកទំនិញ របស់ក្រុមហ៊ុន Key Lime បានបញ្ជាឱ្យយន្តហោះចុះចតដោយសុវត្ថិភាព នៅឯព្រលានយន្តហោះ Centennial ក្នុងស្ថានភាពយន្តហោះត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយដំបូលយន្តហោះត្រូវដាច់ជាពីរ ចេញពីតួយន្តហោះ។
«ទំនងជា ម៉ាស៊ីនខាងស្ដាំបានខូច ទើបខ្ញុំចុះចតនៅទីនេះ» សំឡេងរបស់អ្នកបើកបរ ដែលត្រូវបានថតដោយម៉ាស៊ីនរបស់អង្គភាពគ្រប់គ្រងដែនអាកាស។
ចំណែកយន្តហោះមួយគ្រឿងផ្សេងទៀត ដែលដឹកអ្នកដំណើរម្នាក់ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Cirrus Aircraft និងត្រូវាបានជួលដោយក្រុមហ៊ុនអាកាសចរណ៍ Independence Aviation ត្រូវខូចម៉ាស៊ីន មិនអាចដំណើរការបន្តទៀតបាន។ នៅពេលជួបគ្រោះថ្នាក់ អ្នកបើកបរបានចុចប៊ូតុងដំណើរការប្រព័ន្ធឆត្រសង្គ្រោះបន្ទាន់ដែលបំពាក់នៅលើតួយន្តហោះ ដើម្បីបន្ថយល្បឿន និងធ្វើការចុះចតលើឧទ្យានសាធារណៈ Cherry Creek។
បច្ចុប្បន្ន គណៈកម្មការជាតិសុវត្ថិភាព និងដឹកជញ្ជូន កំពុងស្រាវជ្រាវលើករណីគ្រោះថ្នាក់យន្តហោះបុកគ្នានេះ។ នេះបើតាមសេចក្ដីប្រកាសរបស់ស្ថាប័នគ្រប់គ្រងចរាចរណ៍។
«ដោយសារការដោះស្រាយបញ្ហាប្រកបដោយភាពលឿនរហ័ស អ្នកដំណើរ និងអ្នកបើកបរ សុទ្ធតែបានរួចផុតពីការស្លាប់ និងមិនមានបញ្ហារងរបួសធ្ងន់ធ្ងរកើតឡើង។ ករណីគ្រោះថ្នាក់យន្តហោះដែលមិនមានអ្នកស្លាប់គឺជាប្រការដ៏គួរឱ្យភ្ញាក់ផ្អើល។ យើងកំពុងស្វែងយល់ថា តើធ្វើយ៉ាងណា និងមូលហេតុអ្វី បាននាំឱ្យយន្តហោះទាំងនេះប៉ះទង្គិចគ្នាយ៉ាងដូច្នេះ» លោក John Bartmann អធិការរងប៉ូលិសស្រុក Arapahoe បាននិយាយដូច្នេះ។
យន្តហោះ Cirrus ដឹកអ្នកដំណើរពីព្រលានយន្តហោះ Centennial ក្នុងរដ្ឋ Colorado កាលពីព្រឹកថ្ងៃទី12 ខែឧសភា ឆ្ពោះទៅភាគខាងជើង ក្បែរ Fort Collins និងកំពុងធ្វើដំណើរត្រលប់មកកាន់ព្រលានយន្តហោះ Centennial ក៏ស្រាប់តែបុកនឹងយន្តហោះមួយគ្រឿងទៀត។
រីឯយន្តហោះដឹកទំនិញមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Key Lime ដែលចេញដំណើរពីទីក្រុង Salia មានចម្ងាយទីទីក្រុង Denver ប្រហែល 161គម ទៅទិសខាងត្បូង និងមានគម្រោងចុះចតនៅឯព្រលានយន្តហោះ Centennial។
June Cvelbar ដែលជាអ្នកស្រុកម្នាក់ បានឱ្យដឹងថា នាងបានឃើញយន្តហោះទាំងពីរគ្រឿងខាងលើ ប៉ះគ្នានៅលើអាកាស នៅពេលនាងកំពុងដើរលេងក្នុងឧទ្យានរបស់រដ្ឋ។
ឯកសាររបស់នាយកដ្ឋានអាកាសចរណ៍សហរដ្ឋអាមេរិក បង្ហាញថា យន្តហោះរបស់ក្រុមហ៊ុន Key Lime ធ្លាប់បានជួបគ្រោះថ្នាក់ស្លាប់មនុស្ស ចំនួន3ករណីមកហើយ ក្នុងនោះរួមមាន 1ករណី ធ្លាក់នៅក្នុងឆ្នាំ2016, 1ករណីធ្លាក់ក្នុងឆ្នាំ2001 និង 1ករណីទៀត ធ្លាក់នៅក្នុងឆ្នាំ2000៕
ប្រភព៖ AP
ប្រែសម្រួល៖ បុត្រា